ជាទូទៅដើម្បីសុខភាពមាត់ធ្មេញល្អប្រសើរចៀសផុតពីបញ្ហាគួរអោយព្រួយបារម្ភផ្សេងៗ អ្នកគួរទៅជួបពិនិត្យជាមួយពេទ្យធ្មេញអោយបានម្ដង ឬ ពីរដងក្នុងមួយឆ្នាំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាអ្នកគ្មានទម្លាប់នឹងទៅពិនិត្យសុខភាពមាត់ធ្មេញក៏ដោយ ក៏អ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយពេទ្យធ្មេញភ្លាមប្រសិនបើអាការៈមិនប្រក្រតីកើតមានឡើង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញា ឬអាការៈមួយចំនួននៃបញ្ហាមាត់ធ្មេញដែលអ្នកមិនគួរធ្វេសប្រហែសមើលរំលង ៖
១. ក្លិនមាត់មិនល្អជាប់ជានិច្ច
ប្រសិនបើក្លិនមាត់របស់អ្នកនៅតែមិនល្អជាប់រហូត ទោះបីជាតែងធ្វើការដុសសម្អាតត្រឹមត្រូវ ព្រមទាំងប្រើប្រាស់ទឹកខ្ពុរមាត់ហើយនោះវាប្រាកដជាអាការៈ ឬរោគសញ្ញាមួយដែលអ្នកមិនអាចដោះស្រាយដោយខ្លួនឯងនៅផ្ទះបានឡើយ។ អ្វីដែលគួរអោយបារម្ភនោះ គឺក្លិនមាត់មិនល្អអាចជារោគសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយ រួមបញ្ចូលទាំងជំងឺអញ្ចាញធ្មេញ ជំងឺរលាកបំពង់ក និងជំងឺដំបៅក្រពះ។ដូច្នេះកុំស្ទាក់ស្ទើនឹងទៅរកពេទ្យធ្មេញអោយសោះ។
២. រសជាតិមិនល្អជាប់ក្នុងមាត់
ជាញឹកញយក្លិនមាត់មិនល្អជាប់រហូតតែងអមមកជាមួយនូវរសជាតិអាក្រក់ក្នុងមាត់ដែរ។ ពេលខ្លះវាបណ្ដាលមកពីបញ្ហាធ្មេញ ដូច្នេះចូរប្រញាប់ទៅជួបពិនិត្យជាមួយពេទ្យធ្មេញ។ ទោះជាយ៉ាងណាអាការៈនេះក៏ច្រើនកើតមានផ្សារភ្ជាប់នឹងបញ្ហាប្រព័ន្ធរំលាយអាហារផងដែរ។
៣. ឈឺចាប់នៅពេលទំពារនិងលេប
ត្រូវប្រាកដថាអ្នកនឹងទៅជួបជាមួយពេទ្យធ្មេញយ៉ាងឆាប់បំផុតតាមដែលអាចធ្វើទៅបាននៅពេលបញ្ហាក្នុងការទំពារនិងលេបកើតមានឡើង។ វាជាការប្រសើរក្នុងការស្វែងរកឬសគល់នៃមូលហេតុដែលបង្កបញ្ហានេះភ្លាមៗចៀសវាងហួសពេល ឬក្លាយជាធ្ងន់ធ្ងររហូតដល់ជះផលប៉ះពាល់ដល់សុខភាពទាំងមូលដោយសារការទទួលទានអាហារផ្សេងៗមិនបាន។
៤. មានអារម្មណ៍ឈឺចាប់នៅពេលទទួលទានភេសជ្ជៈ ឬអាហារទាំងក្ដៅនិងត្រជាក់
អាការៈនេះអាចបណ្ដាលមកពីបញ្ហាសសៃប្រសាទក្នុងធ្មេញ។ ដូច្នេះអ្នកមិនគួរបង្អង់ពេលនឹងទៅជួបពិនិត្យជាមួយពេទ្យធ្មេញឡើយ។
៥. អញ្ចាញងាយនឹងហើម ឬហូរឈាម
ប្រសិនបើជាញឹកញាប់អ្នកសម្គាល់ឃើញអញ្ចាញតែងហូរឈាមនិងហើមនៅរាល់ពេលដុសសម្អាតធ្មេញ ឬប្រើខ្សែរ៉ូតសម្អាត នោះវាអាចជាអាការៈនៃជំងឺអញ្ចាញធ្មេញហើយ។ ដូច្នេះអ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយពេទ្យធ្មេញភ្លាមមុននឹងអ្វីៗហួសពេលពិបាកព្យាបាល។
៦. មាត់ស្ងួតគ្រប់ពេល
ភាពស្ងួតក្នុងមាត់ គឺជាកត្តាចម្បងមួយដែលអាចបណ្ដាលអោយកើតមានបញ្ហាផ្សេងៗជាច្រើន រួមទាំងជំងឺស្ងួតមាត់។ ហើយជំងឺស្ងួតមាត់ គឺជាបញ្ហាសុខភាពគួរឱ្យបារម្ភមួយដែលជាញឹកញយជំងឺនេះតែងកើតឡើងបណ្ដាលមកពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំមួយចំនួន។ ប៉ុន្តែវាក៏អាចជាផលវិបាកនៃស្ថានភាពមាត់ធ្មេញផងដែរ ដូច្នេះអ្នកត្រូវតែអើពើនឹងបញ្ហានេះ! ដោយសារទឹកមាត់មានសារៈសំខាន់ណាស់ក្នុងការសម្អាតអាហារ និងបាក់តេរីនៃមាត់ ហើយថែមទាំងដើរតួនាទីជាផ្នែកមួយរបស់ដំណើរការរំលាយអាហារទៀតផង។ ដើម្បីជាការប្រសើរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះពិនិត្យជាមួយពេទ្យធ្មេញអោយសោះ៕