​​ឯកសារ​សម្ងាត់​មួយ​បាន​លាតត្រដាង​ថា​ចារកម្ម​អង់គ្លេស​បាន​ចំណាយពេល​កន្លះ​សតវត្សរ៍​ដើម្បី​ព្យាយាម​ចាប់យក​យាន UFO ដូច្នេះ​ពួកគេ​អាច​ប្រើ​បច្ចេកវិជ្ជា​ក្រៅ​ភព​ដើម្បី​បង្កើត​កំពូល​អាវុធ​។​

​ឯកសារ​សម្ងាត់​នោះបាន​បង្ហាញថា រដ្ឋាភិបាល​អង់គ្លេស​ព្រួយបារម្ភ​ថា​សហភាពសូវៀត​ឬ​ចិន​បាន​ចាប់យក​យាន UFO និង​កំពុង​ប្រមូលយក​អាថ៌កំបាំង​របស់​យាន​នោះ​ដើម្បី​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​ទំនើប​ល្បឿន​លឿន​។​

​សំណុំ​ឯកសារ​សម្ងាត់​នេះ​បាន​លាតត្រដាង​ថា ពី​ឆ្នាំ ១៩៤៧ ដល់​ឆ្នាំ ១៩៩៧ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​បាន​បើក​ដំណើរការ​ការិយាល័យ UFO ចំនួន​២ ក្នុងនោះ​មាន​ការិយាល័យ​មួយ​ទុក​សម្រាប់​ទទួល​ទូរស័ព្ទ​ពី​សាធារណជន​។ ការងារ​ពិតប្រាកដ​ត្រូវបាន​ធ្វើឡើង​ជាសម្ងាត់​ដោយ​ពួក​ចារកម្ម ដែល​គេ​ចាត់តាំង​ឱ្យ​ស៊ើបអង្កេត​។​

​ការិយាល័យ UFO បាន​បិទ​ដំណើរការ​ក្នុង​ឆ្នាំ ១៩៩៧ បន្ទាប់ពី​មានការ​ព្រួយបារម្ភ​ថា ការងារ​របៀបនេះ​អាច​នឹង​រំខាន​ដល់​ចារកម្ម​ក្នុងការ​បំពេញ​កិច្ចការ​សំខាន់​ដទៃទៀត​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង