ការដឹងពីអ្វីដែលគួរ ឬមិនគួរទទួលទាននៅពេលរាក គឺពិតជាសំខាន់ណាស់ ប្រសិនបើអ្នកមិនចង់ធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែអាក្រក់ឡើង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះទៅដែលអាចបណ្ដាលអោយជំងឺរាកប្រែជាធ្ងន់ធ្ងរបាន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរជៀសអោយផុតនៅពេលរាគ ៖
១. កាហ្វេអ៊ីន ភេសជ្ជៈកាបូណាត និងគ្រឿងស្រវឹង
ភាគច្រើនចំពោះអ្នកដែលមានសុខភាពល្អ នៅពេលទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន ជាតិអាល់កុល និងកាបូណាតមិនបណ្ដាលឱ្យរាគឡើយ។ ប៉ុន្តែមនុស្សម្នាក់ៗងាយនឹងជួបប្រទះបញ្ហាពាក់ព័ន្ធជាមួយប្រព័ន្ធរំលាយអាហារណាស់ ដូច្នេះដើម្បីជាការប្រសើរចូរជៀសអោយផុត ឬកាត់បន្ថយការទទួលទានភេសជ្ជៈប្រភេទដូចបានរៀបរាប់។ អ្នកក៏មិនគួរទទួលទានភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុងច្រើនដែរ! ក៏ព្រោះសមាសធាតុដែលមាននៅក្នុងភេសជ្ជៈសូដាអាចធ្វើអោយបញ្ហារាក ឬបញ្ហាប្រព័ន្ធរំលាយអាហារកាន់តែធ្ងន់ធ្ងរឡើងយ៉ាងឆាប់រហ័ស។ ទឹកធម្មតា គឺជាជម្រើសនៃភេសជ្ជៈដ៏ល្អបំផុតសម្រាប់អ្នកជំងឺរាករូស។
២. អាហារផ្សំឡើងពីទឹកដោះគោ
អាហារដំបូងបំផុតដែលអ្នកគួរជៀសវាងទទួលទាននៅពេលរាគ គឺប្រភេទផ្សំឡើងពីទឹកដោះគោ។ បើទោះជាអ្នកមិនចាញ់ឡាក់តូសក៏ដោយ ក៏គួរតែជៀសឱ្យផុតពីអាហារផ្សំឡើងពីទឹកដោះគោដែរ។ ជំងឺរាកអាចបណ្ដាលអោយអង់ស៊ីម lactase ថយចុះដែលពិបាកក្នុងការរំលាយឡាក់តូស។ ឡាក់តូសជាជាតិស្ករដែលមានផ្ទុកនៅក្នុងអាហារផ្សំឡើងពីទឹកដោះគោ។ ហើយនៅពេលមិនបានរំលាយ ឡាក់តូសអាចបង្កបញ្ហាមួយចំនួនដូចជាហើមពោះ ឡើងជាតិហ្គាសក្នុងពោះ រាក និងចង្អោរចង់ក្អួត។
៣. អាហារមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់
អាហារមានផ្ទុកជាតិខ្លាញ់ខ្ពស់អាចពន្លឿនការរួមតូចនៃពោះវៀន ហើយបង្កប្រតិកម្មទៅនឹងប្រព័ន្ធមួយដែលមានបញ្ហាស្រាប់បណ្ដាលអោយការរាកកាន់តែធ្ងន់ធ្ងរឡើង។
៤. បន្លែឆៅ
នៅពេលកំពុងរាគ អ្នកគួរឱ្យផុតពីបន្លែឆៅ! នោះក៏ព្រោះតែបន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលអាចបង្កបញ្ហាមិនស្រួលដល់ប្រព័ន្ធរំលាយអាហារ។ លើសពីនេះទៅទៀតជាតិសសៃក៏ដើរតួចជាថ្នាំបញ្ចុះបន្ទន់លាមកបែបធម្មជាតិក្នុងរាងកាយផងដែរ។ ដូច្នេះប្រសិនបើទទួលទាននៅពេលកំពុងរាក នោះវាអាចបណ្ដាលអោយស្ថានភាពកាន់តែអាក្រក់ឡើងមិនខាន។
៥. អាហារហិរ
គ្រឿងទេសហិរក៏ប្រៀបដូចជាថ្នាំបញ្ចុះបែបធម្មជាតិមួយដែរ។ នៅពេលទទួលទានក្នុងបរិមាណច្រើននោះគ្រឿងទេស រួមទាំងអាហារដែលមានរសជាតិហិរផ្សេងៗអាចជះឥទ្ធិពលមិនល្អគួរអោយព្រួយបារម្ភ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកមិនគួរទទួលទានអាហារហិរពេលរាកឡើយ។
សម្គាល់ ៖ ប្រសិនបើជំងឺរាគមិនជាសះស្បើយដោយឯកឯងក្នុងរយៈពេលលើសពី ២ ទៅ ៣ ថ្ងៃ ហើយថែមទាំងមានអមមកជាមួយនូវអាការៈមួយចំនួនផ្សេងទៀតដូចជាឈឺរមួលក្នុងពោះ លាមកមានឈាម បេះដូងលោតញាប់ អស់កម្លាំង និងភាំងៗ ចូរប្រញាប់ទៅមន្ទីរពេទ្យភ្លាម៕