ការឆ្លងទន្លេ បើនិយាយចំពោះស្ត្រីពិតជាលំបាក ហើយក៏មានគ្រោះថ្នាក់ខ្ពស់ដែរ។ ដូចនេះ តើគួរតែធ្វើបែបណាទើបអាចសម្រាលកូនបានងាយស្រួលទៅ?
1. អ្នកអាចឲ្យស្វាមីអ្នកកំដរបានក្នុងពេលសម្រាលកូន ព្រោះគេអាចផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅដល់អ្នក ដោយធ្វើឲ្យអ្នកមិនមានភាពភ័យខ្លាចខ្លាំងឡើយ។
2. នៅពេលដែលអ្នកមានអារម្មណ៍ថា ស្បូនអ្នកចាប់ផ្តើមបើកខ្លាំង អ្នកមិនគួរភ័យនោះទេ ដោយគួរតែរក្សាចិត្តឲ្យស្ងប់ ហើយបង្វែលអារម្មណ៍អ្នកចេញ កុំគិតផ្តេសផ្តាសឲ្យសោះ ព្រោះបើអ្នកភ័យនៅពេលដែលស្បូនបើកលើកទី១ នោះអ្នកនឹងមិនអាចសម្រាលតាមសម្រួលបានឡើយ ដោយពិបាកកើតណាស់។
3. បើនៅពេលដែលស្បូនអ្នកចាប់ផ្តើមបើក ហើយអ្នកនៅផ្ទះ មិនទាន់ទៅមន្ទីរពេទ្យ អ្នកអាចញ៉ាំអាហារខ្លះ ដើម្បីផ្តល់កម្លាំងដល់អ្នក ប៉ុន្តែមិនគួរពិសារអាហារដែលខ្លាញ់ ហើយពិបាករំលាយអាហារឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកវិញទេ។
4. បើអ្នកមិនទាន់បែកទឹកភ្លោះ ហើយគ្រាន់តែស្បូនបើក អ្នកអាចឆ្លៀតងូតទឹកបាន ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍រាងធូលស្រាល មិនងាយតានតឹងនោះទេ។
5. អ្នកអាចរកអ្នកម៉ាស្សាឲ្យអ្នកបាន ដោយប្រើចលនាថ្នមដើម្បីម៉ាស្សា នោះអ្នកនឹងមិនសូវមានអារម្មណ៍ថាឈឺខ្លាំងនោះទេ។
6. អ្នកគួរតែដកដង្ហើមតាមសម្រូល ព្រោះការដកដង្ហើមនេះ អាចជួយសម្រួលដល់ការឈឺចុកចាប់ក្នុងពេលសម្រាលកូនបាន។
7. នៅមុនពេលដែលអ្នកសម្រាលកូន អ្នកអាចធ្វើចលនាហាត់ប្រាណខ្លះ ដោយដើរឲ្យបានច្រើន ទើបអ្នកងាយស្រួលសម្រាលកូនចេញមក។ ដូចនេះ អ្នកអាចសាកល្បងអនុវត្តតាមវិធីទាំងនេះ ដើម្បីអាចសម្រាលកូនបានស្រួល មិនឈឺខ្លាំង៕