Join with Health.com.kh on Telegram

អាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពសម្រស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាហារមួយចំនួនមិនល្អសម្រាប់សុខភាពស្បែកឡើយដោយអាចធ្វើឱ្យប្រែជាឆាប់ចាស់ជាងវ័យ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរជៀសវាងដើម្បីរក្សាបាននូវស្បែកក្មេងជាងវ័យរយៈពេលយូរ ៖

១. សាច់ក្រហម

នោះក៏ព្រោះតែសាច់ក្រហមមានផ្ទុកជាតិ carnitine ខ្ពស់ដែលអាចធ្វើឱ្យជញ្ជាំងសសៃឈាមឡើងរឹងបង្កបញ្ហានៃភាពចាស់ជាងវ័យ។

២. សាច់កែច្នៃ

សាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ សាច់ប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានសាច់កែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។

៣. អំបិល

ជាពិសេសអំបិលអ៊ីយ៉ូដ គឺមិនល្អសម្រាប់សុខភាពស្បែកឡើយ ក៏ព្រោះវាធ្វើឱ្យជាលិកាប្រែជាហើម និងឡើងមុន។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទាន
អំបិលក្នុងកម្រិតមធ្យម។

៤. ទឹកផ្លែឈើកំប៉ុង ឬដប

ទឹកផ្លែឈើប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិស្ករមិនចាញ់ភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុងឡើយ! ជាតិស្ករនៅក្នុងទឹកផ្លែឈើកំប៉ុង ឬដបផ្ដល់ផលអាក្រក់គួរឱ្យព្រួយបារម្ភចំពោះស្បែក ដោយវាបំបែកកូឡាជែនដ៏សំខាន់ក្នុងស្បែក។ លើសពីនេះទៅទៀត ទឹកផ្លែឈើកំប៉ុង ឬដបគ្មានផ្ទុកជាតិសសៃដែលស្បែកត្រូវការចាំបាច់គ្រប់គ្រាន់ឡើយ។ ដូច្នេះដើម្បីជាការប្រសើរចំពោះសុខភាពស្បែកជៀសផុតពីជាតិពុល ក៏ដូចជាបញ្ហានានា ហើយទទួលបាននូវវីតាមីន និងជាតិរ៉ែល្អៗ អ្នកអាចកិនផ្លែឈើស្រស់ ឬបន្លែជាភេសជ្ជៈយកមកទទួលទានដោយខ្លួនឯង ជំនួសការទិញទឹកផ្លែឈើកំប៉ុង ឬដបមកទទួលទាន។អ្នកក៏អាចទទួលទានផ្លែឈើស្រស់ៗតែម្ដង ដើម្បីទទួលបាននូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនពេញលេញដែលមានផ្ទុកក្នុងផ្លែឈើ

៥. ស្ករ

ស្ករ គឺជាប្រភេទនៃអាហារដែលធ្វើអោយស្បែកឆាប់ចាស់ជាងវ័យលឿនបំផុត ហើយវាក៏បង្កផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ស្ករក៏ពន្លឿនការលេចឡើងនៃស្នាមជ្រីវជ្រួញ និងធ្វើអោយស្បែកស្រអាប់គ្មានពន្លឺដោយសារវាបំផ្លាញកូឡាជែននិងភាពបត់បែននៃស្បែក។ ព្យាយាមទទួលទានផ្លែឈើជំនួសការទទួលស្ករ ឬអាហារផ្អែមច្រើនហួស។

៦. អាហារចៀន ឬបំពង

ជាតិខ្លាញ់មិនល្អនៃអាហារចៀន ឬបំពងមានផ្ទុករ៉ាឌីកាល់សេរីដែលបង្កការរាំងស្ទះរន្ធញើស។ អ្នកគួររួមបញ្ចូលផ្លែបឺរ និងប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃជំនួសវិញដើម្បីទទួលបាននូវជាតិខ្លាញ់សុខភាពល្អ។

៧. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងច្រើននឹងបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ជាលទ្ធផលស្បែកត្រូវទទួលរងផលប៉ះពាល់ដោយប្រែជាស្ងួតគ្មានសំណើម ឆាប់ជ្រីវជ្រួញ។ គ្រឿងស្រវឹងក៏ធ្វើអោយសសៃឈាមរីកធំបណ្ដាលអោយស្បែកប្រែជាស្រអាប់។

៨. កាហ្វេអ៊ីន

កាហ្វេអ៊ីនក៏បង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយផងដែរ។ ជាលទ្ធផលស្បែកនឹងប្រែជាស្ងួត ហើយបង្កើនការផលិតអ័រម៉ូនស្ត្រេស cortisol ដែលពន្លឿនដំណើរការនៃភាពចាស់តាមវ័យនៃស្បែក៕