Join with Health.com.kh on Telegram

បើសិនជាការវិលមុខកើតឡើងតែម្តងទេនោះ អ្នកប្រហែលជាមិនមែនពិបាកគេងឲ្យលក់នោះទេ។ តែបើសិនជាការវិលមុខនេះកើតឡើងពេញមួយថ្ងៃ យកល្អគួរតែឲ្យពេទ្យពិនិត្យសម្ពាធឈាមដើម្បីរកមើលមូលហេតុរបស់វាទៅ។ ខាងក្រោមនេះគឺជាមធ្យោបាយខ្លះៗដែលអ្នកអាចដោះស្រាយជាមួយនឹងអាការៈវិលមុខក្នុងពេលមានផ្ទៃពោះបាន៖

ងើបពីកៅអីយឺតៗ

ចូរចាំថា នៅពេលអ្នកអង្គុយចុះ លំហូរឈាមនឹងកកកុញនៅក្នុងប្រអប់ជើង និងអវៈយវៈខាងក្រោម។ បើសិនជាអ្នកត្រូវងើបចេញពីកៅអី ឈាមដែលត្រូវហូរចូលបេះដូង និងខួរក្បាវិញអាចនឹងមិនលឿនដូចធម្មតាទេ ហើយវាក៏អាចបណ្តាលឲ្យសម្ពាធឈាមធ្លាក់ចុះ និងមានអារម្មណ៍ធីងធោងបាន។ 

កុំឈរយូពេក

ចូរចៀសវាងការឈររយៈពេលយូរពេក និងព្យាយាមអង្គុយខ្លះទៅ។ បើសិនជាអ្នកមិនអាចអង្គុយទេ គ្រាន់តែធ្វើចលនាចុះឡើងបន្ថែមទៀតទៅបានហើយដើម្បីចៀសវាងការកកកុញលំហូរឈាមក្នុងអវៈយវៈខាងក្រោមច្រើនពេក។ 

ចៀសវាងការគេងផ្ងាជាពិសេសត្រីមាស់ទី២និងទី៣

ការលូតលាស់របស់ស្បូននឹងសង្កត់ទៅលើសរីរាង្គសំខាន់ៗក្នុងខ្លួនដូចជា បេះដូង តម្រងនោម និងសួត។ រឿងអាក្រក់បំផុតដែលអាចកើតឡើងនោះគឺថា កាលណាគេងផ្ងានឹងធ្វើឲ្យលំហូរឈាមហូរកាន់តែយឺត និងសង្កត់ទៅលើសរីរាង្គទាំងនោះរហូតដល់មានអារម្មណ៍ធីងធោងខ្លាំងនៅពេលងើបពីគេងវិញ។ 

បំពេញជាតិទឹកឲ្យគ្រប់គ្រាន់

ការខ្សោះជាតិទឹក និងមិនបានញ៉ាំអីយូរពេកក៏អាចជាហេតុផលមួយនាំឲ្យវិលមុខបានដែឬ។ ការញ៉ាំទឹក ៨កែវក្នុងមួយថ្ងៃ និងញ៉ាំអាហារទៀងទាត់ពេលវេលាអាចជួយបង្ការការវិលមុខបានយ៉ាងល្អ។ 

ដោះស្រាយបញ្ហាកង្វះគ្រាប់ឈាមក្រហម

ការកង្វះគ្រាប់ឈាមក្រហមដោយសារតែការមានផ្ទៃពោះក៏ជាមូលហេតុមួយនាំឲ្យវិលមុខក្នុងពេលមានផ្ទៃពោះដែរ។ ដូច្នេះចូរប្រាកដថាអ្នកបានប្រើប្រាស់ថ្នាំគ្រាប់ជាដែកទៀងទាត់ពេលវេលា និងញ៉ាំអាហារសម្បូរជាតិដែកច្រើនដូចជា បន្លែពណ៌បៃតង និងសាច់។

ចៀសវាងការងារនឿយហត់និងស្រ្តេសពេក

ការលើករបស់របរធ្ងន់ ឬហាត់ប្រាណច្រើនពេកអាចបង្កបញ្ហាដូចគ្នា។ ពេលខ្លះ ការស្លៀកសម្លៀកបំពាក់តឹងៗក៏អាចបណ្តាលឲ្យក្តៅក្នុងខ្លួនពេក និងវិលមុខដែរ។ រឿងនេះដូចគ្នានឹងការត្រាំខ្លួនក្នុងបន្ទប់សូរណាដែរ ព្រោះតែកន្លែងនោះវាក្តៅ ដូច្នេះស្រ្តីមានផ្ទៃពោះគួរតែចៀសវាង៕