ការលូតលាស់នៃខួរក្បាលកូនចែកជា៣ដំណាក់កាល ដោយដំណាក់កាលទី១គឺចាប់ពីកូនមានអាយុ៣ខែ រហូតដល់៦ខែ ខួរក្បាលកូនលូតលាស់បានប្រហែលពី៥០% ទៅ៦០% ហើយដំណាក់កាលទី២គឺចាប់ពី៦ខែ រហូតដល់កូនមានអាយុ៣ឆ្នាំ ខួរក្បាលកូននឹងលូតលាស់ប្រហែលពី៨០%ទៅ៩០% ហើយដំណាក់កាលចុងក្រោយគឺចាប់ពី៣ឆ្នាំរហូតដល់៦ឆ្នាំ។ ដូចនេះប្រសិនជាអ្នកចង់ឲ្យកូនមានខួរក្បាលដែលឆ្លាតមួយ អ្នកត្រូវតែធ្វើរឿងមួយចំនួនក្នុងដំណាក់កាលទាំង៣នេះ។ តើមានរឿងអ្វីខ្លះទៅ?
1. អ្នកត្រូវតែផ្តល់ប្រូតេអ៊ីន និងDHAដល់កូនឲ្យបានគ្រប់គ្រាន់ ព្រោះសារធាតុទាំងពីរប្រភេទនេះគឺជាគន្លឹះសំខាន់ក្នុងការពង្រឹងខួរក្បាលកូនឲ្យកាន់តែមានភាពឆ្លាតវៃ។
2. នៅពេលដែលកូននៅក្នុងពោះអ្នក អ្នកគឺត្រូវតែចាប់ផ្តើមនិយាយជាមួយកូនហើយ ដោយអ្នកអាចអង្អែរពោះរបស់អ្នកហើយនិយាយជាមួយគេ និយាយរហូតដល់គេចេញពីពោះអ្នក ក៏អ្នកត្រូវតែបន្តនិយាយដែរ ព្រោះធ្វើបែបនេះវាអាចជួយជម្រុញឲ្យខួរក្បាលកូនលូតលាស់បានល្អ ជាហេតុដែលអាចធ្វើឲ្យគេក្លាយជាមនុស្សពូកែម្នាក់ ដោយសារតែគេមានខួរក្បាលដែលឆ្លាតមួយដែលអ្នកផ្តល់ឲ្យគេ។
3. ក្មេងដែលគេងមិនគ្រប់ក្នុងរយៈពេលយូរអាចធ្វើឲ្យគេមានអារម្មណ៍មិនមូល និងមានការចងចាំខ្សោយ។ ដូចនេះអ្នកគួរតែឲ្យកូនចូលគេងពីព្រលប់ ទើបខួរក្បាលកូនអាចលូតលាស់បានល្អជាងក្មេងដទៃ។
4. នៅពេលដែលអ្នកនាំកូនចូលរួមសកម្មភាពក្នុងសង្គមច្រើន ខួរក្បាលកូននឹងកាន់តែលូតលាស់បានល្អ ដោយសារតែគេអាចលោត ប៉ះ ចាប់ ស្ទាប ឬទទួលអ្វីពីអ្នកដទៃ។ ដូចនេះនៅពេលដែលគេបញ្ចេញសកម្មភាពផ្សេងៗច្រើន គេនឹងអាចមានខួរក្បាលដ៏ឆ្លាតវៃមួយជាមិនខានឡើយ៕