នរណាដែលមិនចង់បានបបូរមាត់ទន់រលោងពណ៌ស៊ីជំពូនោះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នារីភាគច្រើនជួបប្រទះបញ្ហាបបូរមាត់ខ្មៅស្ងួតមិនគួរឱ្យទាក់ទាញដែលបណ្ដាលមកពីមូលហេតុផ្សេងៗ រួមទាំងការជក់បារី ពន្លឺព្រះអាទិត្យ កាហ្វេអ៊ីនជាដើម។ ប៉ុន្តែឈប់បារម្ភទៀតទៅ គ្មានអ្វីពិបាកឡើយ! អ្នកមិនចាំបាច់ខ្ជះខ្ជាយប្រាក់ទិញផលិតផលថ្លៃទេ ក៏ព្រោះរូបមន្តបែបធម្មជាតិអាចជួយអ្នកបាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗសម្រាប់បបូរមាត់ទន់រលោងពណ៌ស៊ីជំពូ ៖
១. ទឹកគ្រាប់ទទឹម
នោះក៏ព្រោះតែទទឹមមានផ្ទុកសារធាតុ punicalagins។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីជ្រលក់ក្នុងទឹកគ្រាប់ទទឺមដែលកិនម៉ដ្ឋ រួចលាបដុសវាលើបបូរមាត់។ អនុវត្តជាប្រចាំរាល់ថ្ងៃរហូតទទួលបានលទ្ធផលគាប់ចិត្ត។
២. ក្រូចឆ្មារនិងស្ករស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយស្ករសលើក្រូចឆ្មារម្ខាង រួចយកមកដុសថ្នមៗលើបបូរមាត់សម្រាប់រយៈពេល ២ នាទី។ លាងសម្អាតកោសិកាងាប់ៗចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ អនុវត្តសារឡើងវិញសម្រាប់រយៈពេលពី ៥ ទៅ ៦ ថ្ងៃ ហើយអ្នកនឹងសម្គាល់ឃើញបបូរមាត់មានភាពទន់រលោងមានពណ៌ស៊ីជំពូខុសពីមុនមិនខាន។
៣. គ្រាប់ទទឹមនិងគ្រីមទឹកដោះគោ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនគ្រាប់ទទឹមចំនួនមួយក្ដាប់ដៃឱ្យម៉ដ្ឋ។ លាយគ្រាប់ទទឹមម៉ដ្ឋជាមួយគ្រីមទឹកដោះគោឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើបបូរមាត់និងទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តរូបមន្តនេះជាប្រចាំសម្រាប់រយៈពេល ១ ខែ ហើយអ្នកនឹងសម្គាល់ឃើញបបូរមាត់កាន់តែមានពណ៌ស៊ីជំពូពេញជាងមុន។
៤. ស្ករសនិងទឹកឃ្មុំ
ចូរលាយស្ករស ១ ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយលើបបូរមាត់ថ្នមៗសម្រាប់រយៈពេល ១ នាទី ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍៕