ធ្លាប់ដឹងទេថាអាហារធម្មតាមួយចំនួនប្រសិនបើទទួលទានខុសពេលអាចបង្កបញ្ហាគួរឱ្យព្រួយបារម្ភចំពោះសុខភាពបាន? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីពេលវេលាត្រឹមត្រូវក្នុងការទទួលទានអាហារមួយចំនួន ៖
១. ផ្លែចេក
អ្នកមិនគួរទទួលទានចេកនៅពេលព្រឹកទាំងមិនទាន់ញ៊ាំអ្វីផ្សេងឡើយ ក៏ព្រោះវាអាចកាត់បន្ថយកម្រិតនៃថាមពលរាងកាយឆាប់រហ័ស។ លើសពីនេះទៅទៀតការទទួលទានផ្លែចេកនៅពេលពោះទទេរអាចបណ្ដាលអោយរាគចំពោះអ្នកមានបញ្ហារលាកពោះវៀន។
២. កាហ្វេ
ដើម្បីចៀសផុតពីបញ្ហាធន់នឹងជាតិកាហ្វេអ៊ីនអ្នកមិនគួរទទួលទានកាហ្វេនៅមុនពេលអាហារឡើយ ជាពិសេសនៅពេលក្រោកពីគេងភ្លាម។ លើសពីនេះទៅទៀត ការទទួលទានកាហ្វេនៅពេលព្រឹកដោយមិនទាន់ទទួលទានអ្វីសោះអាចបង្កផលប៉ះពាល់អាក្រក់ច្រើនជាងល្អចំពោះសុខភាព។ កាហ្វេបង្កើនអាស៊ីតក្រពះដែលបណ្ដាលឱ្យពិបាករំលាយអាហារនិងក្រហាយទ្រូង។ ខណៈដែលតែទប់ស្កាត់ការផលិតអាស៊ីតក្រពះមានន័យថាវាកាត់បន្ថយអាស៊ីតក្នុងក្រពះនិងទឹកប្រម៉ាត់។ វាក៏កាត់បន្ថយចំណង់អាហារផងដែរ។ ហើយដើម្បីចៀសផុតពីបញ្ហាគេងលក់ កុំទទួលទានកាហ្វេនៅមុនពេលជិតចូលគេង ឬពេលល្ងាច។
៣. បាយ
បាយមានផ្ទុកកាបូអ៊ីដ្រាតច្រើន ព្រមទាំងកាឡូរីខ្ពស់ដែលត្រូវការពេលយូរដើម្បីរំលាយ ប៉ុន្តែក៏ផ្ដល់និងរក្សាថាមពលរាងកាយបានយ៉ាងប្រសើរផងដែរ។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរទទួលទានបាយច្រើនពេលថ្ងៃ ប៉ុន្តែតិចនៅពេលយប់ប្រសិនបើមិនចង់ឡើងទម្ងន់។ អ្វីដែលសំខាន់នោះ គឺប្រព័ន្ធដុតរំលាយអាហារធ្វើការលឿនកំឡុងពេលថ្ងៃ។
៤. ទឹកដោះគោ
ការទទួលទានទឹកដោះគោនៅពេលព្រឹក គឺល្អសម្រាប់កុមារ ប៉ុន្តែមិនមែនចំពោះមនុស្សធំឡើយ។ ទឹកដោះគោ គឺពិបាកនឹងរំលាយ ដូច្នេះការទទួលទានវានៅពេលព្រឹករួមជាមួយអាហារផ្សេងទៀតអាចបង្កអាការៈក្រហាយទ្រូងនិងឈឺពោះ។ ពេលល្ងាច គឺជាពេលដ៏ប្រសើរបំផុតក្នុងការទទួលទានទឹកដោះគោក្ដៅឧណ្ហៗមួយកែវដោយវានឹងជួយអោយគេងលក់ស្រួល។
៥. សាច់
អ្នកមិនគួរទទួលទានសាច់ច្រើននៅពេលព្រឹកនិងមុនពេលចូលគេងឡើយ ប្រសិនបើចង់ចៀសផុតពីបញ្ហាពិបាករំលាយអាហារ ព្រមទាំងឡើងទម្ងន់។ ទោះជាយ៉ាងណាជម្រើសដ៏ប្រសើរបំផុតនោះ គឺសាច់គ្មានខ្លាញ់និងទទួលទាននៅមុនពេលចូលគេង ៣ ម៉ោង។ អ្នកគួរទទួលទានសាច់នៅពេលថ្ងៃដើម្បីអាចអោយរាងកាយទទួលបាននូវជាតិប្រូតេអ៊ីនគ្រប់គ្រាន់។
៦. ផ្លែប៉ោម
មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងអាស៊ីតធម្មជាតិដែលល្អសម្រាប់ការរំលាយអាហារនិងមុខងារពោះវៀនធំ។ ប៉ុន្តែប្រសិនបើអ្នកទទួលទាននៅពេលល្ងាចនោះជាតិអាស៊ីតនៃផ្លែប៉ោមអាចបង្កបញ្ហាដល់ក្រពះ។ ការទទួលទានផ្លែប៉ោមនៅពេលយប់ក៏មិនល្អសម្រាប់ចលនាពោះវៀនផងដែរ ហើយបង្កបញ្ហាពិបាករំលាយអាហារ។ ដូច្នេះពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានផ្លែប៉ោម គឺនៅពេលព្រឹក៕