ទឹកឃ្មុំជាអាហារមានរសជាតិផ្អែមឈ្ងុយមួយប្រភេទដែលតែងត្រូវបានយកមកផ្សំបន្ថែមក្នុងម្ហូបផ្សេងៗ រួមទាំងបង្អែមនិងភេសជ្ជៈដើម្បីបង្កើនឱជារស។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីភាគច្រើននៃពួកយើងស្គាល់ ឬឧស្សាហ៍ទទួលទានទឹកឃ្មុំញឹកញាប់ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាទឹកឃ្មុំអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពបាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃទឹកឃ្មុំ ៖
១. ព្យាបាលជំងឺហឺត
ទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មារស្រស់ គឺមានប្រសិទ្ធិភាពសម្រួលផ្លូវដង្ហើមបានយ៉ាងប្រសើរ។ ភេសជ្ជៈក្រូចឆ្មារទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងការរលាកដែលជួយក្នុងការព្យាបាលបញ្ហាផ្លូវដង្ហើមគួរឱ្យកត់សម្គាល់។ ភេសជ្ជៈនេះក៏ល្អសម្រាប់អ្នកជំងឺហឺតដោយវីតាមីន C នៃក្រូចឆ្មារជួយពង្រឹងប្រព័ន្ធផ្លូវដង្ហើមដែលសម្រួលដល់ការដកដង្ហើម។ គ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចកូរអោយសព្វ។ កុំភ្លេចទទួលទានភេសជ្ជៈនេះអោយបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។
២. ផ្ដល់ឱ្យរាងកាយនូវសារធាតុប្រឆាំងអុកស៊ីតកម្ម
ទឹកឃ្មុំមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងវីតាមីន C ដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីជួយទប់ស្កាត់និងកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាបង្កជាជំងឺគួរឱ្យព្រួយបារម្ភផ្សេងៗដូចជាជំងឺភ្លេចភ្លាំង ជំងឺទឹកនោមផ្អែម ជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺបេះដូង។ អ្នកអាចទទួលទានទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មារ និងទឹកក្ដៅឧណ្ហៗទទួលទាន ១ ពែងរាល់ព្រឹកដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៣. ព្យាបាលក្អក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាបាយជាមួយទឹកដោះគោក្ដៅឧណ្ហៗមួយកែវ។ កូរអោយសព្វសឹមទទួលទានជាការស្រេច។
៤. បង្កើនគ្រាប់ឈាមក្រហម
ទឹកឃ្មុំជាប្រភពដ៏ល្អបំផុតមួយដែរនៃជាតិដែក។ ត្រឹម ១០០ ក្រាមទឹកឃ្មុំមានផ្ទុកជាតិដែកដល់ទៅ ០.៤២ មីលីក្រាម។ លើសពីនេះទៅទៀតទឹកឃ្មុំក៏មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមនិងជាតិទង់ដែងដែលជួយបង្កើនអេម៉ូក្លូប៊ីនក្នុងរាងកាយផងដែរ។ គ្រាន់តែទទួលទានទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយទឹកក្រូចឆ្មារស្រស់ ១ កែវនៅពេលព្រឹកមិនទាន់ទទួលទានអ្វីផ្សេងនឹងជួយប្រយុទ្ធប្រឆាំងបញ្ហាខ្វះគ្រាប់ឈាមក្រហមបានយ៉ាងប្រសើរ។
៥. បំបាត់អាការៈឈឺអញ្ចាញធ្មេញ
អ្វីដែលអ្នកត្រូវធ្វើ គឺចាក់ទឹកឃ្មុំមួយចំនួនលើម្រាមដៃ រួចម៉ាស្សាថ្នមៗលើអញ្ចាញ។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហាឈាមអញ្ចាញ។ ប៉ុន្តែត្រូវប្រាកដថា អ្នកបានលាបទឹកឃ្មុំលើអញ្ចាញទៀងទាត់៕