គ្រាប់ត្បូងមានពន្លឺដ៏ចែងចាំង កើតពីស្រទាប់យ៉ាងជ្រៅនៅក្នុងភពផែនដី ហើយមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងធម្មជាតិ។
តើអ្នកជឿទេថា គ្រាប់ត្បូងទាំងនេះ អាចបង្ហាញពីលក្ខណៈសម្បត្តិរបស់អ្នក? ចង់ដឹងកាន់តែច្បាស់ អ្នកត្រូវជ្រើសរើសគ្រាប់ត្បូង ដែលពេញចិត្តជាងគេតែមួយបានហើយ ក្នុងចំណោមគ្រាប់ត្បូងទាំងអស់នេះ ហើយធ្វើការសង្កេតតាមលេខរៀងនិមួយៗ។
ទី១ (គ្រាប់គុជ) ៖ អ្នកជាមនុស្សមានភាពថ្លៃថ្នូរ ប្រកបដោយវិចារណញ្ញាណ មានមោទនភាព ប៉ុន្តែចេះបន្ទាបខ្លួនមិនក្អេងក្អាង។ អ្នកជាមនុស្សចិត្តត្រជាក់ មានសន្តានចិត្តល្អ តែងគិតពិចារណាមុននិយាយស្តី ហើយកម្រមានអ្នកដូច។
ទី២ (គ្រាប់ត្បូង Ruby) ៖ បើស្រលាញ់អ្វីមួយគឺដាក់ចិត្តដាក់កាយ ចង់សម្រេចយកឲ្យបាន ពេលទៅណាមកណាតែងជះឥទ្ធិពលដល់អ្នកដទៃ ធ្វើឲ្យគេចង់យកគំរូតាម។ ជាមនុស្សមានអំណាច រឹងមាំ ហើយតែងចង់យកឈ្នះនូវឧបសគ្គ ទាំងឡាយដែលបានជួប។
ទី៣ (គ្រាប់ពេជ្រ) ៖ ជាមនុស្សរឹងប៉ឹង មានចិត្តប្តេជ្ញា និងមានមោទនភាព ហើយចេះនិយាយលើកទឹកចិត្តមនុស្សនៅជុំវិញខ្លួន ពេលគេជួបបញ្ហា។ ទោះបីមានមាត់រឹងបន្តិច ប៉ុន្តែស្មោះត្រង់និងចិត្តល្អ ហើយខិតខំប្រឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីទៅដល់គោលដៅដែលខ្លួនចង់បាន។
ទី៤ (គ្រាប់ត្បូង Blue Topaz) ៖ ជាមនុស្សមិនចេះឆេវឆាវ ចូលចិត្តភាពស្ងប់ស្ងាត់ អ្នកដទៃចូលចិត្តស្រលាញ់រាប់អាន ព្រោះអ្នកមានបេះដូងត្រជាក់ ដឹងខុសដឹងត្រូវ ហើយពូកែផ្នែកទំនាក់ទំនងទូទៅ ក្នុងសង្គម និងមានគេគោរពឲ្យតម្លៃ។
ទី៥ (គ្រាប់ត្បូង Peridot) ៖ ជាមនុស្សពោរពេញដោយថាមពល សកម្មនិងមិនហត់នឿយក្នុងការចង់ចេះចង់ដឹង នូវបទពិសោធន៍ថ្មីៗ។ អ្នកជាមនុស្សដែល អាចផ្តល់ស្នាមញញឹមនិងភាពសប្បាយរីករាយ ពេលនៅជិត។
ទី៦ (គ្រាប់ត្បូង Aquamarine) ៖ ជាមនុស្សក្លាហាន មានចរិតបែបយុវវ័យ ចូលចិត្តធ្វើអ្វីបែបផ្សងព្រេង បើស្រលាញ់អ្វីមួយ គឺងប់ងុលដកចិត្តមិនរួច ហើយចេះការពារអ្នកនៅជិតខ្លួន។
ទី៧ (គ្រាប់ត្បូង Tanzanite) ៖ ជាមនុស្សប្រកាន់ខ្ជាប់នូវសីលធម៌ មានសភាវគតិខ្ពស់ មានចំណុចទាក់ទាញពិសេសម្យ៉ាងប្លែកពីគេ ស្អាតគួរឲ្យស្រលាញ់ ប៉ុន្តែមិនប្រកាន់ខ្លួន។
ទី៨ (គ្រាប់ត្បូង Citrine) ៖ ទោះជាមានរឿងអ្វីកើតឡើង ក៏នៅតែពេញចិត្តនូវជីវិតរបស់ខ្លួន។ អ្នកជាមនុស្សមានភាពកក់ក្តៅ និងមានចិត្តសប្បុរសស្រស់ថ្លា តែងគិតអ្វីវិជ្ជមាន ចូលចិត្តឲ្យតម្លៃទៅលើ ការធ្វើការជាក្រុមនិងដោះស្រាយបញ្ហារួមគ្នា ជាមួយនឹងគំនិតថ្មីៗ។
ទី៩ (គ្រាប់ត្បូង Pink Tourmaline) ៖ ជាមនុស្សឆាប់ប្រតិកម្ម ប៉ុន្តែចិត្តទន់ មានមេត្តាធម៌ និងផ្អែមល្ហែម។ ថ្វីត្បិតពេលខ្លះមិនសូវចេះទប់អារម្មណ៍ ប៉ុន្តែតែងនិយាយត្រង់ៗ និងចូលចិត្តជួយអ្នកដទៃ។
ទី១០ (គ្រាប់ត្បូង Amethyst) ៖ ជាមនុស្សឆ្លាតវ័យ រឹងមាំ ម៉ឺងម៉ាត់ មិនចូលចិត្តនិយាយសាំញ៉ាំច្រើន ចូលចិត្តនៅស្ងប់ស្ងាត់ និងចេះគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ៕
ប្រភព៖ sabay.com.kh