ការឆ្លងទន្លេគឺជារឿងធំមួយក្នុងឆាកជីវិតរបស់មនុស្សស្រី ព្រោះវាអាចកំណត់សេចក្តីស្លាប់រស់របស់អ្នកបាន ដូចនេះក្នុងនាមជាស្វាមីម្នាក់ដែលមិនអាចជួយពរពោះជំនួសប្រពន្ធ តើគួរតែធ្វើដូចម្តេចទើបអាចជួយប្រពន្ធបាននៅអំឡុងពេលដែលសម្រាលនោះ? តើវាជាការចាំបាច់ទេដែលថាត្រូវឲ្យស្វាមីកំដរអ្នកក្នុងបន្ទប់សម្រាលកូននោះ?
នៅពេលដែលអ្នកកំដរប្រពន្ធអ្នកឆ្លងទន្លេ វាពិតជាផ្តល់អត្ថប្រយោជន៍ជាខ្លាំងដល់ប្រពន្ធ វាអាចជួយកាត់បន្ថយសេចក្តីភ័យខ្លាចមួយចំនួនក្នុងចិត្តរបស់ភរិយាអ្នក ធ្វើឲ្យគេមានចិត្តស្ងប់ និងមានជំនឿចិត្តដោយសារតែមានប្តីនៅជិតខ្លួន នោះវានឹងអាចជួយកាត់បន្ថយអត្រានៃគ្រោះថ្នាក់មួយចំនួនដែលអាចកើតមាននៅពេលដែលប្រពន្ធភ័យខ្លាំង។ ដូចនេះក្នុងនាមជាស្វាមី អ្នកមិនត្រូវខ្លាចចូលបន្ទប់សម្រាលកូនឡើយ អ្នកគួរតែចូលទៅដើម្បីលើកទឹកចិត្តដល់ភរិយាអ្នក ធ្វើឲ្យគេអាចបន្ធូរអារម្មណ៍ ហើយសម្រាលកូនបានសម្រេច។ ជាងនេះទៅទៀតនៅពេលដែលដល់ខែជិតកើត អ្នកត្រូវតែកំដរប្រពន្ធអ្នកដើរហាត់ប្រាណ ឬហាត់ចលនាដង្ហើមមួយចំនួនដែលអាចជួយគេឲ្យចេះដកនៅពេលដែលសម្រាលតាមបែបធម្មជាតិ៕