ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងរួចមកហើយអំពីអត្ថប្រយោជន៍នៃដំឡូងបារាំងចំពោះសុខភាពរាងកាយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែក្រៅពីអត្ថប្រយោជន៍សុខភាព តើអ្នកធ្លាប់បានចាប់អារម្មណ៍ទេថាទឹកដំឡូងបារាំងស្រស់ក៏អាចផ្ដល់ផលល្អៗអស្ចារ្យជាច្រើនចំពោះសុខភាពសម្រស់? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ដំឡូងបារាំងថែរក្សាសម្រស់ ៖
១. កម្ចាត់ស្នាមមុននិងស្នាមអ៊ុចខ្មៅ
អ្វីដែលអ្នកត្រូវការ គឺទឹកដំឡូងបារាំង ១ ស្លាបព្រាបាយ និងទឹកប៉េងប៉ោះស្រស់ ១ ស្លាបព្រាបាយ។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកដំឡូងបារាំងស្រស់ និងទឹកប៉េងប៉ោះស្រស់ចូលគ្នា។ កូរឱ្យសព្វ សឹមលាបទឹកល្បាយនេះលើស្នាមមុន និងស្នាមអ៊ុចខ្មៅលើផ្ទៃមុខរបស់អ្នក។ ទុកចោលសម្រាប់រយៈពេលប្រមាណពី ៤០ ទៅ ៤៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ ឬទុកចោលពេញមួយយប់ សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់ក៏បាន។ អ្នកអាចអនុវត្តរូបមន្តនេះរាល់ថ្ងៃ រហូតទទួលបានលទ្ធផលគាប់ចិត្ត។
២. ទប់ស្កាត់ស្នាមជ្រីវជ្រួញនិងធ្វើឱ្យស្បែកមុខស
អ្វីដែលអ្នកត្រូវការ គឺដំឡូងបារាំង ១ មើមតូច, ការ៉ុត ១ មើមតូច និងម្ស៉ៅរមៀត ១ ចិប។ អ្វីដែលអ្នកត្រូវធ្វើ គឺស្ងោរដំឡូងបារាំង និងការ៉ុតក្នុងទឹកធម្មតាសម្រាប់រយៈពេលប៉ុន្មាននាទីរហូតដល់ទន់។ ទុកឱ្យចុះត្រជាក់ សឹមហាន់ជាដុំតូចៗ រួចចាប់ផ្ដើមកិនរហូតដល់ក្លាយជាល្បាយម៉ដ្ឋខាប់ៗ ហើយបន្ថែមម្ស៉ៅរមៀតចូល និងកូរឱ្យសព្វ។ លាបល្បាយនេះលើផ្ទៃមុខ និងទុកចោលសម្រាប់រយៈពេល ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៣. កម្ចាត់ស្នាមខ្មៅរង្វង់ខ្មៅក្រោមភ្នែក
អ្វីដែលអ្នកត្រូវការ គឺទឹកដំឡូងបារាំងស្រស់ចំនួន ២ ស្លាបព្រាកាហ្វេ និងទឹកត្រសក់ស្រស់ចំនួន ២ ស្លាបព្រាកាហ្វេ។ លាយទឹកដំឡូងបារាំង និងទឹកត្រសក់ចូលគ្នាឱ្យសព្វ សឹមលាបទឹកល្បាយក្រោមភ្នែកមុនពេលចូលគេងយប់។ លាងសម្អាតចេញនៅព្រឹកបន្ទាប់ជាមួយទឹកត្រជាក់។
៤. បំបាត់បញ្ហាក្លៀកខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកដំឡូងបារាំងស្រស់ត្រង់ក្លៀក រួចទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញនិងជូតផ្ដិតៗឱ្យស្ងួតជាការស្រេច។
របៀបធ្វើទឹកដំឡូងបារាំងស្រស់ ៖ ដំបូងត្រូវលាងសម្អាតដំឡូងបារាំងឱ្យស្អាតជាមុនសិន រួចសឹមចិតសំបកចេញ ហើយកោស ឬឈូសយកសាច់ដំឡូងបារាំង។ បន្ទាប់មកយកសាច់ដំឡូងបារាំងដាក់ក្នុងក្រណាត់ស្បៃស្អាតមួយ ហើយចាប់ផ្ដើមច្របាច់យកទឹកដំឡូង។ ឬក៏អ្នកអាចហាន់ដំឡូងជាដុំៗ រួចដាក់ចូលក្នុងម៉ាស៊ីនកិន ឬកៀនយកទឹកផ្លែឈើ ហើយសឹមត្រងយកតែទឹកនៃដំឡូងបារាំងកុំឱ្យដោយកាកជាការស្រេច។ អ្នកអាចរក្សាទុកទឹកដំឡូងបារាំងក្នុងទូរទឹកកកដើម្បីប្រើប្រាស់បានដល់ទៅ ២ ថ្ងៃ ប្រសិនបើចាក់វាក្នុងក្រឡកែវមានគំរបបិទជិតមួយ។
ចំណាំ ៖ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៌ ទើបដំឡូងបារាំងអាចជួយកម្ចាត់កោសិកាស្បែកងាប់ៗធ្វើឱ្យស្បែកកាន់តែមានពន្លឺនិងស្រស់ថ្លាបានឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។
៥. ជួយសម្រកទម្ងន់
មនុស្សភាគច្រើនគិតថា ការទទួលទានដំឡូងបារាំងធ្វើឱ្យធាត់ ប៉ុន្តែតាមពិតទៅអាហារនេះប្រសើរណាស់សម្រាប់អ្នកចង់ស្រកទម្ងន់នោះក៏ព្រោះវាមានផ្ទុកជាតិទឹកពី ៧០ ដល់ ៨០ ភាគរយជួយឲ្យឆាប់ឆ្អែត។ ប៉ុន្តែត្រូវប្រាកដថាអ្នកមិនទទួលទានវាលាយជាមួយបឺរ និងជាតិខ្លាញ់ ឬអាហារបន្ថែមរសជាតិណាមួយដែលសម្បូរទៅដោយជាតិកូឡេស្តេរ៉ូល៕