ការទទួលទានអាហារផ្ដេសផ្ដាសនៅពេលមានជំងឺរលាកក្រពះអាចបណ្ដាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួលរងការឈឺចាប់ខ្លាំងពិបាកទ្រាំក្នុងពោះជាក់ជាមិនខាន! ជំងឺរលាកក្រពះ គឺជាការរលាកដែលកើតឡើងលើស្រទាប់នៃក្រពះ។ កត្តាច្រើនណាស់ដែលបណ្ដាលឱ្យកើតមានបញ្ហារលាកក្រពះ រួមទាំងការស្ត្រេស ជម្រើសនៃអាហារ គ្រឿងស្រវឹង និងសូម្បីតែការទទួលទានថ្នាំមួយចំនួន។ ទោះជាយ៉ាងណាជំងឺរលាកក្រពះអាចឆាប់ជាសះស្បើយដោយចាប់ផ្ដើមចេញពីការផ្លាស់ប្ដូររបបអាហារនិងទម្លាប់ខ្លះៗ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហារលាកក្រពះបានឆាប់រហ័ស ៖

១. បំបែកអាហារឱ្យតូចៗ

ដើម្បីសម្រួលដល់ក្រពះក្នុងការកិនរំលាយអាហារផ្សេងៗនោះ ចូរហាន់អាហាររបស់អ្នកទៅជាចំណិត ឬបំបែកតូចៗ រួចទំពារយឺតៗឱ្យម៉ដ្ឋល្អមុននឹងលេបចូល។ វិធីនេះជួយឱ្យក្រពះរំលាយអាហារបានកាន់តែប្រសើរជាងមុនដោយគ្មានការរលាក។

២. អាហារសម្បូរប្រូតេអ៊ីន

អ្នកត្រូវទទួលទានអាហារប្រូតេអ៊ីនដើម្បីជួយព្យាបាលការរលាកក្នុងក្រពះដែលបង្កការឈឺចាប់។ សាច់គោនិងសាច់ជ្រូកគ្មានខ្លាញ់ សាច់មាន់គ្មានស្បែកជាប្រភពដ៏ប្រសើរបំផុតនៃប្រូតេអ៊ីន។ ដើម្បីឆាប់ជាសះស្បើយការកម្រិត ឬកំណត់ការទទួលទានជាតិខ្លាញ់ គឺចាំបាច់ណាស់។

៣. ទទួលទានអាហារសម្បូរទៅដោយជាតិសសៃខ្ពស់

របបអាហារដ៏ប្រសើរបំផុតសម្រាប់អ្នកជំងឺរលាកក្រពះ គឺមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ជាតិសសៃជួយឱ្យឆាប់ឆ្អែត ដូច្នេះអ្នកនឹងទទួលទានតិច។ លើសពីនេះទៅទៀត ជាតិសសៃក៏អាចជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយដែលកាត់បន្ថយការរលាកក្នុងក្រពះផងដែរ។ ប្រភពដ៏ល្អនៃជាតិសសៃ គឺបន្លែផ្លែឈើស្រស់ រួមទាំងគ្រាប់ធញ្ញជាតិ។

៤. អាហារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់

ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយឱ្យអ្នកឆាប់ជាសះស្បើយពីបញ្ហារលាកក្រពះ តាមរយៈការកាត់បន្ថយហានិភ័យទាក់ទងនឹងបញ្ហារំលាយអាហារ។

៥. អាហារមានជាតិខ្លាញ់ទាប

អាហារមានជាតិខ្លាញ់ទាបជួយកាត់បន្ថយការរលាកស្រទាប់ក្រពះបានយ៉ាងប្រសើរ។ ដូច្នេះដើម្បីធូរស្រាលពីអាការៈនៃជំងឺ ចូរបន្ថែមជ្រើសរើសទទួលទានអាហារដែលមានជាតិខ្លាញ់ទាប។

៦. ផ្លែឈើមានផ្ទុកជាតិអាស៊ីតទាប

ពិតណាស់ដែលផ្លែឈើល្អសម្រាប់អ្នកជំងឺដំបៅរលាកក្រពះ ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយវីតាមីន ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានផ្លែឈើដែលមានផ្ទុកជាតិអាស៊ីតខ្ពស់ឡើយក៏ព្រោះវាអាចបណ្ដាលឱ្យស្ថានភាពនៃការរលាកកាន់តែអាក្រក់ឡើង។ ហើយផ្លែឈើដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃមានដូចជាផ្លែគីវី ចេក ទំពាំងបាយជូរ ប៉ោម សេរ៊ី បឺរី ផ្លែបឺរ ល្ហុង និងត្រសក់ស្រូវ។

៧. យ៉ាអួរ

ប្រសិនបើអ្នកចង់ប្រយុទ្ធប្រឆាំងនឹងការរលាកដែលកើតឡើងក្នុងក្រពះ ចូរបន្ថែមយ៉ាអួរក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ យ៉ាអួរមានផ្ទុកជាតិប្រូបាយអូទិកដែលជួយបង្កើនការផលិតបាក់តេរីល្អៗក្នុងក្រពះនិងពោះវៀន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង