តើអ្នកកំពុងជួបប្រទះបញ្ហាឈឺចាប់ត្រង់កញ្ចឹងកមិនដឹងដោះស្រាយបែបណាមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនថាការឈឺចាប់បណ្ដាលមកពីឥរិយាបថមិនល្អ, ការរងរបួស ឬស្ថានភាពសុខភាពណាមួយនោះទេ គឺវានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជាអារម្មណ៍របស់អ្នក។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាឈឺចុកកញ្ចឹងកឆាប់រហ័ស ៖

១. ទឹកខ្មេះផ្លែប៉ោម

តាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មទឹកខ្មេះផ្លែប៉ោមអាចបំបាត់អាការៈឈឺកញ្ចឹងកបានយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀតទឹកខ្មេះផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលជួយបំបាត់ការឈឺចាប់បណ្ដាលមកពីកង្វះសារធាតុចិញ្ចឹមផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ក្រដាសជូតមាត់រឹង ឬកូនកន្សែងស្អាតមួយក្នុងទឹកខ្មេះផ្លែប៉ោម រួចដាក់ស្អំលើកញ្ចឹងកត្រង់កន្លែងឈឺចាប់សម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោងជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់ឈប់ឈឺ។

២. ស្អំកម្ដៅ ឬស្អំទឹកកក

ការស្អំទឹកកក ឬស្អំកម្ដៅត្រង់កញ្ចឹងកកន្លែងដែលទទួលរងការឈឺចាប់ គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុត។ ការស្អំកម្ដៅ និងការងូតទឹកក្ដៅឧណ្ហៗ គឺមានប្រសិទ្ធិភាពបំបាត់ការឈឺចាប់បានឆាប់រហ័សដូចគ្នា។

៣. លំហាត់ប្រាណកញ្ចឹងក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែធ្វើចលនា-ក យឺតៗពីក្រោយទៅមុខចំនួន ៥ ដង និងពីឆ្វេងទៅស្ដាំចំនួន ៥ ដងដែរជាការស្រេច។ ចូរព្យាយាមអនុវត្តលំហាត់ប្រាណនេះឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនបើមានការឈឺចាប់ខ្លាំង កុំប្រឹងបន្តអនុវត្ត ហើយប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។

៤. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ

ឌីសនៅចន្លោះឆ្អឹងខ្នងត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាការតម្រឹមឆ្អឹងខ្នង កម្ពស់ឌីសនិងកម្ចាត់សម្ពាធចេញពីឆ្អឹងខ្នង ក៏ដូចជាកាត់បន្ថយការឈឺចាប់ត្រង់កញ្ចឹងក។ ដូច្នេះចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់យ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ។

៥. គេងផ្ងារ

ការគេងផ្ងារ គឺផ្ដល់ភាពងាយស្រួលចំពោះក្បាល ឆ្នឹងខ្នង និង ក ឲ្យស្ថិតក្នុងទីតាំងអព្យាក្រឹតគ្មានអ្វីសង្កត់ប្រឆាំងជាមួយ។ ទីតាំងនៃការគេងបែបនេះល្អបំផុតចំពោះអ្នកដែលមានបញ្ហាច្រាលអាស៊ីតក្រពះ ប៉ុន្តែត្រូវប្រាកដថារាងកាយផ្នែកខាងលើ ឬទ្រក្បាល ឲ្យខ្ពស់ឡើងបន្តិច ដើម្បីឲ្យក្រពះស្ថិតនៅទាបជាងបំពង់អាហារ។ ទោះជាយ៉ាងណាក៏ដោយ ការគេងផ្ងារ គឺមិនត្រូវបានណែនាំចំពោះអ្នកដែលគេងស្រមុកឡើយ ក៏ព្រោះទីតាំងនេះអាចបណ្ដាលឲ្យអណ្ដាតធ្លាក់ចុះ ហើយរារាំងដល់ការដកដង្ហើម។

៦. គេងផ្អៀង

ទីតាំងនៃការគេងមួយទៀតដែលល្អប្រសើរបំផុតសម្រាប់អ្នកនោះ គឺការគេងផ្អៀងទៅម្ខាង។ មិនថាអ្នកគេងផ្អៀងទៅខាងស្ដាំ ឬឆ្វេងនោះទេ គឺការគេងរបៀបនេះជួយកាត់បន្ថយការឈឺចាប់ត្រង់ខ្នង និង ក ក៏ដូចជាការស្រមុកផងដែរ។ ការផ្អៀង គឺជាទីតាំងដ៏ល្អបំផុតមួយដើម្បីថែរក្សាសុខភាពរាងកាយទាំងមូល ចាប់តាំងពីឆ្អឹងខ្នងស្ថិតក្នុងសភាពត្រង់សន្ធឹង។ ប្រសិនបើអ្នកមានជំងឺ GERD ឬជំងឺអាស៊ីតច្រាល ឬក្រហាយទ្រូង ទីតាំងនៃការគេងដ៏ល្អបំផុត គឺគេងបែរទៅខាងឆ្វេង។ ទោះជាយ៉ាងណាក៏ដោយ ការគេងផ្អៀងមិនសូវល្អចំពោះផ្ទៃមុខ និងទ្រូង ដោយត្រូវទទួលរងនូវការសង្កត់ដែលអាចបង្កឲ្យឆាប់កើតមានស្នាមជ្រួញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង