តើអ្នកធ្លាប់ដឹងទេថាអាហារដែលអ្នកបរិភោគរៀងរាល់ថ្ងៃមួយចំនួនមានផ្ទុកសំបូរទៅដោយសារធាតុ carcinogens ដែលបង្កជំងឺមហារីកគួរអោយព្រួួយបារម្ភ? ហើយសកម្មភាពប្រចាំថ្ងៃខ្លះអាចបង្កើនហានិភ័យនៃជំងឺមហារីក? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្នុងមួយឆ្នាំៗមនុស្សរាប់លាននាក់ត្រូវបានគេរកឃើញថាកើតជំងឺមហារីកប្រភេទផ្សេងៗគ្នា។ ដូច្នេះដើម្បីជាការប្រសើរអ្នកចាំបាច់ត្រូវដឹងនូវប្រភេទអាហារ និងសកម្មភាពបែបណាដែលអ្នកមិនគួរទទួលទាន ឬធ្វើប្រសិនបើចង់ជៀសផុតពីជំងឺមហារីក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ រួមជាមួយអាហារដែលអ្នកគួរចៀសវាងប្រសិនបើមិនចង់កើតជំងឺមហារីក ៖
- ទម្លាប់គួរបញ្ឈប់ ៖
១. ជក់បារី
កុំគិតថាការជក់បារីនឹងគ្រាន់តែធ្វើអោយអ្នកកើតជំងឺមហារីកសួតតែមួយមុខ! ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ទម្លាប់នៃការជក់បារីក៏ផ្សារភ្ជាប់ទៅនឹងជំងឺមហារីកសុដន់គួរអោយព្រួយបារម្ភផងដែរ ជាពិសេសចំពោះក្មេងវ័យជំទង់ និងស្ត្រីអស់រដូវ។ នោះក៏ព្រោះតែបារីមានផ្ទុកជាតិនីកូទីនដែលជាសារធាតុគីមីគ្រោះថ្នាក់បំផុតមួយចំពោះសុខភាពក្នុងចំណោមសារធាតុគីមីច្រើនជាង ៤ ពាន់ប្រភេទទៀតក្នុងបារី។ ការស្រូបយកនូវសារធាតុនេះនឹងបង្កើនហានិភ័យនៃជំងឺជាច្រើន រួមបញ្ចូលទាំងជំងឺមហារីក។
២. ទទួលទានគ្រឿងស្រវឹងច្រើនពេក
ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណមិនត្រឹមតែបង្កបញ្ហាសុខភាពផ្សេងៗជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនាក់ទំនងទៅនឹងហានិភ័យនៃជំងឺមហារីកផងដែរ។ ប្រសិនបើអ្នកមិនអាចបញ្ឈប់ការទទួលទានគ្រឿងស្រវឹងបានទេនោះ ចូរកាត់បន្ថយមកត្រឹមកម្រិតមធ្យម។
៣. កង្វះលំហាត់ប្រាណ
ការមិនធ្វើលំហាត់ប្រាណសោះអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរអោយព្រួយបារម្ភ រួមបញ្ចូលទាំងជំងឺមហារីក។ ដើម្បីជៀសផុតពីជំងឺសាហាវនេះអ្នកជំនាញផ្នែកសុខភាពជាច្រើនបានណែនាំអោយអ្នកធ្វើលំហាត់ប្រាណក្នុងកម្រិតមធ្យមពី ៤ ទៅ ៧ ម៉ោងក្នុងមួយសប្តាហ៍ គឺប្រហែលជា ៣០ នាទី ទៅ ១ ម៉ោងក្នុងមួយថ្ងៃ។
៤. មិនត្រូវពន្លឺថ្ងៃសោះ
ពិតណាស់ការត្រូវកំដៅថ្ងៃច្រើនហួសពេកពេក គឹអាចធ្វើឱ្យអ្នកប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺមហារីកស្បែក។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាការមិនត្រូវពន្លឺថ្ងៃសោះក៏អាចជាមូលហេតុចម្បងបំផុតមួយនៃការកើតជំងឺមហារីកដែរ? យោងតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើនបានឱ្យដឹងថា វីតាមីន D នៃកំដៅថ្ងៃជាសារធាតុចិញ្ចឹមដ៏ចាំបាច់ដែលមានតួនាទីជួយការពារអ្នកពីបញ្ហានៃជម្ងឺមហារីកមួយចំនួនបាន។
- អាហារគួរចៀសវាង ៖
១. ជាតិផ្អែមសិប្បនិម្មិត
