អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាកំឡុងពេលគេងរាងកាយដុតបំផ្លាញកាឡូរីបានចន្លោះពី ៣០០ 
ដល់ ៤០០ ឯណោះដែលនេះស្មើនឹងការរត់ហាត់ប្រាណរយៈពេលមួយម៉ោងពេញ។ អ្នកជំនាញជាច្រើនអះអាងថាការគេងស្កប់គ្រប់គ្រាន់អាចជួយអោយស្រកទម្ងន់បានយ៉ាងប្រសើរមិនបង្កផលប៉ះពាល់ផ្សេងទៀតដល់សុខភាពឡើយ គឺដូចនឹងហាត់ប្រាណដែរ! ទោះជាយ៉ាងណាអ្នកគួរប្រកាន់ខ្ជាប់នូវទម្លាប់មួយចំនួនទើបអាចស្រកទម្ងន់ខណៈពេលគេងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីទម្លាប់ដែលអាចជម្រុញការដុតរំលាយអាហារ ឬកាឡូរីកំឡុងពេលគេង ៖

១. ទទួលទានទឹកទំពាំងបាយជូរស្រស់

​នោះក៏ព្រោះតែទឹកទំពាំងបាយជូរស្រស់មានផ្ទុកសារធាតុម្យ៉ាងហៅថា resveratrol ដែលបំលែងជាតិខ្លាញ់មិនល្អពណ៌សទៅជាខ្លាញ់សុខភាពល្អពណ៌ត្នោត។ នៅពេលគេងរាងកាយប្រើប្រាស់ខ្លាញ់ពណ៌ត្នោតដើម្បីរក្សាកម្ដៅ។ ដូច្នេះការទទួលទានទឹកទំពាំងបាយជូរស្រស់ ១ ពែងមុនពេលចូលគេងនឹងបង្កើនការដុតបំផ្លាញជាតិខ្លាញ់ដែលលើសជំនួសការរក្សាទុកវា។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកជ្រើសរើសទឹកទំពាំងបាយជូរស្រស់គ្មានផ្ទុកជាតិស្ករបន្ថែម។

២. ចូលគេងនិងក្រោកឡើងទៀងម៉ោង

​តើអ្នកធ្លាប់ដឹងទេថាម៉ោងចូលគេងនិងក្រោកមិនទៀងមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយការកើនទម្ងន់
លើសកម្រិត? នោះក៏ព្រោះតែវានឹងជះឥទ្ធិពលលើការផលិតអ័រម៉ូនមេឡាតូនីនដែលគ្រប់គ្រងការគេង ព្រមទាំងទទួលខុសត្រូវចំពោះការបង្កើនភាពសកម្មនៃកោសិកាខ្លាញ់ពណ៌ត្នោតដែលជួយដុតបំផ្លាញកាឡូរី។ 

៣. មិនលេងទូរសព្ទ ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកផ្សេងទៀតមុនពេលចូលគេង

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាពន្លឺពណ៌ខៀវដែលជះចេញពីអេក្រង់ទូរសព្ទអាចបង្កការរំខានដល់ដំណេក ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាការរំខានដល់ការគេងនេះក៏ផ្សារភ្ជាប់ជាមួយជំងឺធាត់ជ្រុលផងដែរ។ នោះក៏ព្រោះតែរាងកាយមិនអាចផលិតអ័រម៉ូនគ្រប់គ្រងការឃ្លាន ghrelin និង leptin បាន។ ហើយវាមិនត្រឹមតែការលេងទូរសព្ទនៅមុនពេលគេងលក់ប៉ុណ្ណោះទេដែលបង្កការរំខានដល់រាងកាយ ប៉ុន្តែសូម្បីតែពន្លឺចេញពីទូរសព្ទ ខណៈពេលដែលអ្នកគេងក៏ជះឥទ្ធិពលដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងលេងទូរសព្ទ ឬប្រើប្រាស់គ្រឿងអេឡិចត្រូនិកផ្សេងទៀតមុនពេលចូលគេងយ៉ាងហោចណាស់ ២ ម៉ោង។​

៤. ទទួលទានអាហារសម្រន់មានជាតិប្រូតេអ៊ីន

​ប្រសិនបើជ្រើសរើសប្រភេទអាហារសម្រន់បានត្រឹមត្រូ​​​វ ការទទួលទានវានៅមុនពេលចូលគេងមិនធ្វើអោយអ្នកកើនទម្ងន់ឡើយ។ ហើយអាហារសម្រន់ដែលប្រសើរបំផុតសម្រាប់ទទួលទានមុនពេលចូលគេងនោះ គឺប្រភេទអាហារដែលមានផ្ទុកសម្បូរដោយប្រូតេអ៊ីនដែលជួយបង្កើនកម្រិតនៃការដុតរំលាយអាហារនិងការលូតលាស់នៃសាច់ដុំ។

៥. ទទួលទានតែរុក្ខជាតិ

តែរុក្ខជាតិមួយចំនួនអាចជួយអោយអ្នកស្រកទម្ងន់នៅពេលយប់។ ដូច្នេះចូរព្យាយាមទទួលទានតែរុក្ខជាតិប្រភេទណាដែលល្អចំពោះសុខភាពនិងមានឥទ្ធិពលលើទម្ងន់របស់អ្នក។ សាកល្បងទទួលទានតែ Cinnamon ដើម្បីបំបាត់ការរលាកនិងទប់ស្កាត់ការហើមនៅពេលព្រឹក។ តែជីអង្កាមជួយកាត់បន្ថយចំណង់អាហារចៀសវាងការទទួលទានច្រើន។ ហើយតែ Chamomile បង្កើនការដុតរំលាយអាហារនិងជួយសម្រួលដល់សសៃប្រសាទ៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង