ភាពតឹងក្នុងទ្រូងគឺជាស្ថានភាពជំងឺមួយដែលគ្មានផាសុកភាពដល់រាងកាយទាល់តែសោះ ដែលវាបណ្តាលមកពីការកើតស្លេស្មច្រើនពេកក្នុងផ្លូវដង្ហើម។ ស្លេស្មដែលកើតច្រើននេះអាចបណ្តាលមកពីជំងឺផ្តាសាយ ជំងឺហឺត រលាកសួត និងការបង្ករោគនៅផ្លូវដង្ហើមផ្សេងៗទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំពោះរោគសញ្ញារបស់វាវិញមានដូចជា ឈឺក្នុងទ្រូង ដកដង្ហើមលឺដូចហួច ឈឺបំពង់ក ពិបាកលេបអាហារ វិលមុខ តឹងក្នុងទ្រូង និងស្លេស្មឡើងច្រើន។ ទោះបីជាមនុស្សភាគច្រើនពិគ្រោះជាមួយគ្រូពេទ្យនៅពេលមានបញ្ហាតឹងក្នុងទ្រូងក៏ដោយ ក៏ការព្យាបាលដោយខ្លួនឯងនៅផ្ទះមានប្រសិទ្ធភាពក្នុងការបំបាត់អាការៈនេះបានដែរ។
ញ៉ាំទឹកក្តៅ
ចូរញ៉ាំទឹកក្តៅមួយពែង ពី ២ ទៅ៣ដងក្នុងមួយថ្ងៃ ព្រោះវាអាចជួយពង្រាវស្លេស្មក្នុងផ្លូវដង្ហើម និងបំបាត់អាការៈតឹងទ្រូងបានមួយចំនួនដែរ។
បៀមទឹកអំបិល
ចូរលាយអំបិលមួយស្លាបព្រាបាយ ជាមួយនឹងទឹកក្តៅមួយកែវ ហើយបៀមវាក្នុងមាត់ពី ១ ទៅ២នាទី ចំនួន ៣ ទៅ៤ដងក្នុងមួយថ្ងៃ។ ទឹកអំបិលនេះនឹងទៅពង្រាវស្លេស្ម និងបន្ថយការក្អក។ បើសិនជាអ្នកមានអារម្មណ៍ថា ស្លេស្មឡើងច្រើននៅបំពង់ក យកល្អគួរតែខាកវាចេញ ចៀសជាងលេបវាចូលវិញ។ ស្លេស្មផ្ទុកទៅដោយបាក់តេរី និងជាតិកខ្វក់ ដែលនឹងទៅពន្យាពេលជាពីជំងឺអ្នកវិញទៅបើសិនជាលេបវាចូលទៅក្នុងពោះ។
ទឹកក្រូចឆ្មាលាយទឹកឃ្មុំក្តៅឧណ្ហៗ
ទឹកឃ្មុំគឺជាសារធាតុបំបាត់ភាពតឹងទ្រូងបែបធម្មជាតិ និងវីតាមីន C ក្នុងក្រូចឆ្មាជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ការញ៉ាំភេសជ្ជៈទាំងនេះលាយចូលគ្នានឹងជួយបង្ការបាក់តេរីកុំឲ្យបង្ករោគនៅបំពង់ក និងសួត ហើយក៏ពង្រាវស្លេស្មបានផងដែរ។ ចូរញ៉ាំវាដោយលាយជាមួយទឹកក្តៅចំនួន ២ ទៅ៣ដងក្នុងមួយថ្ងៃ។
តែខ្ញី
ខ្ញីជួយបន្ថយការរលាកក្នុងផ្លូវដង្ហើម និងបន្ថយការឡើងស្លេស្មផងដែរ។ អ្នកក៏អាចទំពារខ្ញីឆៅ ឬកិនវាជាដុំតូចៗដើម្បីស្ងោនឹងទឹករយៈពេល ១០នាទី ចាំផឹកក៏បានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរផឹកវាពីរទៅបីដងក្នុងមួយថ្ងៃ។ ដើម្បីបានលទ្ធផលកាន់តែល្អ ចូរលាយទឹកឃ្មុំបន្ថែមទៀត៕