តើមានអ្វីកើតឡើងទៅប្រសិនបើអ្នកចេះតែឃ្លានរហូតមិនឈប់សោះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដំបូងអ្នកត្រូវដឹង ឬយល់ថាតើហេតុអ្វីបានជាអ្នកឃ្លាន ហើយឃ្លានបែបណាជាមុនសិន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលបណ្ដាលឱ្យអ្នកចេះតែឃ្លានមិនឈប់ ហើយថាតើគួរដោះស្រាយបែបណា ៖

១. ស្រេកទឹក

ប្រសិនបើអ្នកទើបនឹងទទួលទានច្រើនឆ្អែតហើយសោះ ស្រាប់តែឃ្លានទៀតនោះអ្នកប្រហែលជាកំពុងស្រេកទឹក។ ទទួលទានទឹកធម្មតា ១ កែវ ហើយរងចាំបន្តិច។ ប្រសិនបើអារម្មណ៍ឃ្លានបាត់ថយចុះនោះមួយស្របក់ទៀតអ្នកនឹងឈប់ឃ្លានតែម្ដង។ ជម្រើសដ៏ប្រសើរបំផុត គឺហ្វឹកហាត់រាងកាយឱ្យទទួលទានទឹកច្រើននៅពេលព្រឹក និងកន្លះម៉ោងមុនរាល់ពេលអាហារ។

២. គេងមិនគ្រប់

ជាមួយនឹងការគេងបានស្កប់ពី ៧ ទៅ ៨ ម៉ោង នោះអារម្មណ៍ឃ្លានមិនធ្វើឱ្យអ្នកភ្ញាក់ឡើងកំឡុងពេលយប់ឡើយ។ នៅពេលយប់រាងកាយផលិតអ័រម៉ូនមេឡាតូនីនដែលទទួលខុសត្រូវមិនត្រឹមតែចំពោះដំណើរការប្រក្រតីនៃសរីរាង្គ, គ្រប់គ្រងការឃ្លានប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះរូបរាងផងដែរ។ ដើម្បីទទួលបានភាពស្រស់ស្រាយ និងសម្រស់ស្រស់ស្អាត ចូរព្យាយាមគេងលក់មុនពាក់កណ្ដាលយប់។

៣.​​​ ចូលគេងយប់ជ្រៅពេក

នោះក៏ព្រោះតែការគេងជះឥទ្ធិពលដល់អ័រម៉ូនគ្រប់គ្រងការឃ្លាន ghrelin និង leptin។

៤. អាកប្បកិរិយាដែលស្ថិតក្រោមភាពតានតឹង

នៅពេលជួបប្រទះបញ្ហាតានតឹងក្នុងអារម្មណ៍មនុស្សមួយចំនួនមិនឃ្លានទទួលទានអ្វីឡើយ ខណៈដែលអ្នកខ្លះទៀតឃ្លានទទួលទានអាហារជាច្រើនទប់ទល់នឹងស្ថានភាពនេះ។ ដើម្បីដោះស្រាយបញ្ហានេះ ចូរចាំថាភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសមិនមែនអាចតែត្រូវបានដោះស្រាយដោយការទទួលទានអាហារផ្សេងៗ ឬអាហារផ្អែមច្រើនឡើយ។ ជំនួសមកវិញអ្នកអាចជជែកលេង ឬពិភាក្សាជាមួយសមាជិកគ្រួសារ ធ្វើលំហាត់ប្រាណ ដើរលេងក្នុងសួន មើលរឿង និងអានសៀវភៅជាដើម។

៥. រំលងការទទួលទានអាហារសម្រន់

មនុស្សភាគច្រើនយល់ថាការទទួលទានច្រើនជាង ៣ ដងក្នុងមួយថ្ងៃ គឺមិនល្អ។ ទោះជាយ៉ាងណាដើម្បីរក្សាបាននូវសុខភាពល្អនិងបញ្ឈប់អារម្មណ៍ឃ្លានមិនឈប់យើងគួរទទួលទានអាហារ ៥ ដងក្នុងមួយថ្ងៃ គឺអាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ អាហារពេលល្ងាច និងអាហារសម្រន់តិចតួច ២ ដង។ប៉ុន្តែដើម្បីជាការប្រសើរ អ្នកគួរជ្រើសរើសអាហារសម្រន់អោយបានត្រឹមត្រូវដូចជា គ្រាប់ធញ្ញជាតិ 
និងអាហារបែបសាឡាដ។

៦. កង្វះប្រូតេអ៊ីន

កុំភ្លេចរួមបញ្ចូលជាតិប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ក៏ព្រោះវាអ្វីដែលធ្វើឱ្យអ្នកមានថាមពល, ស្វាហាប់, រស់រវើក និងឆ្អែតស្កប់ស្កល។ បន្លែ និងផ្លែឈើ គឺល្អសម្រាប់សុខភាព ប៉ុន្តែប្រូតេអ៊ីនគួរមានជាចាំបាច់ក្នុងរបបអាហារ។ ប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនមានដូចជា សាច់គ្មានខ្លាញ់, សាច់មាន់,​ ស៊ុត និងច្រើនទៀត។

៧. កង្វះជាតិខ្លាញ់សុខភាពល្អ

ខ្លាញ់ល្អ គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយ និងជួយគ្រប់គ្រងការឃ្លាន។ ប្រភពនៃខ្លាញ់ល្អមានដូចជា ប្រេងអូលីវ, ត្រីក្រហម, គ្រាប់ធញ្ញជាតិ, ផ្លែបឺរ និងគ្រាប់ពូជ។ ដូច្នេះដើម្បីជាការប្រសើរ កុំភ្លេចរួមបញ្ជូលប្រភេទនៃខ្លាញ់ល្អក្នុងរបបអាហាររបស់អ្នក៕