ភាគច្រើននៃពួកយើងសុទ្ធតែចង់មើលទៅក្មេងជាងវ័យ និងរស់នៅបានយូរបំផុតតាមដែលអាចធ្វើទៅបាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) របបអាហារដើរតួយ៉ាងសំខាន់ក្នុងការរក្សាបាននូវសុខភាពល្អអាយុវែង និងសម្រស់ស្រស់ស្អាតស្បែកមើលទៅក្មេងបានយូរ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកមិនគួរទទួលទាន រួមជាមួយអាហារដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបានស្បែកមានសុខភាពល្អតឹងណែនស្រស់ស្អាតគ្មានស្នាមជ្រួញក្មេងជាងវ័យ ៖

  • អាហារដែលគួរចៀសវាង

១. សាច់ក្រហម

អ្នកជំនាញជាច្រើននិយាយថា សាច់ក្រហមមានផ្ទុកជាតិ carnitine ខ្ពស់ដែលអាចធ្វើអោយជញ្ជាំងសសៃឈាមឡើងរឹង បង្កបញ្ហានៃភាពចាស់ជាងវ័យ។

២. អំបិល

ជាពិសេសអំបិលអ៊ីយ៉ូដ គឺមិនល្អសម្រាប់សុខភាពស្បែកឡើយ ក៏ព្រោះវាធ្វើអោយជាលិកាប្រែជាហើម និងឡើងមុន។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានអំបិលក្នុងកម្រិតមធ្យម។

៣. ស្ករ

ស្ករ គឺជាប្រភេទនៃអាហារដែលធ្វើអោយស្បែកឆាប់ចាស់ជាងវ័យលឿនបំផុត ហើយវាក៏បង្កផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ស្ករ ក៏ពន្លឿនការលេចឡើងនៃស្នាមជ្រីវជ្រួញ និងធ្វើអោយស្បែកស្រអាប់គ្មានពន្លឺដោយសារវាបំផ្លាញកូឡាជែន និងភាពបត់បែននៃស្បែក។ ព្យាយាមទទួលទានផ្លែឈើជំនួសការទទួលស្ករ ឬអាហារផ្អែមច្រើនហួស។

៤. អាហារបំពង

ជាតិខ្លាញ់មិនល្អនៃអាហារបំពងមានផ្ទុករ៉ាឌីកាល់សេរីដែលបង្កការរាំងស្ទះរន្ធញើស។ អ្នកគួររួមបញ្ចូលផ្លែបឺរ និងប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃជំនួសវិញ ដើម្បីទទួលបាននូវជាតិខ្លាញ់សុខភាពល្អ។

៥. គ្រឿងស្រវឹង ឬជាតិអាល់កុល

ការទទួលទានគ្រឿងស្រវឹង ឬជាតិអាល់កុលច្រើននឹងបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ជាលទ្ធផលស្បែកត្រូវទទួលរងផលប៉ះពាល់ដោយប្រែជាស្ងួតគ្មានសំណើម ហើយឆាប់ជ្រីវជ្រួញ។ គ្រឿងស្រវឹងក៏ធ្វើអោយសសៃឈាមរីកធំបណ្ដាលអោយស្បែកប្រែជាស្រអាប់។

៦. កាហ្វេអ៊ីន

កាហ្វេអ៊ីនក៏បង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយផងដែរ។ ជាលទ្ធផលស្បែកនឹងប្រែជាស្ងួត ហើយបង្កើនការផលិតអ័រម៉ូនស្ត្រេស cortisol ដែលពន្លឿនដំណើរការនៃភាពចាស់តាមវ័យនៃស្បែក។

  • អាហារដែលអ្នកចាំបាច់គួរទទួលទាន

១. ផ្លែបឺរ

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ! ការទទួលទានផ្លែបឺរឱ្យបាន ១ ផ្លែក្នុងមួយថ្ងៃជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល និងគាំទ្រដល់ដំណើរការនៃការស្តារឡើងវិញរបស់កោសិកាស្បែក។ ផ្លែបឺរផ្ដល់ឱ្យរាងកាយនូវវីតាមីន C ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតហ្វូលីក។

២. ការ៉ុត

មិនត្រឹមតែល្អសម្រាប់រក្សាសុខភាពភ្នែកតាមរយៈបរិមាណខ្ពស់នៃវីតាមីន A ប៉ុណ្ណោះទេ ប៉ុន្តែការ៉ុតក៏ជួយការពារស្បែកមិនឱ្យចាស់មុនវ័យដោយទប់ស្កាត់ស្នាមជ្រួញដែលបណ្ដាលមកពីការប៉ះពាល់នឹងកាំរស្មីយូវីផងដែរ។ ត្រូវចាំក្នុងចិត្តផងថា មិនគួរចម្អិនការ៉ុតឱ្យឆ្អិនពេកទេក៏ព្រោះការធ្វើបែបនេះនឹងកាត់បន្ថយបរិមាណនៃសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗក្នុងការ៉ុត។

៣. ផ្លែក្រូចគ្រប់ប្រភេទ

ជាប្រភពដ៏ប្រសើរនៃវីតាមីន C និងអាស៊ីតហ្វូលីក។ ក្រូចឆ្មារមានផ្ទុកវីតាមីន C ខ្ពស់ជាងក្រូចផ្សេងៗ ដូច្នេះការទទួលទានទឹកក្រូចឆ្មារនៅពេលពោះទទេរជួយសម្អាតពោះវៀនធំ និងបន្សាបជាតិពុលផ្សេងៗក្នុងរាងកាយ ក៏ដូចជាពង្រឹងសុខភាពស្បែក និងបង្កើនការផលិតកូឡាជែនផងដែរ។

៤. ខ្ទឹមស

មានគុណសម្បត្តិប្រឆាំងរោគផ្សិត និងបាក់តេរីដែលធ្វើឱ្យខ្ទឹមសជួយរក្សាសុខភាពស្បែកបានយ៉ាងប្រសើរ។ ហើយខ្ទឹមសជាប្រភពដ៏ប្រសើរនៃសារធាតុ Allicin ដែលជួយកម្ចាត់បាក់តេរីបង្ករោគមុន។ សារធាតុ Allicin ក៏មានប្រសិទ្ធិភាពជួយកាត់បន្ថយការហើម, ការរលាក និងបង្កើនចរន្តឈាមហូរផងដែរ។

៥. សូកូឡាខ្មៅ

សូកូឡាខ្មៅដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧៥ ភាគរយ គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា​ flavonoids ដែលជួយដល់ស្បែកឱ្យការពារខ្លួនឯងពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ, ប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី និងបង្កើនជាតិសំណើម ក៏ដូចជាភាពក្រាស់ផងដែរ។

៦. ប្រេងអូលីវ

ជាប្រភពនៃ alpha-linolenic acid ដែលជួយស្បែកក្នុងការរក្សាបាននូវជាតិសំណើមទប់ស្កាត់ភាពចាស់មុនវ័យ។ ដើម្បីជាការប្រសើរក្រៅពីបន្ថែមប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃហើយនោះ ចូរប្រើវាប៉ុន្មានដំណក់ម៉ាស្សាជុំវិញភ្នែកនៅពេលយប់មុនអ្នកចូលគេងដោយវិធីនេះជួយរក្សាសំណើមនៃស្បែក និងកាត់បន្ថយស្នាមជ្រួញត្រង់កន្ទុយភ្នែក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង