នរណាៗក៏ធ្លាប់មានកំហឹង ឬមានអារម្មណ៍ខឹងដែរ ហើយទោះបីវាជាប្រតិកម្មធម្មតាតបតទៅនឹងស្ថានភាពមួយចំនួនក៏ដោយ ប៉ុន្តែកំហឹងដែលមិនអាចគ្រប់គ្រងបានអាចបង្កជាហិង្សាផ្លូវកាយ និងការឈ្លោះប្រកែកគ្នា។ ជាពិសេសកំហឹងក៏អាចបណ្ដាលឱ្យអ្នកធ្វើបាបខ្លួនឯងផងដែរ! ភាគច្រើននៃពួកយើងប្រហែលជាគិតថាការខឹងមិនអាចជះឥទ្ធិពលអ្វីលើរាងកាយ ផ្លូវចិត្ត ឬអារម្មណ៍ឡើយទាំងដែលការពិតទៅកំហឹងផ្ដល់ផលអិជ្ជមានគួរឱ្យព្រួយបារម្ភជាច្រើន។ ថាតើកំហឹងប៉ះពាល់យ៉ាងណាខ្លះទៅចំពោះរាងកាយនិងខួរក្បាល? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់នៃការខឹង ៖
១. ចំពោះរាងកាយ
តើអ្នកធ្លាប់ចាប់អារម្មណ៍អំពីប្រតិកម្មដែលរាងកាយតបតទៅនឹងកំហឹងដោយចេះតែបណ្ដាលឱ្យចង់វាយគ្នា ឬវាយនេះវាយនោះដែរឬទេ? ក៏ដូចទៅនឹងករណីនៃការថប់បារម្ភ, រំភើប និងភ័យខ្លាចដែរ គឺកំហឹងបង្កឱ្យរាងកាយត្រូវការប្រយុទ្ធជាមួយអ្វីមួយឬអត់អាស្រ័យលើស្ថានភាព។ នោះក៏ព្រោះតែរាងកាយត្រូវជួបប្រទះនូវការកើនឡើងនូវកម្រិតអ័រម៉ូនស្ត្រេសភ្លាមៗនៅពេលខឹង។ នៅពេលខឹងខ្លាំងនោះសម្ពាធឈាមនឹងកើនឡើង ហើយចង្វាក់បេះដូងលោតញាប់ជាងធម្មតា សូម្បីតែការដកដង្ហើម ខណៈដែលឈាមបុកឡើងទៅសាច់ដុំលឿនពេក។
២. សម្ពាធឈាមឡើងខ្ពស់
នៅពេលអ្នកខឹង នោះលំហូរឈាមនឹងត្រូវបែងចែកបញ្ជូនទៅកាន់ផ្នែកផ្សេងៗគ្នានៃរាងកាយ ហើយក៏ព្រោះតែការកើនឡើងនូវកម្រិតនៃអ័រម៉ូនស្ត្រេស (cortisol និងadrenaline) ចង្វាក់បេះដូងប្រែជាលោតលឿនជាងធម្មតាដែលបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសម្ពាធឈាមឡើងខ្ពស់ជាប្រចាំស្រាប់នោះ អ្នកប្រាកដជាត្រូវប្រឈមមុខនឹងហានិភ័យនៃជំងឺគាំងបេះដូង ឬជំងឺដាច់សសៃឈាមខួរក្បាល នៅពេលខឹងខ្លាំងជាក់ជាមិនខាន។
៣. បញ្ហាប្រព័ន្ធរំលាយអាហារ
កង្វះលំហូរឈាមទៅកាន់ពោះវៀននៅពេលខឹងនឹងបណ្ដាលឱ្យអ្នកជួបប្រទះបញ្ហាទាក់ទងជាមួយការរំលាយអាហារ ជាពិសេសប្រសិនបើអ្នកតែងតែខឹងសឹងគ្រប់ពេល។ នេះជាហេតុផលមួយចម្បងបំផុតដែលធ្វើឱ្យអ្នកពេលខ្លះជួបប្រទះអារម្មណ៍រមួលក្នុងពោះ និងបញ្ហាពោះវៀន នៅពេលខឹង។
៤. ចំពោះប្រព័ន្ធភាពស៊ាំ
បញ្ហាគួរឱ្យព្រួយបារម្ភមួយទៀតនៃការមានអារម្មណ៍ខឹងជានិច្ចនោះ គឺភាពមិនប្រក្រតីនៃមុខងារប្រព័ន្ធភាពស៊ាំរាងកាយ។ មុខងារនៃក្រពេញទីរ៉ូអ៊ីតត្រូវទទួលរងផលប៉ះពាល់ដែលមានន័យថាសមត្ថភាពប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងកោសិកាគ្រោះថ្នាក់ផ្សេងទៀតក្នុងរាងកាយត្រូវជួបប្រទះការរំខាន។ ហើយក៏ព្រោះតែប្រព័ន្ធភាពស៊ាំមិនដំណើរការមុខងារបានត្រឹមត្រូវនោះមានន័យថា អ្នកកំពុងប្រឈមមុខនឹងការកើតជំងឺផ្សេងៗហើយ។
- គន្លឹះមួយចំនួនក្នុងការគ្រប់គ្រងកំហឹង
១. សរសេរនូវមូលហេតុដែលអ្នកខឹង ឬសរសេរអ្វីតាមរយៈកំហឹងដាក់លើក្រដាស ហើយអាចបំផ្លាញវាចោលតាមក្រោយ។
២. ទទួលយកទម្រង់នៃការស្រឡាញ់ និងលួងលោមខ្លះ ដែលអាចជាការអោបជាដើម។
៣. ទំពារស្ករកៅស៊ូ។
៤. ដើរ រត់ ឬធ្វើលំហាត់ប្រាណរាងកាយសម្រាប់រយៈពេលប្រហែលជា ២០នាទី។ សកម្មភាពទាំងនេះនឹងជួយដល់ខួរក្បាលបង្កើតនូវអ័រម៉ូន endorphins ដែលត្រូវស្គាល់ថាជា អ័រម៉ូនសុភមង្គល ឬអ័រម៉ូនរីករាយ។
៥. ច្រៀងនូវចម្រៀងដែលអ្នកចូលចិត្ត ៖ ការច្រៀង គឺជាវិធីដ៏អស្ចារ្យមួយដើម្បីកាត់បន្ថយនូវកំហឹង ក៏ដូចជាភាពស្ត្រេសតានតឹង។ នៅពេលមានអារម្មណ៍មិនល្អ ឬខឹងចូរស្ដាប់ចម្រៀងដែលអ្នកចូលចិត្ត ហើយច្រៀងតាមឲ្យខ្លាំងៗ។
៦. ទទួលទានអាហារស្រួយៗ ឬអាហារដែលទំពារទៅលឺគ្រួបៗ។
៧. ផ្លុំមេដៃ ៖ ប្រសិនបើអ្នកមានអារម្មណ៍ថា បេះដូងលោតញាប់ព្រោះកំហឹងនោះ ចូរសាកល្បងផ្លុំខ្យល់លើមេដៃ។ វាហាក់ដូចជាមិនគួរនឹងឲ្យជឿបន្តិច ប៉ុន្តែមេដៃរបស់អ្នក គឺមានជីពចររបស់វា ហើយប្រសិនបើផ្លុំខ្យល់លើវានោះអ្នកអាចធ្វើឲ្យជីពចររបស់អ្នកស្ងប់កាត់បន្ថយអត្រានៃចង្វាក់បេះដូងបាន៕