Join with Health.com.kh on Telegram

ហេតុអ្វីទើបអ្នកមិនគួរគេងភ្លាមៗ ក្រោយពេលទទួលទានអាហារ? បើទោះជាការគេង និងការទទួលទានអាហារសំខាន់ចំពោះសុខភាព ប៉ុន្តែការគេងភ្លាមៗ ក្រោយពេលទទួលទានអាហារពេលថ្ងៃត្រង់ ឬល្ងាចអាចជះឥទ្ធិពលគួរឲ្យព្រួយបារម្ភ។ ចន្លោះពេលដ៏សមស្របបំផុតនៃការទទួលទានអាហារ និងការគេង គឺគម្លាតពី ២ ទៅ ៣ ម៉ោង។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលអាចកើតឡើង ប្រសិនបើអ្នកបន្តទម្លាប់គេងភ្លាមៗ ក្រោយពេលទទួលទានអាហាររួច ៖

១. ឡើងទម្ងន់

ការគេងភ្លាមក្រោយពេលទទួលទានអាហារ គឺអាចបណ្ដាលឱ្យឡើងទម្ងន់បានយ៉ាងងាយ។ ដើម្បីរក្សាបាននូវទម្ងន់សមតុល្យវាចាំបាច់ក្នុងការដុតបំផ្លាញកាឡូរី ប៉ុន្តែនៅពេលយើងគេងភ្លាមៗ បន្ទាប់ពីអាហារថ្ងៃត្រង់នោះការដុតបំផ្លាញកាឡូរី គឺមិនអាចកើតឡើងបានឡើយ។ ផ្ទុយទៅវិញ កាឡូរីទាំងអស់ គឺត្រូវស្ដុកទុកក្នុងរាងកាយ។ ប្រសិនបើអ្នកបន្តអនុវត្តន៍ទម្លាប់មិនល្អនេះយូរទៅ អ្នកនឹងជួបប្រទះនូវបញ្ហានៃការឡើងទម្ងន់យ៉ាងខ្លាំង។

២. ពិបាកក្នុងការរំលាយអាហារ

ជាធម្មតាយើងតែងតម្រេតខ្នងគេងផ្ងារ ឬបែរទៅម្ខាងបន្ទាប់ពីទទួលទាន។ ក្នុងទីតាំងបែបនេះឱកាសដែលទឹកអាស៊ីតក្រពះហូរត្រឡប់ទៅកាន់បំពង់អាហារវិញ គឺមានខ្ពស់ណាស់ ហើយវានឹងបង្កឲ្យមានការផលិតអាស៊ីតលើសកម្រិត។ ដំណើរការនេះអាចបណ្ដាលឱ្យអ្នកជួបប្រទះនូវបញ្ហាក្រហាយទ្រូង ហើយក៏រំខានដល់ការគេងផងដែរ។

៣. ច្រាលអាស៊ីតក្រពះ

នៅពេលអាហារចូលដល់ក្នុងប្រព័ន្ធរំលាយអាហារការបញ្ចេញទឹកអាស៊ីតនឹងចាប់ផ្ដើមឡើង។ ការគេងភ្លាមៗបន្ទាប់ពីទទួលទានអាហារនឹងធ្វើឱ្យអាស៊ីត ហូរត្រឡប់ទៅក្នុងបំពង់អាហារវិញដែលបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ។

៤. បង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល

ការស្រាវជ្រាវជាច្រើនបានបង្ហាញថាគម្លាតពេលរាល់ ២០ នាទី នៃការគេង និងការទទួលទានកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលដល់ទៅ ២០ ភាគរយ។នៅពេលយើងគេងភ្លាមក្រោយពេលអាហារ ប្រព័ន្ធរំលាយអាហារត្រូវទទួលបន្ទុកធ្វើការបន្ថែមដើម្បីបំពេញដំណើរការនៃការរំលាយអាហារ។ នេះអាចជះឥទ្ធិពលដល់ការកើនឡើងនៃជាតិស្ករនៅក្នុងឈាមនិងសម្ពាធឈាមឡើងខ្ពស់ដែលវាអាចនាំឱ្យមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព ព្រមទាំងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

៥. រំខានដល់ដំណេក

ការទទួលទានអាហារច្រើនត្រូវការពេលយ៉ាងហោចណាស់ ពី ២ ទៅ ៣ ម៉ោង ដើម្បីរំលាយហេតុនេះវាត្រូវតែមានចន្លោះម៉ោងរវាងការទទួលទាននិងការគេង។ បើមិនដូច្នោះទេវាអាចបណ្ដាលឱ្យឈឺពោះដោយសារតែការពិបាករំលាយអាហារ ហើយបង្កការរំខានដល់ដំណេក៕