នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកចង់រួមភេទ អ្នកគួរតែមើលតាមចំនុចមួយចំនួនខាងក្រោម ប្រសិនជាអ្នកគ្មានអាការៈទាំងនោះទេ អ្នកអាចរួមភេទបាន ប៉ុន្តែប្រសិនជាអ្នកមាន ហើយនៅតែបន្តរួមភេទ នោះអ្នក និងកូនអាចនឹងមានគ្រោះថ្នាក់បាន។ ដូចនេះតើមានអាការៈអ្វីខ្លះទៅ?
1. ប្រសិនជាអ្នកធ្លាប់មានអាការៈរលូតកូនច្រើនដងរួចមកហើយ អ្នកគួរតែកុំរួមភេទនៅពេលដែលអ្នកមានផ្ទៃពោះពីរ ទៅបីខែដំបូងឲ្យសោះ ព្រោះខ្លាចអាការៈនេះអាចកើតឡើងម្តងទៀតបាន។
2. នៅពេលដែលអ្នកមានអាការៈចេញឈាម ឬឈឺពោះផ្នែកខាងក្រោម សូមអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ហើយផ្អាកនូវការរួមភេទ ព្រោះបើអ្នកនៅតែបន្ត នោះវានឹងអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃយ៉ាងងាយ។
3. នៅពេលដែលប្រដាប់ភេទរបស់ស្វាមីអ្នកមានជំងឺ អ្នកមិនគួររួមភេទនោះទេ ព្រោះវាអាចនាំយកមេរោគផ្សេងៗទៅឲ្យអ្នក និងទារកក្នុងផ្ទៃបានយ៉ាងងាយបំផុត។
4. នៅពេលដែលទ្វាមាសអ្នកមានអាការៈរលាក អ្នកគួរតែបញ្ឈប់ការរួមភេទនេះ ព្រោះនៅពេលដែលអ្នកនៅតែអនុវត្ត វាអាចនាំយកមេរោគឆ្លងទៅឲ្យកូនអ្នកបាន។
5. នៅពេលដែលទារកក្នុងផ្ទៃភ្ជាប់ជាមួយស្បូនមិនបានល្អ អ្នកមិនគួររួមភេទនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកប្រឈមមុខនឹងអត្រានៃការរលូតកូនខ្ពស់ណាស់។
6. នៅពេលដែលស្បូនអ្នកមានបញ្ហា អ្នកក៏មិនអាចរួមភេទបានដែរ ព្រោះវាអាចធ្វើឲ្យអ្នកកើតមុនខែ ឬកូនក្នុងផ្ទៃអាចរលូតបានយ៉ាងងាយបំផុត។ ដូចនេះប្រសិនជាអ្នកចង់ឲ្យកូនអ្នកមានសុខភាពល្អ ហើយអ្នកគ្មានគ្រោះថ្នាក់ អ្នកគួរតែចាំដល់ពេលដែលអ្នកសម្រាលកូនរួច ទើបធ្វើការរួមភេទ៕