Join with Health.com.kh on Telegram

ធ្លាប់ដឹងទេថាការហាត់ប្រាណមិនមែនចាំបាច់តែសម្រាប់អ្នកចង់ស្រកទម្ងន់ឡើយ? ក៏ព្រោះជាក់ស្ដែងការហាត់ប្រាណ គឺសំខាន់សម្រាប់គ្រប់គ្នាដែលចង់រក្សាបាននូវសុខភាពល្អរឹងមាំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា ការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយដុតបំផ្លាញជាតិខ្លាញ់ ឬកាឡូរីដែលលើសចេញពីរាងកាយឡើយ ប៉ុន្តែក៏ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់បញ្ហាសុខភាពផ្សេងៗផងដែរ។ ថាតើនឹងមានរឿងអ្វីកើតឡើងទៅប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលអ្នកត្រូវប្រឈមមុខប្រសិនបើមិនធ្វើលំហាត់ប្រាណណាមួយសោះ ៖

១. ជំងឺធាត់ជ្រុល

ជាពិសេសប្រសិនបើអ្នកចូលចិត្តទទួលទានភេសជ្ជៈផ្អែមៗ ព្រមទាំងអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់និងកាឡូរីខ្ពស់! ការមិនធ្វើលំហាត់ប្រាណជាប្រចាំនឹងបណ្ដាលឱ្យរាងកាយ​ស្តុកទុកនូវទម្ងន់ដែលលើស។ អ្វីដែលគួរឱ្យព្រួយបារម្ភថែមទៀតនោះ គឺភាពធាត់ជ្រុលអាចទៅជាបង្កបញ្ហាសុខភាពជាច្រើន។

២. សម្ពាធឈាមឡើងខ្ពស់

ការមិនធ្វើលំហាត់ប្រាណសោះនឹងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូងក្នុងការច្របាច់ឈាមទៅសព្វរាងកាយដែលនាំឱ្យកើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសឈាម។ ហើយនៅពេលសម្ពាធឈាមឡើងខ្ពស់នោះប្រព័ន្ធសសៃឈាមបេះដូងទាំងមូល ក៏ដូចជាបណ្ដាសរីរាង្គផ្សេងទៀតនឹងត្រូវប្រឈមមុខជាមួយគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងជាមិនខាន។

៣. កម្រិតនៃកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់

យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថាផលប៉ះពាល់ផ្សេងទៀតនៃការមិនធ្វើលំហាត់ប្រាណទៀងទាត់ គឺការកើនឡើងខ្ពស់នៃកម្រិតកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។ ដូច្នេះដើម្បីចៀសផុតពីបញ្ហាកូឡេស្តេរ៉ូលមិនល្អកើនឡើងខុសប្រក្រតី ចូរធ្វើលំហាត់ប្រាណជាប្រចាំ។

៤. ជំងឺបេះដូង

ការកើនឡើងនៃសម្ពាធឈាមនិងកូឡេស្តេរ៉ូលមិនល្អ គឺជាកត្តាចម្បងបំផុតនៃបញ្ហាជំងឺបេះដូង។ ហើយកត្តាទាំងពីរនេះជាញឹកញយកើតឡើងដោយសារកង្វះនៃលំហាត់ប្រាណ។ ដូច្នេះប្រសិនបើអ្នកចង់ចៀសផុតពីបញ្ហានៃជំងឺបេះដូង ចូរព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។

៥. ខ្សោយសាច់ដុំ

ការធ្វើលំហាត់ប្រាណទៀងទាត់ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើតនិងរក្សាសាច់ដុំ។ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះនោះសាច់ដុំអាចនឹងប្រែជាចុះខ្សោយទៅៗ។ ជាក់ស្ដែងសាច់ដុំអាចនឹងរួមតូចប្រសិនបើអ្នកមិនប្រើប្រាស់វាសោះតាមរយៈការធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយ
ផ្សេងទៀត។

៦. បញ្ហាស្ត្រេសនិងជំងឺធ្លាក់ទឹកចិត្ត

នោះក៏ព្រោះតែវិធីសាស្ត្រដ៏ល្អដើម្បីទប់ទល់ភាពស្ត្រេសនិងជំងឺធ្លាក់ទឹកចិត្ត គឺការធ្វើលំហាត់ប្រាណទៀងទាត់។ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណជាប្រចាំខួរក្បាលមិនអាចបញ្ចេញនូវអ័រម៉ូនរីករាយគ្រប់គ្រាន់ឡើយ៕