អាការៈក្រហាយទ្រូងជាញឹកញយកើតមានឡើងក្រោយពេលអ្នកទទួលទានអ្វីមិនល្អដែលអាចបណ្ដាលឱ្យច្រាលអាស៊ីតក្រពះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះដើម្បីទប់ស្កាត់បញ្ហានេះអ្នកគួរបញ្ឈប់ការទទួលទានអាហារមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលគួរចៀសវាង រួមទាំងគន្លឹះងាយៗដើម្បីដោះស្រាយបញ្ហា ៖
- អាហារគួរចៀសវាង ៖
១. ប៉េងប៉ោះ
នោះក៏ព្រោះតែប៉េងប៉ោះមានផ្ទុកជាតិអាស៊ីតខ្ពស់ដែលបង្កើនហានិភ័យនៃបញ្ហាក្រហាយទ្រូង។
២. អាហារចៀន ឬបំពង
អាហារប្រភេទនេះភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលពិបាករំលាយ។ នៅពេលអាហារត្រូវការពេលយូរដើម្បីរំលាយនោះក្រពះនិងបំពង់អាហារត្រូវធ្វើការលើសកម្រិតដែលបង្កបញ្ហាច្រាលអាស៊ីតក្រពះក្រហាយទ្រូង។
៣. គ្រឿងស្រវឹង
ភេសជ្ជៈមានជាតិអាល់កុលបង្កើនបរិមាណនៃជាតិអាស៊ីតក្នុងក្រពះដែលបណ្ដាលឱ្យអ្នកក្រហាយទ្រូងឈឺចាប់កាន់តែខ្លាំង។ ទោះបីជាទទួលទានក្នុងកម្រិតមធ្យមក៏ដោយ ក៏គ្រឿងស្រវឹង ឬជាតិអាល់កុលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះម្ដងម្កាលដែរ។
៤. ខ្ទឹមបារាំងនិងខ្ទឹមស
ជាពិសេសខ្ទឹមបារាំងនិងខ្ទឹមសឆៅ គឺមានផ្ទុកសមាសធាតុ FODMAPs ដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ រួមជាមួយអាការៈក្រហាយទ្រូងគួរឱ្យកត់សម្គាល់។
៥. អាហារហឹរ
កត្តាចម្បងមួយទៀតដែលបង្កបញ្ហាក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះ គឺការទទួលទានអាហារហឹរ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកាត់បន្ថយការទទួលទានអាហារហឹររបស់អ្នក។
៦. ទឹកក្រូចស្រស់
ប្រសិនបើអ្នកឧស្សាហ៍ទទួលទានទឹកក្រូចស្រស់នៅពេលព្រឹកមិនទាន់ញ៊ាំអាហារអ្វីសោះនោះ គឺប្រាកដជាងាយប្រឈមមុខជាមួយបញ្ហាក្រហាយទ្រូងណាស់។ នោះក៏ព្រោះតែទឹកក្រូចស្រស់មានផ្ទុកជាតិអាស៊ីតខ្ពស់!
- គន្លឹះដោះស្រាយបញ្ហាក្រហាយទ្រូងច្រាលអាស៊ីតក្រពះ ៖
១. ចាប់ផ្ដើមសម្រកទម្ងន់
ប្រសិនបើអ្នកធាត់លើសទម្ងន់ ហើយជួបប្រទះបញ្ហាជំងឺច្រាលទឹកអាស៊ីតក្រពះ នោះអ្នកគួរចាប់ផ្ដើមព្យាយាមសម្រកទម្ងន់។ ខ្លាញ់ក្បាលពោះច្រើនប៉ុណ្ណា ហានិភ័យនៃជំងឺ Hiatal hernia បណ្ដាលឱ្យកើតមានបញ្ហាច្រាលទឹកអាស៊ីតក្រពះកាន់តែខ្ពស់ប៉ុននោះដែរ។
២. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងនៅពេលអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ គឺមិនល្អសោះឡើយ ដោយវាអាចធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។ ភេសជ្ជៈមានជាតិអាល់កុលបង្កើនបរិមាណនៃជាតិអាស៊ីតក្នុងក្រពះដែលបណ្ដាលឱ្យអ្នកក្រហាយទ្រូងឈឺចាប់កាន់តែខ្លាំង។ ទោះបីជាទទួលទានក្នុងកម្រិតមធ្យមក៏ដោយ ក៏គ្រឿងស្រវឹង ឬជាតិ
អាល់កុលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះម្ដងម្កាលដែរ។
៣. ទទួលទានគ្រាប់ជី
គ្រាប់ជី មានប្រសិទ្ធិភាពបំផុតដោះស្រាយបញ្ហាក្រហាយទ្រូងដោយវាជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ម៉ាញ៉េស្យូម ជាតិសសៃ ជាតិដែក និងសេលេញ៉ូម។ គ្រាន់តែយកគ្រាប់ជី ១ ស្លាបព្រាបាយពេញលាយជាមួយទឹកធម្មតា ហើយទទួលទានជាការស្រេច។
៤. សាកល្បងម្ស៉ៅ baking soda
វិធីងាយបំផុតក្នុងការបន្សាបជាតិអាស៊ីតទប់ស្កាត់បញ្ហាក្រហាយទ្រូង គឺលាយ
ម្ស៉ៅ baking soda កន្លះស្លាបព្រាបាយ ជាមួយទឹកធម្មតា ១ កែវ កូរឱ្យសព្វ រួចទទួលទានទឹកល្បាយនេះ។
៥. ទទួលទានទឹក
ប្រសិនបើទឹកដោះគោបែរជាធ្វើឱ្យអាការៈរបស់អ្នកកាន់តែអាក្រក់ជាងមុន ចូរទទួលទានទឹកធម្មតា ១ កែវ ជំនួសវិញ។ ទឹកមានប្រសិទ្ធិភាពធ្វើឲ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ ហើយដើម្បីជាការប្រសើរនោះចូរទទួលទានទឹក ១ ទៅ ២ កែវនៅពេលព្រឹកខណៈពេលពោះទទេរ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ៕