កូឡេស្តេរ៉ុលគឺជាសារធាតុខ្លាញ់មួយប្រភេទដែលត្រូវបានគេរកឃើញក្នុងកោសិការបស់សត្វ។ សារធាតុមួយនេះអាចទទួលបានទាំងពីការញ៉ាំអាហារ និងរាងកាយផលិតចេញដោយខ្លួនឯង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាត្រូវបានចល័តនៅក្នុងចរន្តឈាមពេញរាងកាយយើង ហើយកាលណាវាមានចំនួនច្រើនពេក អាចបង្កទៅជាកំណកខ្លាញ់នៅចន្លោះជញ្ជាំងសរសៃឈាមអាក់ទែបាន។ កំណកនេះហើយជាអ្នកធ្វើឲ្យសរសៃឈាមទៅជារឹង និងបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល លើសសម្ពាធឈាម និងជំងឺបេះដូង។ ខាងក្រោមនេះគឺជារឿងពិតមួយចំនួនអំពីកូឡេស្តេរ៉ុល ដែលអ្នកគប្បីយល់ដឹង និងជឿចាប់ពីពេលនេះទៅ៖
កូឡេស្តេរ៉ុលមិនមែនតែតែអាក្រក់នោះទេ
រាងកាយរបស់មនុស្សយើងមានកូឡេស្តេរ៉ូលពីរប្រភេទនោះគឺ LDL (កូឡេស្តេរ៉ូលអាក្រក់) និង HDL (កូឡេស្តេរ៉ុលល្អ)។ កាលណាកូឡេស្តេរ៉ុលអាក្រក់មានច្រើនក្នុងឈាម វានឹងបង្កទៅជាកំណកឈាម តែបើសិនជាកូឡេស្តេរ៉ុលល្អមានច្រើនវិញ វានឹងជួយសម្អាតកំណកនានាក្នុងសរសៃឈាមចេញវិញ។ កូឡេស្តេរ៉ុលមួយចំនួនត្រូវបានថ្លើម និងផ្នែកផ្សេងៗទៀតនៃរាងកាយយកទៅប្រើប្រាស់សម្រាប់ផលិតផលផ្សេងៗដូចជា អ័រម៉ូនភេទ ឬអង់ស៊ីមរំលាយអាហារជាដើម។
កូឡេស្តេរ៉ុលអាចមានក្នុងហ្សែនមនុស្សយើងដែរ
ការដែលមានកូឡេស្តេរ៉ុលខ្ពស់ក្នុងឈាមជារឿងមួយដែលមិនអាចចៀសផុតបានឡើយជាពិសេសមនុស្សមួយចំនួនដែលមានបញ្ហាដំណរពូជ ហើយវាក៏អាចទាក់ទងនឹងការលើសកូឡេស្តេរ៉ុលអាក្រក់ផងដែរ។ ករណីបែបនេះហៅថា Familial Hypercholesterolemia ដែលអាចនាំឲ្យកើតជាជំងឺគាំងបេះដូងទាំងវ័យក្មេង ហើយក៏ត្រូវការការព្យាបាលខ្លាំងក្លាផងដែរ។
កូឡេស្តេរ៉ុលខ្ពស់អាចមើលឃើញពីខាងក្រៅ
ធម្មតាគ្រាន់តែយើងមើលឃើញពីខាងក្រៅ ក៏អាចដឹងថារាងកាយមនុស្សម្នាក់នោះមានជាតិកូឡេស្តេរ៉ុលខ្ពស់ឬអត់ដែឬ។ កាលណាកូឡេស្តេរ៉ុលឡើងខ្ពស់ វាអាចបណ្តាលឲ្យដុះខ្លាញ់ក្រោមស្បែកច្រើន ដែលមើលទៅពណ៌លឿងៗ និងមានដុំក្រហមៗនៅលើផ្ទៃស្បែកខាងក្រៅ។ ដុំបែបនេះហៅថា Xanthomas ហើយអាចមាននៅគ្រប់កន្លែងទាំងអស់នៃរាងកាយ ជាពិសេសនៅសន្លាក់ ប្រអប់ដៃ និងត្របកភ្នែកតែម្តង។
ការហាត់ប្រាណអាចបង្កើនចំនួនកូឡេស្តេរ៉ុលល្អបាន
ការហាត់ប្រាណគួរតែធ្វើជាទម្លាប់ប្រចាំថ្ងៃដើម្បីជីវិតមានសុខភាពល្អ។ ការហាត់ប្រាណត្រូវបានគេបង្ហាញថា ជួយបង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងខ្លួន។ បើសិនជាអ្នកធាត់ ចូរធ្វើយ៉ាងណាសម្រកទម្ងន់ឲ្យបាន ១០ ទៅ២០ភាគរយនៃទម្ងន់ខ្លួនសរុបទៅ នោះអ្នកនឹងមើលឃើញការថយចុះនៃកូឡេស្តេរ៉ុលក្នុងឈាមអស្ចារ្យប៉ុណ្ណាហើយ។
អាយុកាន់តែច្រើនកូឡេស្តេរ៉ុលកាន់តែឡើងខ្ពស់តែជារឿងធម្មជាតិទេ
ចំនួនកូឡេស្តេរ៉ុលនឹងកើនឡើងតាមធម្មជាតិនៅពេលអាយុកាន់តែច្រើន ជាពិសេសមនុស្សស្រីតែម្តង។ មុនពេលរ៉ាំងរដូវ ស្រ្តីភាគច្រើនគឺមានកូឡេស្តេរ៉ុលក្នុងឈាមទាបជាងបុរសទេ ប៉ុន្តែវានឹងឡើងខ្ពស់ជាងបុរសវិញនៅពេលពួកគេរ៉ាំងរដូវ។ ចំពោះមូលហេតុវិញ ដោយសារតែការថយចុះនៃអ័រម៉ូនភេទអេស្ត្រូជែនក្រោយពីរ៉ាំងរដូវរួចតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានចំនួនកូឡេស្តេរ៉ូលក្នុងឈាមច្រើនពេក ឬតិចពេក សុទ្ធតែបង្កបញ្ហាដល់រាងកាយបានទាំងអស់។ ដូច្នេះយកល្អគួរតែញ៉ាំអាហារឲ្យបានត្រឹមត្រូវ និងហាត់ប្រាណជាទៀងទាត់ដើម្បីរក្សាភាពធម្មតារបស់កូឡេស្តេរ៉ុលក្នុងឈាម៕