ជាញឹកញយគ្រឿងស្រវឹងតែងមានទទួលក្នុងកំឡុងពេលជប់លៀងនិងកម្មវិធីពិសេសផ្សេងៗ។ ដូច្នេះទោះបីជាអ្នកព្យាយាមគេចប៉ុណ្ណា ក៏ពេលខ្លះត្រូវបង្ខំចិត្តទទួលទានបន្តិចដែរដើម្បីស្របតាមកាលៈទេសៈ។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាមានគន្លឹះសុខភាពល្អក្នុងការទទួលទានគ្រឿងស្រវឹង? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបក្នុងការទទួលទានគ្រឿងស្រវឹងដើម្បីកាត់បន្ថយផលប៉ះពាល់ ៖
១. ទទួលទានអាហារផ្សេងៗមុននឹងផឹកគ្រឿងស្រវឹង
ការញ៊ាំអាហារផ្សេងៗ ឬអាហារសម្រន់ខ្លះមុននឹងទទួលទានគ្រឿងស្រវឹង គឺជាវិធីដ៏ប្រសើរបំផុតមួយដើម្បីកាត់បន្ថយផលអវិជ្ជមានលើសុខភាពរាងកាយ។ ជាតិអាល់កុលជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាម ហើយបង្កើនអាំងស៊ុយលីនដែលនាំអោយជាតិស្ករធ្លាក់ចុះ។ ការទទួលទានអាហារមុនពេលផឹកគ្រឿងស្រវឹងក៏ជួយការពារក្រពះពីផលប៉ះពាល់នៃជាតិអាល់កុលផងដែរ។
២. សម្រាកមុនពេល និងក្រោយពេល
ការទទួលទានគ្រឿងស្រវឹងខណៈពេលដែលអ្នកស្ត្រេសមិនត្រឹមតែបង្កអាការៈឈឺក្បាលធីងធោងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើអោយអ្នកក្លាយទៅជាញៀន ឬទទួលទានកាន់តែច្រើន។ ដូច្នេះកុំព្យាយាមទទួលទានគ្រឿងស្រវឹងទាំងកំពុងមានអារម្មណ៍តានតឹង។ ហើយគួរសម្រាកដើម្បីសម្រាលអារម្មណ៍អោយស្ងប់ខ្លះជាមុនសិនទើបប្រសើរ។
៣. កុំភ្លេចទទួលទានទឹកនៅមុនពេល កំឡុងពេល និងក្រោយពេលផឹកគ្រឿងស្រវឹង
ដើម្បីរក្សាបាននូវសុខភាពល្អក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗពីគ្រឿងស្រវឹង អ្នកគួរទទួលទានវាក្នុងកម្រិតមធ្យម។ ទោះជាយ៉ាងណា ការទទួលទានទឹក ១ កែវធំមុនពេលជួយទប់ស្កាត់មិនអោយអ្នកទទួលទានគ្រឿងស្រវឹងច្រើនលើស ហើយចំពោះកំឡុងពេលវិញ គឺវាជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ខណៈដែលការទទួលទានទឹកក្រោយផឹកគ្រឿងស្រវឹងអាចជួយទប់ស្កាត់អាការៈស្រវឹងឈឺក្បាលធីងធោង។
៤. ចៀសវាងទទួលទានលាយគ្នា
គ្រឿងស្រវឹងប្រភេទផ្សេងៗសុទ្ធតែអាចបង្កផលប៉ះពាល់ចំពោះសុខភាពរាងកាយ។ ដូច្នេះដើម្បីកាត់បន្ថយឥទ្ធិពលខ្លាំងក្លាលើសុខភាព អ្នកមិនគួរទទួលទានច្រើនលាយគ្នាឡើយ។ ចំពោះប្រភេទមិនមែនជាស្រាក្រហម អ្នកគួរបន្ថែមទឹកកកចូល ដូច្នេះអ្នកនឹងអាចទទួលទានក្នុងកម្រិតមធ្យម។ ហើយការទទួលទានទឹកចន្លោះពេលទទួលទានគ្រឿងស្រវឹងក៏អាចជួយអោយអ្នកអាចដឹងថាតើផឹកអស់ប៉ុន្មាន ស្រវឹងកម្រិតណា និងពេលអ្នកណាត្រូវឈប់។
៥. ចៀសវាងទទួលទានលាយជាមួយភេសជ្ជៈផ្អែម ឬមានជាតិស្ករ
ភេសជ្ជៈកំប៉ុងនិងភេសជ្ជៈប៉ូវកម្លាំងសុទ្ធតែជាភេសជ្ជៈផ្អែមដែលមានផ្ទុកជាតិស្ករខ្ពស់ ហើយច្រើនត្រូវបានគេយកមកលាយជាមួយគ្រឿងស្រវឹង។ ទោះជាយ៉ាងណាការធ្វើបែបនេះមិនល្អសោះឡើយចំពោះសុខភាពក៏ព្រោះរាងកាយត្រូវទទួលបន្ទុកខ្លាំងជាងមុនដោយត្រូវរំលាយជាតិស្ករបន្ថែមពីលើគ្រឿងស្រវឹង៕