ផ្លែប៉ោមគឺជាផ្លែឈើដែលប្រជាជនទូទាំងពិភពលោកនិយមទទួលទាន ហើយវាក៏ជាអាហារសម្រន់ដ៏ល្អមួយផងដែរ។ យ៉ាងណាមិញ ប្រជាជនខ្មែរយើងនិយមខ្លាំងជាងគេគឺប្រើផ្លែប៉ោមសម្រាប់កម្មវិធីសែនព្រេន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះផ្លែប៉ោមពណ៌បៃតងវិញ ដូចជាមិនសូវមានការចាប់អារម្មណ៍ច្រើនសោះ ព្រោះមិនសូវមានអ្នកទទួលទាន និងមិនសូវមានលក់នៅតាមទីផ្សា។ យ៉ាងណាមិញ និយាយដល់ផ្លែប៉ោមពណ៌បៃតង ទំនងជាមិនសូវមាននរណាយល់ដឹងអំពីអត្ថប្រយោជន៍របស់វានៅឡើយទេ។ ដូច្នេះខ្ញុំសូមណែនាំអំពីប្រយោជន៍ជាច្រើននៃការញ៉ាំផ្លែប៉ោមពណ៌បៃតងជាប្រចាំដូចខាងក្រោមនេះ៖
កាត់បន្ថយការប្រឈមនឹងជំងឺមហារីក
ដោយយោងទៅតាមការសិក្សាជាច្រើនបានឲ្យដឹងថា ផ្លែប៉ោមពណ៌បៃតងអាចជាប្រភពជួយកាត់បន្ថយការលូតលាស់កោសិកាមហារីក។ ជាក់ស្តែងសារធាតុ Phytochemical និង Flavonoids ដែលមានក្នុងផ្លែប៉ោមពណ៌បៃតងអាចបន្ថយការលូតលាស់កោសិកាមហារីកសុដន់ជាពិសេស។ ក្រៅពីនេះសម្បករបស់ផ្លែប៉ោម មានអង់ទីអុកស៊ីដង់ខ្ពស់ ដែលអាចបន្ថយការលូតលាស់ជំងឺមហារីកបានយ៉ាងជោគជ័យ។
ច្រោះជាតិពុលក្នុងថ្លើម
ផ្លែប៉ោមពណ៌បៃតងអាចច្រោះជាតិពុលក្នុងថ្លើមបាន ដោយសារតែអង់ទីអុកស៊ីដង់ និងជាតិសរសៃរបស់វា ជួយបង្កើនការផលិតទឹកប្រមាត់ សម្រាប់ជួយបញ្ចេញជាតិពុលមុនពេលវាចូលដល់ថ្លើម។ សារធាតុ Ursolic Acid ក្នុងផ្លែប៉ោមក៏ជួយកាត់បន្ថយការប្រឈមនឹងជំងឺថ្លើមបានច្រើនដែរ។
ពង្រឹងដល់សុខភាពឆ្អឹង
នៅពេលអ្នកអាយុកាន់តែច្រើន ឆ្អឹងនឹងចាប់ផ្តើមបាត់បង់ភាពរឹងមាំ ហើយក៏ពិបាកនឹងធ្វើឲ្យឆ្អឹងដែលបាក់វិលមកភាពដើមវិញដែរ។ វីតាមីន C ក្នុងផ្លែប៉ោមពណ៌បៃតងនឹងជួយផលិតកូឡាជែន ដែលវាជាសារធាតុដ៏សំខាន់មួយក្នុងការជួយជម្រុញដល់សុខភាពឆ្អឹង ហើយក៏កាត់បន្ថយឱកាសកើតជំងឺពុកឆ្អឹងដោយប្រយោលដែរ។
ពង្រឹងដល់ការរំលាយអាហារ
ជាតិសរសៃក្នុងផ្លែប៉ោមពណ៌បៃតងនឹងជួយបញ្ចេញចោលនូវសារធាតុលោហៈ និងអាហារដែលមិនល្អចេញពីរាងកាយ ព្រមទាំងជួយទាញទឹកចូលក្នុងពោះវៀនដើម្បីបំបាត់អាការៈទល់លាមកទៀត។
ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
ការសិក្សាបានបង្ហាញថា អង់ទីអុកស៊ីដង់ក្នុងផ្លែប៉ោមអាចជួយសម្រួលដល់ការខ្សត់ខ្សោយខាងប្រព័ន្ធភាពស៊ាំនៅពេលអាយុកាន់តែច្រើនបាន។ ជាមួយគ្នានឹងវត្តមានរបស់ជាតិរ៉ែ និងវីតាមីនទៀតនោះ វានឹងបង្កើនមុខងារប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងអាការៈអាឡែហ្ស៊ី ឬការបង្ករោគនានាបាន។
ពង្រឹងដល់ភាពមើលឃើញកាន់តែច្បាស់របស់ភ្នែក
របបអាហារដែលមានផ្លែប៉ោមពណ៌បៃតងជាទៀងទាត់ក៏អាចជួយសម្រួលដល់ភាពមើលឃើញច្បាស់របស់ភ្នែកដែរ។ វីតាមីន C អង់ទីអុកស៊ីដង់ និង Phytonutrients នឹងជួយប្រឆាំងរ៉ាឌីកាលសេរីក្នុងរ៉េទីន ការពារកញ្ចក់ភ្នែក និងជួយឲ្យរបួសក្នុងភ្នែកឆាប់ជាវិញ។ ក្រៅពីនេះ វីតាមីន A របស់ផ្លែប៉ោមប្រភេទនេះក៏ជួយដល់សុខភាពភ្នែកដែរ។
សម្របសម្រួលដល់កូឡេស្តេរ៉ុល
ការញ៉ាំផ្លែប៉ោមពណ៌បៃតងទាំងឆៅ ឬទឹក សុទ្ធតែជួយបង្ការកុំឲ្យមានការបញ្ចេញកូឡេស្តេរ៉ុលក្នុងសរសៃឈាម ដោយសារតែសារធាតុ Phytonutrients ជួយកាត់បន្ថយឥទ្ធិពលរបស់កូឡេស្តេរ៉ុល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ ជាតិសរសៃរបស់វានឹងជួយអ្នកបន្ថយកូឡេស្តេរ៉ុលតាមរយៈរក្សាតុល្យភាពជាតិស្ករក្នុងឈាម៕