ការទទួលទានអាហារផ្ដេសផ្ដាសនៅពេលមានដំបៅក្រពះអាចបណ្ដាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួលរងការឈឺចាប់ខ្លាំងពិបាកទ្រាំក្នុងពោះជាក់ជាមិនខាន! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រហាយទ្រូង, ចង្អោរចង់ក្អួត, ក្អួត និងហើមពោះ ជាអាការៈគួរឱ្យរំខានផ្សេងទៀតនៃបញ្ហាដំបៅក្រពះ។ ដូច្នេះហើយទើបការដឹងពីអ្វីដែលអ្នកគួរទទួលទាននៅពេលជួបប្រទះបញ្ហាដំបៅក្រពះ គឺពិតជាសំខាន់ណាស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលមាមប្រសិទ្ធិភាពខ្ពស់ជួយបំបាត់អាការៈនៃបញ្ហាដំបៅក្រពះ ក៏ដូចជាពន្លឿនរយៈពេលជាសះស្បើយ ៖
១. ផ្លែឈើមានផ្ទុកជាតិអាស៊ីតទាប
ពិតណាស់ដែលផ្លែឈើល្អសម្រាប់អ្នកជំងឺដំបៅក្រពះ ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយវីតាមីន ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានផ្លែឈើដែលមានផ្ទុកជាតិអាស៊ីតខ្ពស់ឡើយក៏ព្រោះវាអាចបណ្ដាលឱ្យស្ថានភាពនៃដំបៅក្រពះកាន់តែអាក្រក់ឡើង។ ហើយផ្លែឈើដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃមានដូចជាផ្លែគីវី ចេក ទំពាំងបាយជូរ ប៉ោម សេរ៊ី បឺរី ផ្លែបឺរ ល្ហុង និងត្រសក់ស្រូវ។
២. ឆៃថាវ
បន្លែមើមនេះមានផ្ទុកសម្បូរទៅដោយស្ពាន់ធ័រដែលជាជាតិរ៉ែម្យ៉ាងមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងបន្សាបជាតិពុល។ ការរួមបញ្ចូលបន្លែមើមនេះក្នុងរបបអាហារប្រចាំថ្ងៃជួយកម្ចាត់និងរារាំងរាល់បាក់តេរីដែលបង្កបញ្ហាដំបៅក្រពះបានយ៉ាងប្រសើរ។
៣. ទឹកឃ្មុំឆៅ
ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ និងសម្បូរទៅដោយសារធាតុចិញ្ចឹមហើយនោះ ទឹកឃ្មុំ ក៏មានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីផងដែរ។ ដូច្នេះហើយទើបទឹកឃ្មុំប្រសើរក្នុងការព្យាបាលដំបៅក្រពះដែលបណ្ដាលមកពីបាក់តេរី H. pylori។ អ្នកគួរទទួលទានទឹកឃ្មុំ ១ ស្លាបព្រាបាយនៅពេលព្រឹក និង ១ ស្លាបព្រាបាយទៀតនៅមុនពេលចូលគេង។ អ្នកក៏អាចលាបទឹកឃ្មុំលើនំស្រួយ ឬនំប័ុងដើម្បីទទួលទានផងដែរ។ គ្រាន់តែប្រាកដថា ទឹកឃ្មុំដែលអ្នកទទួលទាននោះ គឺឆៅ និងមិនកែច្នៃ។
៤. ពោតបារាំង
នោះក៏ព្រោះពោតបារាំងមានផ្ទុកនូវជាតិរំអិលដែលមានប្រយោជន៍ព្យាបាលដំបៅក្រពះពោះវៀនគួរឲ្យកត់សម្គាល់ ហើយថែមទាំងជួយមិនឲ្យអាការៈកាន់តែរាលដាលធ្ងន់ធ្ងរឡើង។
៥. បន្លែ Cruciferous
បន្លែប្រភេទ Cruciferous រួមមានផ្កាខាត់ណា ពន្លកផ្កាស្ពៃ ស្ពៃក្ដោប និង ផ្កាស្ពៃ ក៏ដូចជាស្ពៃក្រញ៉ាញ់មានផ្ទុកសម្បូរទៅដោយស្ពាន់ធ័រដែលជាជាតិរ៉ែម្យ៉ាងមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងបន្សាបជាតិពុល។ ការរួមបញ្ចូលបន្លែទាំងនេះក្នុងរបបអាហារប្រចាំថ្ងៃជួយកម្ចាត់និងរារាំងរាល់បាក់តេរីដែលបង្កបញ្ហាដំបៅក្រពះបានយ៉ាងប្រសើរ។
៦. យ៉ាអួរ
ការទទួលទានយ៉ាអួរជួយបង្កើនបាក់តេរីល្អៗដែលល្អសម្រាប់ទាំងអ្នកមាន ឬគ្មានបញ្ហាដំបៅក្រពះ។ បាក់តេរីល្អជួយកម្ចាត់បាក់តេរី H. pylori និងពន្លឿនរយៈពេលជាសះស្បើយនៃដំបៅ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរទទួលទានយ៉ាអួរគ្មានជាតិខ្លាញ់ និងគ្មានលាយរសជាតិផ្សេងៗ។
៧. អាហារប្រូតេអ៊ីន និងអាហារផ្សំឡើងពីទឹកដោះគោជាតិខ្លាញ់ទាប
អ្នកត្រូវទទួលទានអាហារប្រូតេអ៊ីនដើម្បីជួយព្យាបាលដំបៅក្នុងក្រពះដែលបង្កការឈឺចាប់។ សាច់គោ និងសាច់ជ្រូកគ្មានខ្លាញ់ សាច់មាន់គ្មានស្បែកជាប្រភពដ៏ប្រសើរបំផុតនៃប្រូតេអ៊ីន។ ហើយផលិតផលផ្សំឡើងពីទឹកដោះគោមានជាតិខ្លាញ់ទាប ក៏ប្រសើរបំផុតសម្រាប់អ្នកមានបញ្ហាដំបៅក្រពះផងដែរ។ ដើម្បីឆាប់ជាសះស្បើយ ការកម្រិត ឬកំណត់ការទទួលទានជាតិខ្លាញ់ គឺចាំបាច់ណាស់។
៨. អាហារសម្បូរជាតិសសៃ
ជាតិសសៃអាចកាត់បន្ថយបរិមាណនៃជាតិអាស៊ីតក្នុងក្រពះ ព្រមទាំងបំបាត់អាការៈហើមនិងឈឺចាប់បានយ៉ាងប្រសើរ៕