ជំងឺមហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវមួយដែលបានឆក់យកអាយុជីវិតមនុស្សរៀងរាល់ថ្ងៃគួរអោយព្រួយបារម្ភ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុផលនៅពីក្រោយការវិវត្តនៃជំងឺមហារីកសុដន់ក៏មានច្រើនផ្សេងៗពីគ្នាផងដែរ។ ក្រៅពីកត្តាហ្សែន ឬប្រវត្តិគ្រួសារ អាយុ ភេទ ថ្ងៃនេះវេបសាយសុខភាព
Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់មួយចំនួនដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ ៖
១. ការជក់បារី
កុំគិតថាការជក់បារីនឹងគ្រាន់តែធ្វើអោយអ្នកកើតជំងឺមហារីកសួតតែមួយមុខ! ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ទម្លាប់នៃការជក់បារីក៏ផ្សារភ្ជាប់ទៅនឹងជំងឺមហារីកសុដន់គួរអោយព្រួយបារម្ភផងដែរ ជាពិសេសចំពោះក្មេងវ័យជំទង់ និងស្ត្រីអស់រដូវ។ នោះក៏ព្រោះតែបារីមានផ្ទុកជាតិនីកូទីនដែលជាសារធាតុគីមីគ្រោះថ្នាក់បំផុតមួយចំពោះសុខភាពក្នុងចំណោមសារធាតុគីមីច្រើនជាង ៤ ពាន់ប្រភេទទៀតក្នុងបារី។ ការស្រូបយកនូវសារធាតុនេះនឹងបង្កើនហានិភ័យនៃជំងឺជាច្រើន រួមបញ្ចូលទាំងជំងឺមហារីកសុដន់។
២. ការហិតផ្សែងបារី
ធ្លាប់ដឹងទេថាគ្រាន់តែនៅក្បែរអ្នកជក់បារីអ្នកក៏អាចប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកសុដន់បានដែរ? ទោះមិនបានជក់ដោយផ្ទាល់ ប៉ុន្តែអ្នកបានស្រូបយកផ្សែងបារីរបស់គេចូលពេញរាងកាយ។
៣. ទទួលទានអាហារ ឬភេសជ្ជៈផ្អែមច្រើនពេក
ជាតិផ្អែមកែច្នៃបង្កើនកម្រិតជាតិស្ករក្នុងឈាមដែលបង្ខំឲ្យរាងកាយបញ្ចេញអាំងស៊ុយលីន។ អាំងស៊ុយ
លីននេះជម្រុញឲ្យកោសិកាមហារីកលូតលាស់ ហើយក៏បង្កើនកម្រិតនៃអ័រម៉ូន estrogen ដែលអាចបង្កការវិវត្តនៃជំងឺមហារីកសុដន់។
៤. ការទទួលទានគ្រឿងស្រវឹងច្រើនពេក
ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណមិនត្រឹមតែបង្កបញ្ហាសុខភាពផ្សេងៗជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនាក់ទំនងទៅនឹងហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ។ ប្រសិនបើអ្នកមិនអាចបញ្ឈប់ការទទួលទានគ្រឿងស្រវឹងបានទេនោះ ចូរកាត់បន្ថយមកត្រឹមកម្រិតមធ្យម គឺ ១ កែវក្នុងមួយថ្ងៃ។
៥. មិនធ្វើលំហាត់ប្រាណ
ការមិនធ្វើលំហាត់ប្រាណសោះអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមបញ្ចូលទាំងជំងឺមហា
រីកសុដន់។ ដើម្បីជៀសផុតពីជំងឺសាហាវនេះអ្នកជំនាញផ្នែកសុខភាពជាច្រើនបានណែនាំអោយអ្នកធ្វើលំហាត់ប្រាណក្នុងកម្រិតមធ្យមពី ៤ ទៅ ៧ ម៉ោងក្នុងមួយសប្តាហ៍ គឺប្រហែលជា ៣០ នាទី ទៅ ១
ម៉ោងក្នុងមួយថ្ងៃ។
៦. ទទួលទានសាច់ក្រហមច្រើន
សាច់ក្រហមអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់គួរឱ្យកត់សម្គាល់ ជាពិសេសនៅពេលឆ្អិនខ្លាំង។ លើសពីនេះទៅទៀតសាច់កែច្នៃច្រើនមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិល ខ្លាញ់មិនល្អ និងសារធាតុរក្សាទុកបានយូរដែលសុទ្ធសឹងតែអាចបង្កហានិភ័យនៃជំងឺមហារីក ក៏ដូចជាបញ្ហាសុខភាពផ្សេងៗទៀត។
៧. ធាត់លើសទម្ងន់
ស្ត្រីដែលធាត់លើសទម្ងន់ គឺប្រឈមមុខនឹងហានិភ័យនៃការកើតមានជំងឺមហារីកសុដន់ខ្ពស់ជាងអ្នកដែលមានទម្ងន់ធម្មតា។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមរក្សាទម្ងន់កុំអោយធាត់ពេក។
៨. ធ្វើការដល់យប់ជ្រៅជាប្រចាំ
ការធ្វើការដល់យប់ជ្រៅមិនត្រឹមតែធ្វើអោយអ្នកអស់កម្លាំងនិងអត់ងងុយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើន
ហានិភ័យនៃជំងឺមហារីកសុដន់ផងដែរតាមរយៈការថយចុះនៃអ័រម៉ូនជួយអោយគេងលក់ melatonin៕