Join with Health.com.kh on Telegram

ការទល់លាមកច្រើនតែបណ្តាលមកពីមានទម្លាប់បន្ទោបង់មិនទៀងទាត់ របៀបរស់នៅបែបស៊ីដេកៗ និងញ៉ាំអាហារមិនផ្តល់សុខភាព។ ក្នុងករណីដែលអ្នកផ្លាស់ប្តូរទម្លាប់រស់នៅតែបន្តិចបន្តួចក៏អាចជួយសម្រួលអាការៈនេះបានដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ មានមូលហេតុជំងឺមួយចំនួន ដែលនាំឲ្យអ្នកមានអាការៈទល់លាមកបាន គ្រាន់តែភាគច្រើនគឺកើតឡើងលើមនុស្សចាស់ប៉ុណ្ណោះ។ តើជំងឺនោះមានអ្វីខ្លះទៅ?

កង្វះអ័រម៉ូនក្រពេញទីរ៉ូអ៊ីត

ភាគច្រើនអាការៈនៃការកង្វះអ័រម៉ូនក្រពេញទីរ៉ូអ៊ីតគឺ មានការទល់លាមកជាមួយគ្នាហើយ។ ការកង្វះអ័រម៉ូននេះនឹងទៅបន្ថយសកម្មភាពនានារបស់សរីរាង្គក្នុងខ្លួន ព្រមទាំងផ្លូវរំលាយអាហារផងដែរ ដែលជាហេតុនាំឲ្យពិបាកក្នុងការបន្ទោបង់។ 

ញ៉ាំថ្នាំច្រើនពេក

ការដែលលេបថ្នាំច្រើនជាង ៤មុខខុសៗគ្នាដើម្បីព្យាបាលជំងឺគឺជារឿងដែលកើតមានជាញឹកញាប់សម្រាប់មនុស្សចាស់។ ប៉ុន្តែរឿងនេះក៏អាចប៉ះពាល់ដល់លក្ខណៈលាមក និងបង្កការទល់លាមកបានដែរ។ ថ្នាំដែលច្រើនតែធ្វើឲ្យទល់លាមកមានដូចជា ថ្នាំប្រឆាំងការបាក់ទឹកចិត្ត ថ្នាំបំបាត់ការឈឺចាប់ ថ្នាំវិតាមីន ថ្នាំបញ្ចុះសម្ពាធឈាម និងអាឡែហ្ស៊ីជាដើម។ 

ជំងឺរលាកពោះវៀន

វាគឺជាជំងឺដែលធ្វើឲ្យការទល់លាមកកាន់តែធ្ងន់ធ្ងរ ហើយក៏ជាមូលហេតុនៅពីក្រោយការទល់លាមកផងដែរ។ ជំងឺរលាកពោះវៀនមានពីរប្រភេទគឺ Crohn’s Disease និង Ulcerative Colitis។ Crohn’s Disease គឺជាការរលាកផ្លូវរំលាយអាហាររ៉ាំរ៉ៃ ជាពិសេសពោះវៀនតូច ហើយការទល់លាមកអាចដោយសារតែមានការស្ទះពោះវៀនតែម្តង។ ចំពោះ Ulcerative Colitis វិញ គឺជាការរលាកក្នុងពោះវៀនធំ។ 

ជំងឺសរសៃប្រសាទ

ជំងឺសរសៃប្រសាទដូចជា ជំងឺក្រិនច្រើនកន្លែង ជំងឺ Parkinson’s  ឬការមានរបួសនៅខួរឆ្អឹងខ្នង សុទ្ធតែអាចនាំឲ្យទល់លាមកបានទាំងអស់។ បញ្ហាសរសៃប្រសាទអាចរំខានដល់ការងាររបស់សរសៃប្រសាទដើម្បីកន្ត្រាក់សាច់ដុំក្នុងពោះវៀនដើម្បីបញ្ជូនលាមកចេញក្រៅ។ 

មានបញ្ហាក្នុងពោះវៀនធំឬចុងពោះវៀនធំ

រាល់ការស្ទះនានាក្នុងពោះវៀនធំ ឬចុងពោះវៀនធំ (រួមទាំងពោះវៀនធំរួមតូច) មានថ្នក់នៅចុងពោះវៀនធំ និងមហារីកក្នុងពោះផ្សេងៗ ដែលសង្កត់លើពោះវៀនធំ សុទ្ធតែអាចបណ្តាលឲ្យទល់លាមកបានទាំងអស់។ 

ការបង្ករោគក្នុងពោះវៀន

ពេលខ្លះ ការបង្ករោគក្នុងពោះ ឬដោយសារបាក់តេរីផ្សេងៗក្នុងពោះវៀនក៏អាចទៅជាការទល់លាមកបានដែរ។ 

ដុះដុំសាច់ប្រភេទស្លូត

ដុំសាច់ប្រភេទស្លូតក្នុងពោះវៀន អាចកើតឡើងក្នុងចុងពោះវៀនធំ ឬពោះវៀនធំ ដែលជាហេតុនាំឲ្យស្ទះដល់ផ្លូវបញ្ចេញលាមក និងកើតជាការទល់លាមកតែម្តង។​(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មហារីកពោះវៀន

ដូចយើងធ្លាប់ដឹងហើយថា ដុំសាច់មហារីក កាលណាវាលូតលាស់ធំហើយ វានឹងបង្កជាការស្ទះគេស្ទះឯងហើយ ដូច្នេះពោះវៀននឹងងាយស្ទះណាស់ ហើយកាលណាស្ទះពោះវៀន វានឹងបង្កជាការទល់លាមក៕