ស្នាមជ្រីវជ្រួញជាផ្នែកមួយនៃដំណើរការភាពចាស់តាមវ័យរបស់ស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាភាគច្រើននៃពួកយើងតែងស្វែងរកនូវវិធីដើម្បីបន្ថយការលេចចេញនូវរូបរាងនៃស្នាមជ្រីវជ្រួញ។ តើអ្នកធ្លាប់ដឹងទេថាទម្លាប់មួយចំនួនអាចជួយទប់ស្កាត់ភាពចាស់តាមវ័យរបស់ស្បែក? ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ស្កាត់ស្នាមជ្រីវជ្រួញនៅពេលយប់ ៖
១. គេងផ្ងារ
ការគេងបែរទៅម្ខាង ឬផ្អៀងនិងការគេងផ្កាប់មុខជាកត្តាចម្បងបំផុតមួយនៃបញ្ហាលេចឡើងនូវស្នាមខ្សែលើស្បែក ព្រមទាំងភាពជ្រីវជ្រួញខណៈដែលផ្ទៃមុខអាចត្រដុសប៉ះនឹងខ្នើយជាប់ជានិច្ច។
២. លាងសម្អាតមុខមុនពេលចូលគេង
កំឡុងពេលយប់ គឺជាពេលដែលរាងកាយនិងស្បែកជួសជុលខ្លួនឯងតាមបែបធម្មជាតិ។ ប្រសិនបើអ្នកមិនលាងសម្អាតភាពកង្វក់ចេញទេនោះវានឹងបង្កផលប៉ះពាល់ដល់ដំណើរការធម្មជាតិរបស់ស្បែក។ ដូច្នេះដើម្បីជាការប្រសើរចូរលាងសម្អាតមុខនៅមុនពេលចូលគេង។ ការធ្វើបែបនេះនឹងជួយរក្សាភាពស្រស់ថ្លាតឹងណែននៃស្បែក។
៣. លាបប្រេងដូងបន្តិច
ប្រេងដូងសុទ្ធមានផ្ទុកសម្បូរទៅដោយវីតាមីនដែលចាំបាច់សម្រាប់សុខភាពស្បែកដើម្បីរក្សាបាននូវភាពតឹងណែនគ្មានស្នាមជ្រីវជ្រួញ។ អ្នកអាចលាបម៉ាស្សាប្រេងដូងបន្តិចពេញផ្ទៃមុខ ក្រោយលាងសម្អាតមុខរួច។
៤. គេងឱ្យបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់ គឺសំខាន់ណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងស្បែកតឹងណែន។ វាចាំបាច់ក្នុងការគេងឱ្យបានពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ដើម្បីផ្ដល់ពេលគ្រប់គ្រាន់ឱ្យស្បែកជួសជុលខ្លួនឯងនិងស្ដារភាពរឹងមាំឡើងវិញ។
៥. ប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក
ស្បែកត្រូវការជាតិសំណើមគ្រប់គ្រាន់ជាប្រចាំដើម្បីទប់ទល់ភាពចាស់តាមវ័យនិងរក្សាភាពបត់បែន។ អ្នកអាចប្រើប្រាស់ផលិតផលធម្មជាតិផ្ដល់សំណើមដល់ស្បែកដោយការបិតបន្ទះត្រសក់ ឬល្ហុង ឬក៏អាចប្រើប្រាស់ផលិតផលផ្ដល់សំណើមដែលមានដាក់លក់នៅលើទីផ្សារ ប៉ុន្តែគួរជ្រើសរើសមួយណាដែលផ្ទុកសារធាតុ retinol៕