បេះដូងជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែនិងយកចិត្តទុកដាក់ជាពិសេសដើម្បីរក្សាបាននូវសុខភាពល្អធ្វើឲ្យអ្នកមានអាយុវែង ឬរស់បានយូរ។ ក្រៅពីធ្វើលំហាត់ប្រាណជាប្រចាំ របបអាហារដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពបេះដូងរឹងមាំអប្រសើរ។ ហើយភាគច្រើននៃពួកយើងសុទ្ធតែបានដឹងអំពីអាហារដែលល្អសម្រាប់បេះដូង ប៉ុន្តែថាតើអ្វីខ្លះទៅដែលគួរចៀសវាងទទួលទានដើម្បីចៀសផុតពីហានិភ័យនៃបញ្ហាបេះដូងផ្សេងៗ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារ រួមទាំងភេសជ្ជៈដែលអ្នកគួរចៀសឱ្យផុតប្រសិនបើមិនចង់ជួបប្រទះបញ្ហាបេះដូង ៖
១. អាហារនិងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់
ក្រៅពីបង្កការរលាកក្នុងរាងកាយហើយនោះ ស្ករ ឬជាតិផ្អែមសិប្បនិម្មិតផ្សេងៗក៏បង្កើនហានិភ័យនៃជំងឺសសៃឈាមបេះដូងគួរឱ្យកត់សម្គាល់ផងដែរដោយវាបង្កើនសម្ពាធឈាមនិងបញ្ជូនខ្លាញ់មិនល្អទៅក្នុងលំហូរឈាម។
២. សាច់កែច្នៃ
ក្រៅពីមានផ្ទុកសារធាតុ nitrates ដែលបង្កបញ្ហានៃជំងឺមហារីកហើយនោះសាច់កែច្នៃជាប្រភពនៃជាតិខ្លាញ់មិនល្អនិងជាតិប្រៃខ្ពស់ដែលមិនល្អចំពោះសុខភាពបេះដូង។
៣. គ្រឿងស្រវឹង
នោះក៏ព្រោះតែការទទួលទានគ្រឿងស្រវឹងច្រើនជះឥទ្ធិពលដល់សម្ពាធឈាមដែលបង្កបញ្ហានៃជំងឺបេះដូង។
៤. បាយស
បាយសមានផ្ទុកជាតិសសៃតិច ប៉ុន្តែជាតិកាបូអ៊ីដ្រាតដែលរាងកាយបំលែងទៅជាជាតិស្ករខ្ពស់ដែលរាងកាយរក្សាទុកជាខ្លាញ់។ ហើយរបបអាហារមានជាតិខ្លាញ់ខ្ពស់បង្កើនហានិភ័យនៃបញ្ហាបេះដូង។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរកាត់បន្ថយបាយស ហើយព្យាយាមទទួលទានបាយអង្ករសម្រូបជំនួសវិញក៏ព្រោះវាមានផ្ទុកជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។
៥. អាហារចៀន ឬបំពង
អាហារបំពង ឬចៀនអាចមានរសជាតិឆ្ងាញ់ ប៉ុន្តែរាងកាយរបស់អ្នកមិនត្រូវការវាច្រើនពេកឡើយ។ នោះក៏ព្រោះតែអាហារប្រភេទនេះមានផ្ទុកជាតិខ្លាញ់ប្រភេទ trans fats ដែលមិនល្អចំពោះសុខភាពបង្កើនហានិភ័យនៃជំងឺជាច្រើន រួមទាំងជំងឺបេះដូង៕