ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាជាតិស្ករក្នុងឈាមឡើងខ្ពស់បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះការរក្សាបាននូវកម្រិតជាតិស្ករក្នុងឈាមត្រឹមត្រូវ គឺពិតជាសំខាន់ណាស់ដើម្បីទប់ស្កាត់បញ្ហា។ ហើយក៏ព្រោះតែអាហារដើរតួនាទីយ៉ាងចាំបាច់ក្នុងការបង្កើននិងបញ្ចុះជាតិស្ករក្នុងឈាមនោះអ្នកត្រូវដឹងពីប្រភេទនៃអាហារដែលគួរ ឬមិនគួរទទួលទាន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឳ្យពីអាហារដែលអ្នកគួរចៀសវាងប្រសិនបើកំពុងជួបប្រទះបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ ៖
១. បាយស
បាយសធ្វើឳ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឆាប់រហ័សដោយសារវាមានផ្ទុកជាតិ
សសៃតិច ប៉ុន្តែជាតិកាបូអ៊ីដ្រាតដែលរាងកាយបំលែងទៅជាជាតិស្ករខ្ពស់។ដូច្នេះដើម្បីជាការប្រសើរអ្នកគួរកាត់បន្ថយបាយស ហើយព្យាយាមទទួលទានបាយអង្ករសម្រូបជំនួសវិញក៏ព្រោះវាមានផ្ទុកជាតិសសៃខ្ពស់។ ជាតិសសៃអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមឳ្យមានស្ថេរភាព។
២. ភេសជ្ជៈផ្អែម
ការទទួលទានភេសជ្ជៈផ្អែមបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័សគួរឳ្យកត់សម្គាល់។ ដូច្នេះប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាជាតិស្ករក្នុងឈាមខ្ពស់ ចូរចៀសវាងទទួលទានអាហារ ឬភេសជ្ជៈផ្អែម។ ទោះជាយ៉ាងណាអ្នកជំនាញផ្នែកសុខភាពជាច្រើនបានណែនាំថា ការទទួលទានក្នុងបរិមាណសមល្មមមិនជះឥទ្ធិពលគួរឳ្យព្រួយបារម្ភអ្វីឡើយ ប៉ុន្តែក៏មិនគួរទទួលទានភេសជ្ជៈកំប៉ុងផ្សេងៗជាប្រចាំដែរ។
៣. ផ្លែឈើក្រៀម ឬដំណាំផ្លែឈើ
សឹងតែគ្រប់គ្នាសុទ្ធតែបានដឹងហើយថាផ្លែឈើ គឺល្អសម្រាប់សុខភាពដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់ៗ។ ទោះជាយ៉ាងណាអ្នកដែលកំពុងប្រឈមមុខនឹងបញ្ហាជាតិស្ករខ្ពស់ក្នុងឈាម ព្រមទាំងអ្នកជំងឺទឹកនោមផ្អែមគួរកម្រិតបរិមាណនៃការទទួលទានផ្លែឈើ ក៏ព្រោះផ្លែឈើមួយចំនួនធំមានផ្ទុកជាតិស្ករខ្ពស់ ពិសេស គឺផ្លែឈើក្រៀម ឬដំណាំផ្លែឈើតែម្ដង។
៤. ទឹកឃ្មុំ
ការប្រើប្រាស់ទឹកឃ្មុំច្រើនជំនួសស្ករសក៏មិនមែនជាជម្រើសដ៏ល្អដើម្បីចៀសផុតបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ដែរ។ នោះក៏ព្រោះតែទឹកឃ្មុំនៅតែផ្ទុកជាតិកាបូអ៊ីដ្រាតដូចស្ករសដែរគ្រាន់តែតិចជាងបន្តិចប៉ុណ្ណោះ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការប្រសើរប្រាស់ ឬទទួលទានទឹកឃ្មុំរបស់អ្នក។
៥. អាហារសម្បូរជាតិខ្លាញ់
ថ្វីត្បិតតែអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនបណ្ដាលឳ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ដោយផ្ទាល់ ប៉ុន្តែវារួមចំណែកបង្កើនភាពធន់នឹងអាំងស៊ុយលីនរបស់រាងកាយ។ លើសពីនេះទៅទៀតអាហារសម្បូរជាតិខ្លាញ់ត្រូវការពេលយូរដើម្បីរំលាយដែលអាចជះឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណានេះមិនមែនមានន័យថាអ្នកកំពុងមានបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់និងអ្នកជំងឺទឹកនោមផ្អែមមិនអាចទទួលទានអាហារសម្បូរជាតិខ្លាញ់បានតែម្ដងនោះទេ គឺអាចញុាំបានក្នុងបរិមាណ ឬកម្រិតសមល្មម៕