ជាធម្មតាការហើមពោះក្រោយទទួលទានអាហាររួច គឺជាអាការៈទូទៅមួយនៃបញ្ហាពិបាករំលាយអាហារ។ វាកើតឡើងនៅពេលជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះដែលបណ្ដាលឲ្យប៉ោងតឹង ឬហើមពោះ។ ទោះជាយ៉ាងណាមានកត្តាផ្សេងៗច្រើនណាស់ដែលបង្កបញ្ហាហើមពោះរួមបញ្ចូលទាំងការទទួលទានលឿនពេក ការនិយាយខណៈពេលទទួលទាន ហើយពេលខ្លះក៏អាចបណ្ដាលមកពីប្រភេទនៃអាហារដែលអ្នកទទួលទានដែរ។ ការហើមតឹងណែនក្នុងពោះក្រោយអាហារ គឺធ្វើឲ្យយើងពិបាកក្នុងខ្លួនមានអារម្មណ៍មិនស្រួលសោះ។ ប៉ុន្តែកុំបារម្ភ!ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីចៀសផុតបញ្ហាហើមពោះ ៖
១. ខ្ញី
នោះក៏ព្រោះតែបន្លែមើមនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែល
ជួយកាត់បន្ថយការរលាកក្នុងពោះវៀនធំ។ លើសពីនេះទៅទៀត ខ្ញីក៏មានផ្ទុកនូវសារធាតុ zingibain ដែលជាអង់ស៊ីមមួយជួយសម្រួលដល់ការរំលាយអាហារ ហើយទទួលខុសត្រូវចំពោះការបំបែកប្រូតេអ៊ីននៅក្នុងរាងកាយនិងថែមទាំងសម្រួលដំណើរការមុខងារនៃពោះវៀនផងដែរ។
២. ជីអង្កាម
មានប្រសិទ្ធិភាពព្យាបាលអាការៈហើមពោះនិងបញ្ហាពិបាករំលាយអាហារបានយ៉ាងប្រសើរ នោះក៏ព្រោះតែជីអង្កាមបង្កើនការផលិតទឹកប្រម៉ាត់ដែលជួយរាងកាយឱ្យកម្ចាត់ជាតិខ្លាញ់កាន់តែល្អជាងមុន។
៣. ផ្លែចេក
សារធាតុប៉ូតាស្យូមដែលមានផ្ទុកនៅក្នុងផ្លែចេក គឺជួយក្នុងការដោះស្រាយបញ្ហាហើមពោះប្រកបដោយប្រសិទ្ធិភាព។ នេះក៏ព្រោះតែមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលធ្វើឲ្យហើមពោះនោះ គឺដោយសារអ្នកបានទទួលទានអាហារមានផ្ទុកជាតិសូដ្យូមខ្ពស់ច្រើនពេក។ ការទទួលទានផ្លែចេកដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមអាចជួយកម្ចាត់ជាតិសូដ្យូមនិងជាតិទឹក ឬសារធាតុរាវដែលលើសចេញពីក្នុងប្រព័ន្ធ។
៤. ផ្លែបឺរ
ក៏មិនខុសពីចេកប៉ុន្មានដែរ ផ្លែបឺរ គឺជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយកាត់បន្ថយការហើមតឹងពោះ។
៥. អាហារមានជាតិប្រូបាយអូទិក
ដើម្បីជៀសវាងបញ្ហាជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះនោះ វាពិតជាសំខាន់ណាស់ក្នុងការទទួលទាននូវអាហារដែលមានប្រសិទ្ធិភាពជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ ចូរបន្ថែមអាហារដែលមានផ្ទុកជាតិប្រូបាយអូទិក ដូចជា យ៉ាអួរ ជាដើមចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក វិធីនេះនឹងជួយសម្រួលដល់ដំណើរការមុខងារនៃក្រពះនៅពេលអ្នកទទួលទានអាហារផ្សេងៗ ក៏ដូចជារក្សានូវតុល្យភាពនៃបាក់តេរីល្អៗក្នុងពោះវៀន។
៦. ផ្លែល្ហុងទុំ
ជាប្រភពដ៏ប្រសើរនៃសារធាតុ Papain រួមទាំងជាតិសសៃខ្ពស់ដែលជួយបន្ទន់លាមកនិងសម្រួលចលនាពោះវៀន។ ដូច្នេះចូរព្យាយាមទទួលទានផ្លែល្ហុងទុំ ឬទឹកល្ហុងស្រស់។