ថ្វីត្បិតតែពាណិជ្ជកម្មផ្សព្វផ្សាយថា ជាតិផ្អែមបែបនេះប្រសើរសម្រាប់សុខភាព ប៉ុន្តែវានៅតែផ្ដល់ផល
ប៉ះពាល់ច្រើនជាង។ វាអាចបង្កឲ្យកើនទម្ងន់ និងមិនអាចផ្ដល់ផលល្អអ្វីចំពោះអ្នកជំងឺទឹកនោមផ្អែមឡើយ។ Aspartame ជាសារធាតុដែលមានផ្ទុកក្នុងជាតិផ្អែមសិប្បនិម្មិត ហើយជាញឹកញយសារធាតុនេះបង្កផលអវិជ្ជមានជាច្រើនចំពោះសុខភាព រួមទាំងជំងឺមហារីក។
២. អាហារកំប៉ុង
អាហារកំប៉ុងភាគច្រើនបានលាយបញ្ជូលនូវសារធាតុ bistophenol-A ឫ BPA ដែលគេស្គាល់ថាជាសារធាតុអាចបង្កផលប៉ះពាល់ដល់ហ្សែននៃកោសិកាបង្កើនហានិភ័យនៃជំងឺមហារីក។ ដូច្នេះកុំឧស្សាហ៍ទទួលទានអាហារកំប៉ុងច្រើនពេក ឬជៀសវាងមិនទទួលទានតែម្ដងក៏ប្រសើរ។
៣. ត្រីចិញ្ចឹម
ត្រីចិញ្ចឹមមួយចំនួនធំសុទ្ធតែត្រូវបានគេចិញ្ចឹមដោយមានដាក់នូវសារធាតុគីមី រួមបញ្ចូលទាំងថ្នាំសម្លាប់មេរោគ ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមី Carcinogenic ដែលបង្កជំងឺមហារីក ដើម្បីទប់ស្កាត់ ក៏ដូចជាគ្រប់គ្រងពពួកវីរុស បាក់តេរី និងប៉ារ៉ាស៊ីត។ លើសពីនេះទៅទៀត ត្រីចិញ្ចឹមក៏មិនមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ច្រើនដូចត្រីធម្មជាតិដែរ។
៤. អាហារមានផ្ទុកសារធាតុ GMOs
អាហារមានផ្ទុកសារធាតុ GMOs អាចនឹងបង្កផលប៉ះពាល់ចំពោះសុខភាពគួរឱ្យព្រួយបារម្ភ រួមទាំងបញ្ហាពាក់ព័ន្ធនឹងជំងឺមហារីក។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានអាហារប្រភេទនេះក្នុងកម្រិតមធ្យម។
៥. សាច់ក្រហម
ថ្វីត្បិតតែសាច់ក្រហមអាំងមានរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែអ្នកវិទ្យាសាស្រ្តជាច្រើនបានរកឃើញថា ការយកសាច់ក្រហម ជាពិសេសសាច់កែច្នៃដូចជាសាច់ក្រកទៅចំអិនរបៀបនេះ គឺវានឹងបញ្ចេញនូវសារធាតុម្យ៉ាងហៅថា heterocyclic aromatic amines ដែលបង្កជំងឺមហារីក។ ហើយប្រសិន
បើអ្នកយកប្រភេទសាច់ក្រហមទៅអាំងរហូតដល់ឆ្អិនខ្លាំង (ខ្លោច) ទៀតនោះវានឹងបំលែងមូលេគុល ហើយនិងសារធាតុគីមីផ្សេងៗនៃសាច់។ ដូច្នេះអ្នកគួរតែយកវាទៅស្ងោរ ដុត ឬចម្អិនក្នុងខ្ទះប្រសើរជាងអាំងលើចង្អើរ។
៦. ភេសជ្ជៈសូដានិងភេសជ្ជៈកាបូណាត
ភេសជ្ជៈសូដា ឬភេសជ្ជៈកាបូណាតត្រូវបានគេលាយបញ្ជូលនូវសារធាតុពណ៌ ជាតិស្ករខ្ពស់ និងសារធាតុគីមីផ្សេងៗទៀតដែលជះឥទ្ធិពលគួរអោយព្រួយបារម្ភចំពោះសុខភាព។ ភេសជ្ជៈប្រភេទនេះមិនត្រឹមតែមិនផ្តល់នូវសារធាតុចិញ្ចឹមល្អៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញសារធាតុចិញ្ចឹមមួយចំនួនដែលមានស្រាប់ក្នុងរាងកាយ ក្រោយពីអ្នកទទួលទានអាហារផ្សេងៗទៀតផង។
៧. អាហារត្រាំ
អាហារប្រភេទនេះមានផ្ទុកសារធាតុនីត្រាត (nitrate) ហើយសារធាតុនេះនឹងប្រែទៅជា N-nitroso ក្នុងរាងកាយដែលធ្វើអោយរាងកាយងាយនឹងកើតជំងឺមហារីក។ ភាគច្រើនអាហារប្រភេទនេះផ្សារភ្ជាប់ទៅនឹងជំងឺមហារីកក្រពះ និងមហារីកពោះវៀនធំ៕