ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានមើមត្រាវ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាទប់ស្កាត់ជំងឺផ្សេងៗឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើមើមត្រាវប្រសើរយ៉ាងណាខ្លះទៅចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានមើមត្រាវ ៖
១. សុខភាពពោះវៀន
ត្រាវមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អសម្រាប់រក្សាសុខភាពពោះវៀនល្អប្រសើរ។ ការទទួលទានសម្បូរទៅដោយជាតិសសៃមិនត្រឹមតែជួយទប់ស្កាត់បញ្ហាទល់លាមកប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។
២. បញ្ចុះកូឡេស្តេរ៉ូលមិនល្អ
នោះក៏ព្រោះតែបរិមាណខ្ពស់នៃជាតិសសៃរបស់មើមត្រាវ។ ក្រៅពីជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អហើយនោះ ជាតិសសៃក៏មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងមុខងារនៃប្រព័ន្ធរំលាយអាហារគួរឱ្យកត់សម្កាល់។
៣. គ្រប់គ្រងសម្ពាធឈាម
មើមត្រាវជាប្រភពដ៏ល្អបំផុតមួយនៃជាតិប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមបានយ៉ាងប្រសើរ។ សម្ពាធឈាមប្រក្រតីទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខ្ពស់ក្បាល ជំងឺលើសឈាម និងជំងឺបេះដូង។
៤. គ្រប់គ្រងទម្ងន់
ក្រៅពីមានឥទ្ធិពលលើកម្រិតនៃកូឡេស្តេរ៉ូលហើយនោះ ជាតិសសៃក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ផងដែរ។ ដូច្នេះប្រសិនបើអ្នកចង់ចៀសផុតពីបញ្ហាធាត់ជ្រុលដែលជាកត្តាចម្បងនៃជំងឺរ៊ាំរ៉ៃផ្សេងៗនោះ ចូរកុំភ្លេចរួមបញ្ចូលមើមត្រាវក្នុងរបបអាហារប្រចាំថ្ងៃ។
៥. មានផ្ទុកសម្បូរទៅដោយវីតាមីន B
មើមត្រាវមានផ្ទុកសម្បូរទៅដោយវីតាមីន B ច្រើនប្រភេទរួមបញ្ចូលទាំងសារធាតុ riboflavin និងសារធាតុ folate។ សារធាតុ riboflavin មានប្រសិទ្ធភាពជួយបង្កើនថាមពលក្នុងរាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ រក្សាសុខភាពស្បែក សក់ និងក្រចក ហើយថែមទាំងអាចទប់ស្កាត់បញ្ហាឈឺក្បាលប្រកាំង និងជំងឺមហារីកទៀតផង ។ ខណៈដែលសារធាតុ Folate ជួយរាងកាយបំលែងកាបូអ៊ីដ្រាតទៅជាថាមពល ហើយអាចជួយការពារបេះដូង និងសុខភាពភ្នែក៕