តាមពាក្យបច្ចេកទេស គ្រួសក្នុងថង់ទឹកប្រមាត់ត្រូវបានគេហៅថា Cholelithiasis។ ខណៈពេលដែលទឹកនោមពណ៌ដូចទឹកតែ គឺជាសញ្ញាសម្គាល់មួយរបស់ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ តែជំងឺណេះក៏អាចបង្កជាផលវិបាកច្រើនទៀតដែរដូចជា ការរលាកថង់ទឹកប្រមាត់ រលាកលំពែង និងថ្លើមផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វត្តមានរបស់គ្រួសក្នុងថង់ទឹកប្រមាត់ច្រើនតែបង្កជាអាការៈមិនស្រួលក្នុងខ្លួនដូចជា ឈឺចាប់ក្នុងពោះផ្នែកខាងលើ និងខ្នងផ្នែកខាងលើ ដែលវាអាចកើតឡើងច្រើនម៉ោងឯណោះ។ អ្នកជំងឺក៏អាចមានអាការៈបន្ថែមដូចជា ចង្អោ និងក្អយត ព្រមទាំងបញ្ហាក្រពះពោះវៀនផ្សេងៗទៀតដូចជា ផោមច្រើន ក្រហាយទ្រូង ក្រពះមិនកិន និងហើមពោះជាដើម។ ដើម្បីកំណត់រោគវិនិច្ឆ័យជំងឺនេះ គេអាចធ្វើតេស្តឈាម ថតអេកូ ថត CT Scan, Magnetic Resonance Cholangiopancreatography, Cholescintigraphy ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ការបង្ការតែងតែល្អជាងការព្យាបាល ដូច្នេះខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការបង្ការកុំឲ្យគ្រួសក្នុងថង់ទឹកប្រមាត់កើតឡើងបាន៖
របបអាហារ
របបអាហារដើរតួនាទីសំខាន់ណាស់ក្នុងការបង្ការជំងឺគ្រួសក្នុងថង់ទឹកប្រមាត់។ អាហារដែលសម្បូរទៅដោយជាតិខ្លាញ់ប្រភេទ Saturated Fat គួរតែជារឿងចៀសវាង ដូចជា សាច់ជាប់ខ្លាញ់ សាច់ក្រក ប័រ និងនំខេកជាដើម។ របបអាហារគួរតែជាអាហារផ្តល់សុខភាព និងមានតុល្យភាព ដែលជាការផ្សំគ្នានៃបន្លែផ្លែឈើ និងគ្រប់ធញ្ញជាតិ។ អ្នកស្រាវជ្រាវរកឃើញថា ការញ៉ាំគ្រាប់ធញ្ញជាតិដូចជា គ្រាប់ស្វាយចន្ទី នឹងទៅបន្ថយការកកើតគ្រួសក្នុងថង់ទឹកប្រមាត់បាន។ ការញ៉ាំគ្រឿងស្រវឹងតិចតួចក៏បន្ថយការកើតគ្រួសក្នុងថង់ទឹកប្រមាត់បានដែរ ប៉ុន្តែមិនត្រូវញ៉ាំច្រើនជាង ១៤ដងក្នុងមួយសប្តាហ៍ឡើយ ព្រោះវាអាចបង្កជាបញ្ហាដល់ថ្លើមបាន។
គ្រប់គ្រងទម្ងន់
ការគ្រប់គ្រងទម្ងន់គឺជាមធ្យោបាយមួយផ្សេងទៀតក្នុងការបង្ការការកើតជាគ្រួសក្នុងថង់ទឹកប្រមាត់បាន ខណៈពេលដែលស្រ្តីដែលធាត់ៗអាយុចាប់ពី ៤០ឆ្នាំឡើងទៅ គឺជាកត្តាប្រឈមមុខមួយនៃការកើតជាគ្រួសក្នុងថង់ទឹកប្រមាត់បាន។ មនុស្សម្នាក់គួរតែកំណត់គោលដៅសម្រកទម្ងន់ឲ្យបានកន្លះគីឡូក្រាមក្នុងមួយសប្តាហ៍ទើបជារឿងល្អ។ ដើម្បីទទួលបានលទ្ធផលបែបនេះបាន វាត្រូវតែមានការផ្សំគ្នានៃរបបអាហារត្រឹមត្រូវ និងការហាត់ប្រាណដែរ។
វត្តមានរបស់គ្រួសក្នុងថង់ទឹកប្រមាត់ប្រហែលជាមិនធ្ងន់ធ្ងរដូចជំងឺមហារីកពោះវៀនធំឡើយ។ ប៉ុន្តែវាអាចធ្វើឲ្យមិនមានផាសុខភាពខ្លាំងដែរ រហូតដល់រំខានដល់ការរស់នៅប្រចាំថ្ងៃបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះ យកល្អគួរតែស្វែងរកការព្យាបាលឲ្យបានលឿនបើសិនជាដឹងថាមានវត្តមានគ្រួសក្នុងថង់ទឹកប្រមាត់ហើយ៕