ការសិក្សាថ្មីបានបង្ហាញថា ២៥ភាគរយនៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គឺមិនបានដឹងថាខ្លួនកើតជំងឺនេះឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកធ្លាប់មានអាការៈមួយចំនួនដូចខាងក្រោមនេះ ចូរពិគ្រោះជាមួយគ្រូពេទ្យបន្ថែមទៅ ព្រោះវាអាចបញ្ជាក់ថាអ្នកទំនងជាកើតជំងឺទឹកនោមផ្អែមហើយ។
ចេះតែមានអារម្មណ៍អស់កម្លាំងគ្រប់ពេល
ពិតណាស់អ្នកអាចនឹងអស់កម្លាំងម្តងម្កាល ប៉ុន្តែការអស់កម្លាំងជាប់គឺជាអាការៈសំខាន់មួយដែលអ្នកត្រូវយកចិត្តទុកដាក់បន្ថែម ដោយសារតែអាហារដែលអ្នកញ៉ាំមិនអាចរំលាយក្លាយទៅជាថាមពល ឬកោសិកាអាចប្រើប្រាស់បាន។ ប៉ុន្តែករណីជំងឺទឹកនោមផ្អែមប្រភេទទី២ ជាតិស្ករក្នុងឈាមអាចឡើងខ្ពស់មួយភ្លេត ប៉ុន្តែអាការៈនេះអាចកើតឡើងយឺតៗទេ។
ប្រអប់ដៃ និងជើងចេះតែខ្សោយ
ជំងឺសរសៃប្រសាទ ដែលអាចសម្គាល់ដឹងតាមរយៈការមានអារម្មណ៍ប្លែក ឬស្ពឹកៗនៅដៃ ជើង ប្រអប់ដៃ ប្រអប់ជើង សឹងតែកើតឡើងច្រើនជាងពាក់កណ្តាលទៅហើយលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ នេះដោយសារតែជំងឺទឹកនោមផ្អែមទៅបន្ថយលំហូរឈាមទៅចិញ្ចឹមចុងដៃចុងជើង និងខូចខាតដល់សរសៃប្រសាទនិងសរសៃឈាម។
របួសក្រជា
ប្រព័ន្ធភាពស៊ាំ និងដំណើរការណ៍សម្រាប់ជួយឲ្យរបួសឆាប់ជា គឺមិនកើតឡើងល្អឡើយនៅពេលកម្រិតជាតិស្ករក្នុងឈាមកំពុងតែឡើងខ្ពស់ហើយ។
នោមញឹក
នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ រាងកាយនឹងព្យាយាមយកឈ្នះភាពខាប់របស់ស្ករក្នុងឈាមនេះ។ ដូច្នេះវានឹងជំរុញឲ្យតម្រូងនោមធ្វើការបន្ថែមកាន់តែខ្លាំងដើម្បីផលិតទឹកនោមកាន់តែច្រើន។
ស្រេកទឹកជាងធម្មតា
ការនោមច្រើនក៏ធ្វើឲ្យស្រេកទឹកខ្លាំងដែរ។ យ៉ាងណាមិញ អ្នកជំងឺដែលមិនដឹងខ្លួនថាមានជំងឺច្រើនតែប្រើប្រាស់ភេសជ្ជៈដូចជា ទឹកផ្លែឈើ ឬទឹកក្រូចកំប៉ុងដើម្បីបំបាត់ភាពស្រេកទឹករបស់ខ្លួន ប៉ុន្តែភេសជ្ជៈទាំងនេះនឹងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងកាន់តែខ្លាំង រហូតដល់បង្កបញ្ហាកាន់តែច្រើន។
ភ្នែកមើលឃើញព្រឺល
សម្រាប់ដំណាក់កាលដំបូងរបស់ជំងឺទឹកនោមផ្អែម កញ្ចក់ភ្នែកគឺមិនអាចមើលឃើញល្អឡើយដោយសារតែជាតិស្ករបាំងខ្លាំង ដែលរឿងនេះកើតឡើងជាលក្ខណៈបណ្តោះអាសន្នទេ។ យ៉ាងណាមិញអ្នកនឹងមិនខ្វាក់ភ្នែកឡើងបើសិនជាការគ្រប់គ្រងជាតិស្ករធ្វើឡើងបានល្អហើយនោះ។
ស្រកទម្ងន់
ការស្រកទម្ងន់ដោយមិនដឹងខ្លួនអាចកើតឡើងដោយហេតុផលជាច្រើន ហើយវាក៏បណ្តាលមកពីជំងឺទឹកនោមផ្អែមផងដែរ។ អាំងស៊ុយលីនមាននាទីដឹកនាំជាតិស្ករក្នុងឈាមចូលទៅប្រើប្រាស់ក្នុងកោសិកា ដូច្នេះនៅពេលអ្នកមានបញ្ហាអាំងស៊ុយលីនរ៉េស៊ីស្តង់ នោះកោសិកាក្នុងខ្លួននឹងមិនទទួលបានថាមពលគ្រប់គ្រាន់ឡើយថ្វីបើជាតិស្ករកំពុងតែចរាចរណ៍ច្រើនក្នុងចរន្តឈាមហើយក៏ដោយ។ នៅពេលកោសិកាអត់ទទួលបានថាមពលគ្រប់គ្រាន់ រាងកាយនឹងរំលាយជាតិខ្លាញ់ក្នុងខ្លួន ព្រមទាំងសាច់ដុំផងដែរនោះដើម្បីបង្កើតជាថាមពលជំនួសវិញ ដូច្នេះអ្នកនឹងចុះស្គមតាមហេតុផលមួយនេះ។
ងាយនឹងមានការបង្ករោគផ្សិត
កាលណាជាតិស្ករក្នុងឈាមឡើងខ្ពស់ វានឹងបង្កើតជាមជ្ឈដ្ឋានកាន់តែអំណោយផលសម្រាប់មេរោគផ្សិតលូតលាស់ ជាពិសេសក្នុងទ្វារមាសស្រ្តីតែម្តង។ នេះដោយសារតែ ជាតិស្ករជាចំណីដ៏ឆ្ងាញ់របស់មេរោគផ្សិត ហើយវាក៏ងាយនឹងបំបែកកូនចៅកាន់តែស្រួលផងដែរ។ បើសិនជាអ្នកកើតរោគផ្សិតពីរទៅបីដង ជារៀងរាល់ពីរបីខែម្តង ឬការព្យាបាលបែបស្តង់ដារហើយមិនអាចជាទៀត យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកមើលជំងឺទឹកនោមផ្អែមទៅ។
កើតមានស្នាមអ៊ុចៗពណ៌ខ្មៅចម្លែកលើស្បែក
ឃ្លៀកខ្មៅ ផ្នត់ៗនៅកខ្មៅ ឬគ្រលានប្រែទៅជាខ្មៅ គឺជាអាការៈញឹកញាប់ និងភ្ញាក់ផ្អើលមួយនៃជំងឺ អាំងស៊ុយលីនរ៉េស៊ីស្តង់ដំណាក់កាលដំបូង ឬហៅថាត្រៀមកើតជំងឺទឹកនោមផ្អែម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តាមពាក្យបច្ចេកទេសគេហៅថា Acanthosis Nigricans (AN)។ ប៉ុន្តែបើសិនជាអ្នកជួបបញ្ហានេះមែន យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងវាយតម្លៃសិន៕