ថាតើអ្នកធ្លាប់ដឹងទេថាសកម្មភាពប្រចាំថ្ងៃមួយចំនួនដែលអ្នកគិតថាធម្មតាអាចបង្កផលប៉ះពាល់ខ្លាំងចំពោះសុខភាពដូចទៅនឹងការជក់បារីដែរ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តើសកម្មភាពទាំងនោះមានអ្វីខ្លះទៅ? 
ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីទម្លាប់មិនល្អមួយចំនួនដែលអ្នកគួរបញ្ឈប់ ៖ 

១. ការអង្គុយពេញមួយថ្ងៃ

ការអង្គុយក្នុងរយៈពេលយូរជាប្រចាំ គឺផ្សារភ្ជាប់នឹងបញ្ហាសុខភាពជាច្រើនគួរអោយបារម្ភ។ កង្វះសកម្ម
ភាពរាងកាយបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងសូម្បីតែជំងឺធ្លាក់ទឹកចិត្ត (Depression)។ ដូច្នេះដើម្បីជាការប្រសើរ ចូរចៀសវាងការអង្គុយជាប់ពេញមួយថ្ងៃមិនក្រោកឈរធ្វើចលនាអ្វីសោះ។

២. ការទទួលទានភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុងផ្អែម

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញអោយដឹងថា ការទទួលទានភេសជ្ជៈផ្អែម ឬភេសជ្ជៈសូដា
ហួសប្រមាណបង្កើនហានិភ័យនៃជំងឺសសៃឈាមបេះដូង។ ការទទួលទានជាតិស្ករច្រើនពេកក៏បង្កើនហានិភ័យនៃជំងឺផ្សេងៗទៀត រួមបញ្ចូលទាំងជំងឺផ្លូវចិត្ត ជំងឺទឹកនោមផ្អែម បញ្ហាខ្លាញ់រុំថ្លើម 
សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាលើសកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានទឹកផ្លែឈើស្រស់ជំនួសវិញ។

៣. ការទទួលទានសាច់ច្រើនពេក

នោះក៏ព្រោះតែសាច់សម្បូរទៅដោយជាតិប្រូតេអ៊ីន ហើយការទទួលទានប្រូតេអ៊ីនចេញពីសាច់ច្រើនពេក គឺផ្សារភ្ជាប់នឹងហានិភ័យនៃជំងឺមហារីក។ លើសពីនេះទៅទៀតចំពោះសាច់ក្រហមវិញថ្វីត្បិតតែមានរសជាតិឆ្ងាញ់ ប៉ុន្តែអ្នកវិទ្យាសាស្រ្តជាច្រើនបានរកឃើញថាការយកសាច់ក្រហម​ ជាពិសេសសាច់កែច្នៃដូចជាសាច់ក្រកទៅចំអិនរបៀបនេះ​ គឺវានឹងបញ្ចេញនូវសារធាតុម្យ៉ាងហៅថា heterocyclic aromatic amines ដែលបង្កជំងឺមហារីក។ ហើយប្រសិនបើអ្នកយកប្រភេទសាច់ក្រហមទៅអាំងរហូតដល់ឆ្អិនខ្លាំង​ (ខ្លោច) ទៀតនោះវានឹងបំលែងមូលេគុល ហើយនិងសារធាតុគីមីផ្សេងៗនៃសាច់។ ដូច្នេះអ្នកគួរតែយកវាទៅស្ងោរ ដុត​ ឬចម្អិនក្នុងខ្ទះប្រសើរជាងអាំងលើចង្អើរ។ប្រូតេអ៊ីនចេញពីសាច់ក្រហមក៏អាចជះឥទ្ធិពលអវិជ្ជមានចំពោះសុខភាពតម្រងនោមផងដែរដោយវាបង្កើនបរិមាណនៃជាតិអាស៊ីតអ៊ុយរិកក្នុងឈាម និងកម្រិតនៃជាតិកាល់ស្យូម oxalate ក្នុងទឹកនោម។ អ្នកជំនាញជាច្រើនបានអោយដឹងថា អ្នកមិនគួរទទួលទានប្រូតេអ៊ីនចេញពីសត្វច្រើនពេកឡើយ ដោយដើម្បីជាការប្រសើរល្អគួរបន្ថែមប្រូតេអ៊ីនដែលចេញពីបន្លែជំនួសវិញ។

៤. គេងមិនគ្រប់

ការគេងមិនគ្រប់ ឬតិចជាង ៧ ម៉ោងក្នុងមួយយប់អាចបង្កបញ្ហាសម្ពាធឈាមឡើងខ្ពស់និងជំងឺធាត់ជ្រុល រួមជាមួយបញ្ហាសុខភាពច្រើនផ្សេងទៀត។ កង្វះការគេងរ៉ាំរ៉ៃនឹងធ្វើអោយខួរក្បាលបញ្ចេញ
អរម៉ូនស្ត្រេស cortisol ដែលផ្សារភ្ជាប់ទៅនឹងការកើនឡើងនូវហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ 

៥. ទទួលទានអាហារចៀនបំពងច្រើនពេក

អាហារបំពង ឬចៀនអាចមានរសជាតិឆ្ងាញ់ ប៉ុន្តែរាងកាយរបស់អ្នកមិនត្រូវការវាច្រើនពេកឡើយ។
នោះក៏ព្រោះតែអាហារប្រភេទនេះមានផ្ទុកជាតិខ្លាញ់អប្រភេទ trans fats ដែលមិនល្អចំពោះសុខភាពបង្កើនហានិភ័យនៃជំងឺជាច្រើន រួមទាំងមហារីក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង