Join with Health.com.kh on Telegram

របបអាហារអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាពរាងកាយ រួមទាំងស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបញ្ហាស្បែកជាញឹកញយតែងធ្វើអោយអ្នកមានអារម្មណ៍មិនស្រួលនិងថែមទាំងបាត់បង់នូវរូបសម្រស់ទៀតផង។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារនិងភេសជ្ជៈមួយចំនួនដែលអ្នកគួរឈប់ទទួលទានដើម្បីអាចជៀសផុតពីបញ្ហារោគមុន ៖

១. ជាតិអាល់កុល ឬគ្រឿងស្រវឹង

អ្នកជំនាញផ្នែកថែរក្សាស្បែកបានអោយដឹងថា ការទទួលទានជាតិអាល់កុល គឺជារឿងដ៏អាក្រក់បំផុតមួយចំពោះសុខភាពស្បែក។ ការទទួលទានគ្រឿងស្រវឹងហួសប្រមាណផ្ដល់ប៉ះពាល់ជាច្រើន ហើយទីមួយនោះ គឺជាតិអាល់កុលបង្កការរំខានដល់អ័រម៉ូនដែលនឹងនាំឱ្យកើតមុន។ ទីពីរនោះ គឺវាធ្វើអោយប្រព័ន្ធភាពស៊ាំនៃរាងកាយត្រូវចុះខ្សោយដោយការជំនួសបាក់តេរីសំខាន់ៗនៅក្នុងពោះវៀន។ ទីបីនោះ គឺជាតិអាល់កុលធ្វើអោយស្បែកប្រែជាស្ងួត បាត់បង់សំណើម ហើយថែមទាំងធ្វើឱ្យអ្នកមើលទៅដូចហើមៗផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកាត់បន្ថយ ឬបញ្ឈប់ការទទួលទានគ្រឿងស្រវឹង ឬក៏ទទួលទានក្នុងកម្រិតតិចតួច។

២. អាហារធ្វើឡើងពីទឹកដោះគោ

ទឹកដោះគោស្រស់មានផ្ទុកអ័រម៉ូនលូតលាស់ដែលធ្វើ​ឱ្យក្រពេញខ្លាញ់កាន់តែសកម្ម ជាលទ្ធផលស្បែករបស់អ្នកនឹងឡើងខ្លាញ់ច្រើនដែលងាយកើតមុន។ លើសពីនេះទៅទៀត ទឹកដោះគោគុណភាពទាបដែលមានប្រភពពីគោដែលត្រូវបានចិញ្ចឹមឱ្យស៊ីពោត និងសណ្ដែកសៀង មិនមែនស្មៅឡើយ គឺសម្បូរណាស់ ហើយប្រសិនបើអ្នកទទួលទានចំទឹកដោះគោគ្មានគុណភាពច្រើនអ្នកប្រាកដជាងាយនឹងជួបប្រទះបញ្ហានៃរោគមុន។ ហើយចំពោះអ្នកចាញ់ឡាក់តូសវិញ ប្រសិនបើទទួលទានទឹកដោះគោក៏អាចនឹងជួបប្រទះបញ្ហាស្បែកជាច្រើនដូចជា រោគមុន និងជំងឺសើស្បែកត្រអក។

៣. សាច់កែច្នៃ

សាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ សាច់ប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានសាច់កែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។

៤. ទឹកផ្លែឈើកំប៉ុង ឬដប

ទឹកផ្លែឈើប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិស្ករមិនចាញ់ភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុងឡើយ! ជាតិស្ករនៅក្នុងទឹកផ្លែឈើកំប៉ុង ឬដបផ្ដល់ផលអាក្រក់គួរឱ្យព្រួយបារម្ភចំពោះស្បែក ដោយវាបំបែកកូឡាជែនដ៏សំខាន់ក្នុងស្បែក។ លើសពីនេះទៅទៀត ទឹកផ្លែឈើកំប៉ុង ឬដបគ្មានផ្ទុកជាតិសសៃដែលស្បែកត្រូវការចាំបាច់គ្រប់គ្រាន់ឡើយ។ ដូច្នេះដើម្បីជាការប្រសើរចំពោះសុខភាពស្បែកជៀសផុតពីជាតិពុល ក៏ដូចជាបញ្ហានានា ហើយទទួលបាននូវវីតាមីន និងជាតិរ៉ែល្អៗ អ្នកអាចកិនផ្លែឈើស្រស់ ឬបន្លែជាភេសជ្ជៈយកមកទទួលទានដោយខ្លួនឯង ជំនួសការទិញទឹកផ្លែឈើកំប៉ុង ឬដបមកទទួលទាន។អ្នកក៏អាចទទួលទានផ្លែឈើស្រស់ៗតែម្ដងដើម្បីទទួលបាននូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនពេញលេញដែលមានផ្ទុកក្នុងផ្លែឈើ។

៥. អាហារបំពង ឬចៀន

អាហារប្រភេទនេះភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលបង្កបញ្ហាមុនបានយ៉ាងាយលើស្បែក។ ជាតិខ្លាញ់ ក៏ដូចជាជាតិប្រេងក្នុងអាហារបំពងកែច្នៃអាចធ្វើឱ្យស្បែកគ្មានសុខភាពល្អនិងថែមទាំងប្រមូលផ្ដុំខ្លាញ់ហួសប្រមាណទៀតផង៕