ក្រៅពីប៉ះពាល់ដល់អារម្មណ៍ ការស្ត្រេសរ៉ាំរ៉ៃក៏ជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះប្រព័ន្ធភាពស៊ាំរាងកាយ បេះដូង ឆ្អឹង សម្ពាធឈាម និងប្រសិទ្ធិភាពខួរក្បាលផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វីធីដ៏ល្អបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងភាពតានតឹងក្នុងអារម្មណ៍ គឺសម្រាកអោយបានគ្រប់គ្រាន់និងធ្វើលំហាត់ប្រាណជាប្រចាំ។ ទោះជាយ៉ាងណាក៏នៅមានអាហារមួយចំនួនដែលអាចកាត់បន្ថយបំបាត់ស្ត្រេសបានយ៉ាងប្រសើរ។ ថាតើអាហារអ្វីខ្លះទៅជួយបំបាត់ស្ត្រេសឆាប់រហ័ស? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានទប់ទល់នឹងភាពតានតឹងក្នុងអារម្មណ៍ ៖
១. ក្រូច
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រសិទ្ធិភាពជួយបំបាត់ស្ត្រេស។ បរិមាណនៃវីតាមីន C ក្នុងផ្លែក្រូចអាចជម្រុញប្រព័ន្ធភាពស៊ាំនៃរាងកាយទប់ស្កាត់ការទទួលរងឥទ្ធិពលពីភាពស្ត្រេសចំពោះរាងកាយ។ វីតាមីន C ក៏ប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ហើយត្រូវបានបញ្ចេញនៅពេលអ្នកតានតឹងក្នុងអារម្មណ៍។
២. ផ្លែបឺរ
មានផ្ទុកសម្បូរទៅដោយជាតិរ៉ែ វីតាមីន ជាតិសសៃ ប៉ូតាស្យូម និងប្រូតេអ៊ីនដែលជួយកម្ចាត់អ័រម៉ូនស្ត្រេស ហើយរក្សាសុខភាពខួរក្បាល និងសសៃប្រសាទល្អប្រសើរ។
៣. តែបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងជំងឺអារម្មណ៍។ វាមានឥទ្ធិពលលើផ្លូវចិត្ត និងរាងកាយ ដោយការទទួលទានតែបៃតងជាប្រចាំ គឺអាចផ្ដល់នូវសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃភាពតានតឹងក្នុងអារម្មណ៍។ ប្រសិនបើអ្នកមិនចូលចិត្តតែបៃតង អ្នកអាចទទួលទានតែខ្មៅជំនួសវិញ ដោយវាមានឥទ្ធិពលល្អដូចគ្នា។ តែបៃតងជាជម្រើសនៃភេសជ្ជៈប្រសើរបំផុតសម្រាប់អ្នកជក់បារី និងទទួលទានគ្រឿងស្រវឹង។
៤. ទឹកដោះគោ
អ្នកដែលទទួលទានទឹកដោះគោទៀងទាត់ គឺមិនងាយនឹងប្រឈមមុខជាមួយបញ្ហាស្ត្រេសឡើយ។ ទឹកដោះគោត្រឹមតែ ១កែវមានផ្ទុកបរិមាណខ្ពស់នៃវីតាមីន, ជាតិរ៉ែ ប្រូតេអ៊ីន កាល់ស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហើយសារធាតុទាំងអស់នេះមានប្រសិទ្ធិភាពកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបញ្ចេញដោយភាពតានតឹងក្នុងរាងកាយ។
៥. ត្រីសាលម៉ុន
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពរាងកាយ រួមទាំងអារម្មណ៍។ ត្រីសាលម៉ុនក៏អាចបង្កើនកម្រិតអ័រម៉ូនរីករាយ serotonin នៃខួរក្បាលដែលប្រយុទ្ធប្រឆាំងនឹងភាពស្ត្រេស។
៦. សូកូឡាខ្មៅ
សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវ និងតានតឹងក្នុងអារម្មណ៍បានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។
៧. ស៊ុត
ផ្នែកពណ៌លឿងនៃស៊ុតជាប្រភពដ៏ប្រសើរនៃវីតាមីន D។ ស៊ុតក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន រួមទាំងអាស៊ីតអាមីណូដែលរាងកាយត្រូវការចាំបាច់ដើម្បីលូតលាស់ រក្សាសុខភាពរឹងមាំ និងជួយផលិតអ័រម៉ូនអារម្មណ៍ល្អគ្រប់គ្រងការគេង Serotonin។ អ័រម៉ូននេះក៏ជួយបង្កើនភាពប្រសើរឡើងនៃមុខងារខួរក្បាល ហើយកាត់បន្ថយបញ្ហាថប់បារម្ភ និងស្ត្រេសគួរឱ្យកត់សម្គាល់។
៨. ផ្លែចេក
ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមហើយនោះ ផ្លែចេកក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន B រួមទាំងសារធាតុ folate និងវីតាមីន B6 ដែលជួយក្នុងការផលិតអ័រម៉ូន serotonin បង្កើនអារម្មណ៍ល្អប្រសើរកាត់បន្ថយភាពតានតឹង៕