ការជក់បារីគឺជាគ្រោះថ្នាក់ដ៏ធំមួយចំពោះសុខភាពមនុស្សយើង។ ការជក់បារីមិនត្រឹមតែធ្វើឲ្យខូចសួតែទេ តែក៏បំផ្លាញដល់បេះដូង តម្រងនោម និងមេជីវិតឈ្មោលបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មែនហើយ វាពិតជាអាចបណ្តាលឲ្យមនុស្សប្រុសមិនងាយមានកូនដូចគ្នានឹងមនុស្សស្រីអញ្ចឹងដែរ។
ផលប៉ះពាល់ចំពោះសុខភាពញឹកញាប់ជាងគេនៃការជក់បារី គឺការមិនអាចមានកូនបានតែម្តង។ តាមការស្រាវជ្រាវបានរកឃើញថា ការជក់បារីតែមួយដើម វានឹងធ្វើឲ្យសារធាតុគីមីប្រមាណ ៧០០០ប្រភេទរាលដាលពេញរាងកាយ រហូតដល់ប៉ះពាល់ដល់សរីរាង្គជាច្រើនទៀតផង។ រឿងនេះមិនមែននិយាយត្រឹមតែអ្នកជក់បារីផ្ទាល់ទេ សូម្បីតែអ្នកស្រូបផ្សែងបារីពីគេ ក៏គ្រោះថ្នាក់ដូចគ្នាដែរ ចាប់ពីបំផ្លាញសរីរាង្គបន្តពូជ មានបញ្ហាហ្សែនចំពោះទារកក្នុងផ្ទៃ មានបញ្ហាក្នុងការជ្រុះអូវ៉ុល និងប្រឈមកាន់តែខ្ពស់នឹងមហារីក និងរលូតកូន។
តើការជក់បារីប៉ះពាល់ដល់មេជីវិតឈ្មោលដែរទេ?
ការជក់បារីគឺមិនបានលើកលែងដល់សរីរាង្គណាមួយ ឬកោសិកាណាមួយឡើយ គឺមានផលប៉ះពាល់ទាំងអស់រួមបញ្ចូលទាំងមេជីវិតឈ្មោលផងដែរ។ ការសិក្សាបានបង្ហាញថា ការថយចុះនៃគុណភាពទឹកកាម និងកំហាប់មេជីវិតឈ្មោលប្រមាណ ២៣ភាគរយបានកើតឡើងលើមនុស្សប្រុសដែលជក់បារី។ ការជក់បារីក៏ប៉ះពាល់ដល់ភាពមានចលនារបស់មេជីវិតឈ្មោល ដែលនាំឲ្យកាន់តែពិបាកបង្កកំណើតជាមួយមេជីវិតញី។ បើសិនជាមានការបង្កកំណើតមែន អំប្រ៊ីយ៉ុងអាចនឹងមានឱកាសតិចណាស់ក្នុងការមានជីវិតរស់ដោយសារតែសារធាតុគ្រោះថ្នាក់ជាច្រើនបានចូលទៅក្នុងខ្លួនអំប្រ៊ីយ៉ុងរួចទៅហើយ។
តើការជក់បារីអាចប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះដែរទេ?
ស្រ្តីដែលជក់បារី ឬស្រូបផ្សែងបារីពីគេ ប្រឈមកាន់តែខ្លាំងនឹងមិនអាចមានកូនបាន ហើយក៏ទំនងជាត្រូវការពេលយូរដែរទើបមានផ្ទៃពោះកើត។ ដោយសារតែជាតិពុលចេញពីផ្សែងបារីមានច្រើន ដូច្នេះវានឹងធ្វើឲ្យស្រ្តីប្រឈមខ្ពស់នឹងការរលូតកូន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ស្រ្តីដែលជក់បារីក៏ប្រឈមខ្ពស់នឹងបញ្ហាសុខភាពជាច្រើនទៀតដែរក្នុងពេលមានផ្ទៃពោះដូចជា សម្រាលមិនគ្រប់ខែ និងកូនក្រៅស្បូន។ ក្រៅពីនេះ ស្រ្តីដែលជក់បារី និងស្រូបផ្សែងបារីពីគេទំនងជាងឆាប់រ៉ាំងរដូវណាស់៕