ទឹកដូង គឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់អ្នកដែលចង់រក្សាបាននូវសុខភាពរឹងមាំប្រសើរ។ អ្វីដែលពិសេសនោះ គឺភេសជ្ជៈនេះមិនត្រឹមតែងាយរកបានក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃសមរម្យផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើទោះជាឧស្សាហ៍ ឬចូលចិត្តទទួលទានក៏ដោយ តែមានមនុស្សមិនច្រើនទេដែលចាប់អារម្មណ៍ដឹងថា ទឹកដូង គឺផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានទឹកដូងចំពោះសុខភាព ៖
១. បញ្ចុះសម្ពាធឈាម
ទឹកដូងជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធភាពជួយរក្សាគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាម។
២. សុខភាពប្រព័ន្ធរំលាយអាហារ
ទឹកដូងមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ លើសពីនេះទៅទៀតឥទ្ធិពលអេឡិចត្រូលីត្រនៃទឹកដូង ក៏ជួយសម្រួលរាងកាយក្នុងការស្រូបយកនូវជាតិប្រូតេអ៊ីនពីអាហារបានពេញលេញផងដែរ។ ទឹកដូងក៏ល្អសម្រាប់បំបាត់អាការៈកន្ត្រាក់សាច់ដុំ និងការឈឺចាប់ពោះវៀនដែលបណ្ដាលមកពីបញ្ហាពិបាករំលាយអាហារ។
៣. រក្សាជាតិទឹកក្នុងរាងកាយ
នោះក៏ព្រោះតែទឹកដូងមានផ្ទុកសម្បូរទៅដោយសារធាតុ isotonic ជាតិអេឡិចត្រូលីត្រ ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម និងកាល់ស្យូមដែលជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ព្រមទាំងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកបានយ៉ាងប្រសើរ។
៤. សុខភាពតម្រងនោម
ទឹកដូង គឺជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលមានប្រសិទ្ធិភាពយ៉ាងប្រសើរក្នុងការទប់ស្កាត់ជំងឺតម្រងនោម។ វាក៏ជួយសម្អាតផ្លូវទឹកនោម ផ្លោកនោម និងថែមទាំងអាចបំបែកក្រួសក្នុងតម្រងនោមផងដែរ។
៥. សុខភាពខួរក្បាលនិងសាច់ដុំ
ទឹកដូងជាប្រភពដ៏ល្អបំផុតមួយនៃប៉ូតាស្យូមដែលចាំបាច់បំផុតសម្រាប់គ្រប់គ្រងអត្រាចង្វាក់បេះដូងនិងធ្វើអោយមុខងារសាច់ដុំកាន់តែមានភាពប្រសើរឡើង។ ប៉ូតាស្យូមក៏ដើរតួជាអេឡិចត្រូលីត្រធម្មជាតិដែលជួយសម្រួលប្រព័ន្ធសសៃប្រសាទបង្កើនការចងចាំ រួមទាំងបង្កើនមុខងារប្រព័ន្ធសសៃប្រសាទផងដែរ។
៦. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
ទឹកដូងមានផ្ទុកអាស៊ីត lauric ដែលជួយប្រយុទ្ធប្រឆាំងបាក់តេរីនិងពពួកវីរុស។ ភេសជ្ជៈធម្មជាតិនេះមានប្រសិទ្ធិភាពកម្ចាត់រាល់បាក់តេរីមិនល្អក្នុងរាងកាយដែលបង្កជំងឺអញ្ចាញ និងមេរោគឆ្លងក្នុងផ្លូវទឹកនោម។ ទឹកដូងក៏ជួយទប់ស្កាត់វីរុសដែលបង្កជំងឺផ្ដាសាយ និងមេរោគឆ្លងផ្សេងៗផងដែរ។
៧. ជួយឱ្យស្រកទម្ងន់
ទឹកដូងមានផ្ទុកបរិមាណជាតិខ្លាញ់ទាបបំផុត ដូច្នេះទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វាក៏ជួយកាត់បន្ថយចំណង់អាហារ និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរផងដែរ។
៨. បង្កើនកោសិកាគ្រាប់ឈាមក្រហម
នោះក៏ព្រោះតែបរិមាណនៃជាតិប៉ូតាស្យូមក្នុងទឹកដូងមានប្រសិទ្ធិភាពអាចជួយបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហមបានយ៉ាងប្រសើរ៕