បេះដូងដើរញាប់ ឬអាការៈញ័រទ្រូង គឺជាបញ្ហាសុខភាពគួរអោយព្រួយបារម្ភមួយដែលអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងៗពីគ្នា។ មួយចំនួនក្នុងចំណោមកត្តាទាំងនោះ រួមបញ្ចូលទាំងភាពតានតឹងក្នុងអារម្មណ៍ ជំងឺថប់បារម្ភ ភ័យស្លន់ស្លោ ខ្វះគ្រាប់ឈាមក្រហម ជំងឺក្រពេញទីរ៉ូអ៊ីត ជាតិស្ករក្នុងឈាមទាបពេក កង្វះជាតិទឹកក្នុងរាងកាយ និងអតុល្យភាពនៃអេឡិចត្រូលីត្រ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែពេលខ្លះវាក៏បណ្ដាលមកពីការទទួលទានអាហារនិងភេសជ្ជៈមួយចំនួនផងដែរ។ ថាតើអាហារអ្វីខ្លះទៅដែលអាចបង្កបញ្ហាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី? ខាងក្រោមវេបសាយសុខភាព
Health.com.kh នឹងបង្ហាញឱ្យអ្នកពីអាហារ រួមទាំងភេសជ្ជៈដែលអ្នកគួរចៀសអោយផុត ប្រសិន
បើមិនចង់ជួបប្រទះបញ្ហាបេះដូងលោតញាប់ខុសប្រក្រតី ឬអាការៈញ័រទ្រូង ៖
១. គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងអាចបង្កអាការៈញ័រទ្រូងចំពោះអ្នកដែលមានចង្វាក់បេះដូងធម្មតា។ អ្នកដែលទទួលទានគ្រឿងស្រវឹងជាប្រចាំបណ្ដាលឱ្យបេះដូងរបស់ពួកគេចុះខ្សោយដោយចង្វាក់បេះដូងលោតមិនទៀង ឬលោតញាប់បង្កជាជំងឺ Atrial fibrillation (បេះដូងលោតមិនប្រក្រតី)។
២. ភេសជ្ជៈនិងអាហារមានជាតិកាហ្វេអ៊ីន
អ្នកអាចទទួលទានកាហ្វេ ទឹកក្រូចកំប៉ុង តែ ភេសជ្ជៈប៉ូវកម្លាំង សូកូឡា និងអាហារដែលមានផ្ទុកជាតិកាហ្វេអ៊ីនបានដោយគ្មានការព្រួយបារម្ភថានឹងជួបប្រទះអាការៈញ័រទ្រូង ប្រសិនបើក្នុងកម្រិតមធ្យម។ ការទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេក ឧទាហរណ៍ ៖ ទទួលទានកាហ្វេច្រើនជាង ៣ ពែងក្នុងមួយថ្ងៃអាចបណ្ដាលអោយកើតមានអាការៈញ័រទ្រូង ថប់បារម្ភ និងគេងមិនលក់។
៣. អតុល្យភាពនៃរបបអាហារ
ពិតណាស់រាងកាយត្រូវការសារធាតុចិញ្ចឹមច្រើនប្រភេទដើម្បីរក្សាសុខភាពរឹងមាំ ជាពិសេសអាចដំណើរការមុខងារសរីរាង្គផ្សេងៗបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ជាតិរ៉ែ ឬវីតាមីនច្រើន ឬតិចពេកអាចបង្កបញ្ហាសុខភាពមួយចំនួន។ ជាឧទាហរណ៍ ជាតិកាល់ស្យូមច្រើនពេកក្នុងរាងកាយអាចបណ្ដាលឱ្យមានការខូចខាតដល់បេះដូង ខណៈដែលកង្វះជាតិកាល់ស្យូមបង្កបញ្ហាញ័រទ្រូង និងផលប៉ះពាល់ផ្សេងៗទៀត។
៤. អាហារមានផ្ទុកប៊ីចេង
អ្នកដែលមានប្រតិកម្មជាមួយប៊ីចេងអាចនឹងជួបប្រទះអាការៈញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ភ្លាមៗក្រោយទទួលទានអាហារមានផ្ទុកសារធាតុនេះ។ ក្រៅពីបង្កអាការៈញ័រទ្រូង ការទទួលទានប៊ីចេងច្រើនក៏បង្កបញ្ហាបែកញើសហួសប្រមាណ ស្ពឹកតឹងផ្ទៃមុខ ក្ដៅភាយៗ ចង្អោរចង់ក្អួត និងអស់កម្លាំងផងដែរ។
៥. របបអាហារសម្រកទម្ងន់លឿន
ប្រសិនបើអ្នកកំពុងជួបប្រទះអាការៈចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី ចូរកុំជ្រើសរើសរបបអាហារសម្រកទម្ងន់ ក៏ព្រោះវាអាចបណ្ដាលឱ្យកើតមានអាការៈញ័រទ្រូងបាន។ របបអាហារមានជាតិប្រូតេអ៊ីន ឬជាតិខ្លាញ់ខ្ពស់អាចបង្កផលប៉ះពាល់ដល់អេឡិចត្រូលីត្រក្នុងរាងកាយ។ ជាលទ្ធផលធ្វើឱ្យមានភាពប្រែប្រួលខុសប្រក្រតីក្នុងប្រព័ន្ធបេះដូង។
៦. ឱសថរុក្ខជាតិ
មានប្រភេទនៃឱសថរុក្ខជាតិមួយចំនួនអាចបណ្ដាលឱ្យចង្វាក់បេះដូងលោតខុសប្រក្រតីនៅពេលទទួល
ទានច្រើន។ ឧទាហរណ៍ដូចជា ឱសថរុក្ខជាតិ ephedra (អេហ្វេដ្រា) ដែលត្រូវបានច្រើនជាទូទៅសម្រាប់ព្យាបាលជំងឺផ្ដាសាយ និងរោគសញ្ញានៃប្រតិកម្មអាឡែកស៊ី។ នៅពេលទទួលទានច្រើនអេហ្វេដ្រាអាចបណ្ដាលឱ្យបេះដូងលោតញាប់ និងឡើងសម្ពាធឈាមដែលជាលទ្ធផលនៃជំងឺដាច់សសៃ
ឈាមខួរក្បាល និងគាំងបេះដូងគម្រាមកំហែងដល់អាយុជីវិតគួរឱ្យព្រួយបារម្ភ។
ចំណុចគួរកត់សម្គាល់ ៖ អ្នកមិនគួរមើលរំលងបញ្ហាបេះដូងលោតញាប់ឡើយ ហើយក៏កុំស្ទាក់ស្ទើរនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើបញ្ហានេះកើតឡើងញឹកញាប់ដោយមានអមមកជាមួយនូវអាការៈមួយចំនួនទៀតដូចជាឈឺចាប់តឹងក្នុងទ្រូង ពិបាកដកដង្ហើម វិលមុខ និងរកកល់ចង់សន្លប់៕