ប៉ូតាស្យូម គឺជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយសម្រាប់គ្រប់គ្រងអេឡិចត្រូលីត្រ សារធាតុរាវ សម្ពាធឈាម ភាពរួញនៃសាច់ដុំ ការកន្ត្រាក់នៃសាច់ដុំ និងតុល្យភាពនៃជាតិរ៉ែក្នុងរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះការរក្សាបាននូវជាតិប៉ូតាស្យូមគ្រប់គ្រាន់ចាំបាច់ណាស់ដើម្បីចៀសផុតបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភផ្សេងៗ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម ៖
១. ផ្លែបឺរ
ក្រៅពីជាតិប៉ូតាស្យូម ផ្លែបឺរក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹម ជាតិរ៉ែ វីតាមីនដែលចាំបាច់សម្រាប់រក្សាបាននូវសុខភាពរឹងមាំប្រសើរផងដែរ។
២. ផ្លែចេក
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ចេកជាផ្លែឈើមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម។ ចេកក៏ជាអាហារសម្រន់ដ៏ល្អបំផុតមួយដែលអាចផ្ដល់ឱ្យរាងកាយនូវថាមពលបានយ៉ាងឆាប់រហ័សផងដែរ។ ក្រៅពីប៉ូតាស្យូមនិងថាមពល ចេកជាប្រភពដ៏ប្រសើរនៃវីតាមីន B6 វីតាមីន C និងជាតិសសៃ។
៣. សណ្ដែក
សណ្ដែកក៏ជាអាហារដែលមានផ្ទុកសម្បូរទៅប៉ូតាស្យូមគួរឱ្យកត់សម្គាល់។ ក្រៅពីផ្ដល់ជាតិប៉ូតាស្យូម ការទទួលទានសណ្ដែក គឺល្អសម្រាប់សុខភាពបេះដូងតាម
រយៈបរិមាណខ្ពស់នៃជាតិសសៃដែលវាមានផ្ទុក។
៤. ទឹកដូង
ទឹកដូងត្រឹមតែមួយពែងមានផ្ទុកជាតិប៉ូតាស្យូមដល់ទៅ ៦០០ មីលីក្រាមឯណោះ។ អ្វីដែលសំខាន់នោះ គឺភេសជ្ជៈនេះមានផ្ទុកកាឡូរី ឬជាតិស្ករទាប។
៥. ត្រី
ត្រីភាគច្រើនអាចផ្ដល់ឱ្យរាងកាយនូវជាតិប៉ូតាស្យូមចាំបាច់ប្រចាំថ្ងៃយ៉ាងហោចណាស់ ១០ ភាគរយ។ ត្រីក៏ជាប្រភពនៃវីតាមីន D និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ល្អចំពោះសុខភាពផងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលត្រីក្នុងរបបអាហារ៕