ទឹកអំពៅ ជាភេសជ្ជៈដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងដោយសាររសជាតិផ្អែមឈ្ងុយមានតម្លៃសមរម្យនិងងាយស្រួលរកទិញថែមទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាភាគច្រើននៃពួកយើងចូលចិត្តទទួលទានទឹកអំពៅ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងអំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់ភេសជ្ជៈធម្មជាតិនេះចំពោះសុខភាពឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអត្ថប្រយោជន៍អស្ចារ្យមិនគួរឲ្យជឿនៃការទទួលទានទឹកអំពៅក្នុងកម្រិតសមល្មម ៖
១. សុខភាពឆ្អឹង
ការទទួលទាន ទឹកអំពៅ ជួយជម្រុញបង្កើនកម្រិតបរិមាណនៃជាតិម៉ង់កាណែស ជាតិដែក ជាតិកាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូមក្នុងរាងកាយ ក៏ព្រោះតែបែបនេះហើយទើបធ្វើឲ្យទឹកអំពៅក្លាយជាភេសជ្ជៈចាំបាច់មួយក្នុងការពង្រឹងសុខភាពឆ្អឹង។ សុខភាពឆ្អឹងរឹងមាំនឹងធ្វើឲ្យអ្នកជៀសផុតពីបញ្ហានៃជំងឺពុកឆ្អឹង។
២. ទប់ស្កាត់និងព្យាបាលអាការៈទល់លាមក
នោះក៏ព្រោះតែទឹកអំពៅមានផ្ទុកជាតិសសៃនិងជាតិប៉ូតាស្យូមដែលជួយសម្រួលដល់ការរំលាយអាហារទប់ស្កាត់ព្យាបាលអាការៈទល់លាមកបានយ៉ាងប្រសើរ។
៣. បង្កើនថាមពលរាងកាយ
ទឹកអំពៅ គឺជាប្រភពដ៏ប្រសើរនៃជាតិស្ករធម្មជាតិ (sucrose) ដែលជួយជម្រុញ ឬស្តារកម្លាំងថាមពលឡើងវិញបានលឿន នៅពេលអ្នកខ្សោះជាតិទឹក ឬជួបប្រទះបញ្ហាជាតិស្ករទាបក្នុងរាងកាយ។
៤. សុខភាពតម្រងនោម
ទឹកអំពៅ គឺជាភេសជ្ជៈមានផ្ទុកជាតិសូដ្យូម និងកូឡេស្តេរ៉ូលទាប ហើយគ្មានផ្ទុកជាតិខ្លាញ់មិនល្អ ដែលធ្វើឲ្យវាមានអត្ថប្រយោជន៍បំផុតក្នុងការរក្សាបាននូវស្ថានភាពសុខភាពតម្រងនោមល្អប្រសើរ។
៥. សុខភាពធ្មេញរឹងមាំ
ទឹកអំពៅមានផ្ទុកសូម្បីជាតិរ៉ែដែលសំខាន់សម្រាប់រក្សាសុខភាពធ្មេញរឹងមាំដូចជាកាល់ស្យូម និងផូស្វ័រដែលជួយពង្រឹងកាចាធ្មេញទប់ស្កាត់បញ្ហាធ្មេញពុក។
៦. ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ
ការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការទទួលទានទឹកអំពៅ គឺអាចជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដែលអាចការពារអ្នកឲ្យជៀសផុតពីបញ្ហាផ្សេងៗទាក់ទងនឹងបេះដូង។
៧. ទប់ស្កាត់ជំងឺមហារីក
ទឹកអំពៅ គឺមានប្រសិទ្ធិភាពជួយក្នុងការទប់ស្កាត់ជំងឺមហារីកដោយសារបរិមាណសារធាតុ alkaline សារធាតុ flavonoids ជាតិដែក ម៉ង់កាណែស ម៉ាញ៉េស្យូម ប៉ូតាស្យូម និងកាល់ស្យូមខ្ពស់។ កោសិកាមហារីក គឺពិបាកនឹងលូតលាស់បានណាស់ក្នុងបរិយាកាសនៃអាល់កាឡាំង (alkaline) នេះហើយជាហេតុធ្វើអោយជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកសុដន់ត្រូវបានទប់ស្កាត់តាមរយៈការទទួលទានទឹកអំពៅជាប្រចាំ។
៨. សុខភាពស្បែក
សមាសធាតុមួយនៃ ទឹកអំពៅ គឺ alpha hydroxy acids ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មលើស្បែក។ ការទទួលទានទឹកអំពៅទៀងទាត់ អាចកម្ចាត់រោគឆ្លង និងការរលាកលើស្បែក ហើយក៏ជួយកាត់បន្ថយសញ្ញាភាពចាស់តាមវ័យរបស់ស្បែកដូចជាស្នាមជាំ ស្នាមជ្រីវជ្រួញ ស្នាមសំលាក និងការប្រែពណ៌នៃស្បែកផងដែរ។
សម្គាល់ ៖ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានលើសពី ១ កែវក្នុងមួយថ្ងៃឡើយ!