តើអ្នកមានដឹងទេថាមានអាហារ និងភេសជ្ជៈជាច្រើនអាចរំខានដល់ការជាសះស្បើយរបស់ជំងឺនេះក្នុងពេលប្រើថ្នាំផ្សះដែរទេ? មែនហើយគ្មាននរណម្នាក់ចង់ឲ្យជំងឺរបស់ខ្លួនបន្តជាប់រហូតគ្មានថ្ងៃជាសះស្បើយនោះទេ។ យ៉ាងណាមិញ មានអាហារមួយចំនួនដែលអ្នកគួរចៀសវាងបើសិនជាមិនចង់ឲ្យថ្នាំផ្សះដែលអ្នកកំពុងតែប្រើព្យាបាលជំងឺនោះបន្ថយប្រសិទ្ធភាពរបស់វា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អាហារធ្វើពីទឹកដោះគោ
ហ្វ្រូម៉ាត ការ៉េមទឹកដោះគោ ទឹកដោះគោ ប័រ សុទ្ធតែជាអាហារដែលអាចរំខានដល់ប្រសិទ្ធភាពរបស់ថ្នាំផ្សះបាន ព្រោះថាវាសម្បូរទៅដោយជាតិកាលស្យូមដែលអាចរំខានដល់ការបឺតស្រូបរបស់ថ្នាំផ្សះចូលចរន្តឈាម។ យ៉ាងណាមិញ មានអាហារធ្វើពីទឹកដោះគោមួយប្រភេទដែលអាចញ៉ាំបាននោះគឺទឹកដោះគោយាអួ ព្រោះវាមានសារធាតុប្រូបាយអូទិចដែលជួយថែរក្សាពោះវៀនមានសុខភាពល្អ និងបង្ការជំងឺរាក ជាពិសេសផលរំខាននានារបស់ថ្នាំផ្សះតែម្តង។
អាហារសម្បូរជាតិដែក
ជាតិដែលមិនសូវខុសគ្នានឹងជាតិកាលស្យូមទេ គឺវាធ្វើឲ្យរាំងស្ទះដល់ការបឺតស្រូបថ្នាំផ្សះចូលចរន្តឈាម។ ថ្លើមមាន់ សាច់ក្រហម អ័យស្ទើ បន្លែពណ៌បៃតងចាស់ សូកូឡាខ្មៅ គួរណាតែកាត់បន្ថយការញ៉ាំសិននៅពេលកំពុងតែប្រើថ្នាំផ្សះ។ តើអ្នកកំពុងតែប្រើថ្នាំបំប៉ន ឬថ្នាំវីតាមីនចម្រុះដែលមានជាតិដែកមែនទេ? បើសិនជាអញ្ជឹងមែន ចូរញ៉ាំវាក្រោយពេលញ៉ាំថ្នាំផ្សះរួចយ៉ាងហោចណាស់ ៣ម៉ោងដើម្បីជំរុញដល់ការបឺតស្រូបកាន់តែល្អ។
គ្រឿងស្រវឹង
ការពិតរបស់គ្រឿងស្រវឹងនោះគឺថាវាមិនមានឥទ្ធិពលអ្វីទៅលើការបឺតស្រូបរបស់ថ្នាំផ្សះឡើយ។ ដូច្នេះអ្វីដែលជាហេតុផលនោះគឺថា វាងាយនឹងធ្វើឲ្យវិលមុខ និងមានបញ្ហាក្រពះពោះវៀនខ្លាំងដូចជាការរាកជាដើម ខណៈពេលប្រើជាមួយថ្នាំផ្សះ។
ផ្លែឈើជូរៗ
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការញ៉ាំផ្លែឈើជូរៗគឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីទទួលបានប្រយោជន៍ចំពោះសុខភាព ជាពិសេសពង្រឹងដល់ប្រព័ន្ធភាពស៊ាំតែម្តងតាមរយៈវិតាមីន C ។ យ៉ងាណាមិញ បើសិនជាអ្នកត្រូវប្រើថ្នាំផ្សះហើយ វាពិតជារឿងដែលត្រូវហាមប្រាមហើយចំពោះផ្លែឈើជូរ ព្រោះវាមានឥទ្ធិពលអវិជ្ជមានទៅលើរបៀបនៃការបឺតស្រូបថ្នាំផ្សះចូលទៅក្នុងខ្លួន។
អាហារមានជាតិសរសៃខ្ពស់
ការញ៉ាំអាហារសម្បូរជាតិសរសៃរាល់ថ្ងៃគឺជារឿងល្អមួយចំពោះសុខភាពមនុស្ស។ យ៉ាងណាមិញ វាអាចនឹងជាបញ្ហាវិញបើសិនជាអ្នកត្រូវការប្រើថ្នាំផ្សះដែរ ព្រោះវា អាហារសម្បូរជាតិសរសៃទៅបន្ថយរយៈពេលនៃការរំលាយអាហារក្នុងក្រពះ នឹងការបឺតស្រូបរបស់ថ្នាំផ្សះបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)