អ្វីដែលអ្នកទទួលទានអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមបញ្ចូលទាំងសន្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយទើបការជ្រើសរើសអាហារបានត្រឹមត្រូវនឹងជួយឱ្យអ្នក
ជៀសផុតពីហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ។ ថាតើអាហារប្រភេទណាខ្លះទៅដែលអាចបង្កអាការៈ
ឈឺសន្លាក់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកមិនគួរទទួលទានច្រើនដើម្បីទប់ស្កាត់បញ្ហាឈឺចាប់សន្លាក់ ៖
១. ទឹកដោះគោនិងផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
បើទោះជាអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំនិងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងក៏ដោយ ក៏ប៉ុន្តែផលិតផលអាហារទាំងនេះអាចបង្កការរលាកដល់ជាលិកាទន់ៗនៃសន្លាក់។ ដូច្នេះប្រសិនបើសន្លាក់របស់អ្នកតែងឈឺចាប់ រលាក និងឡើងរឹងជាប្រចាំនោះ ចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានអាហារផ្សំឡើងពីទឹកដោះគោសិន។
២. សាច់ក្រហម
នោះក៏ព្រោះតែសាច់ក្រហមមានផ្ទុកសម្បូរទៅដោយអាស៊ីត arachindonic ដែលបង្កើនកម្រិតនៃការរលាកនិងការឈឺចាប់សន្លាក់។ ដូច្នេះដើម្បីជាការប្រសើរចូរកាត់បន្ថយ ឬទទួលទានសាច់ក្រហមក្នុងកម្រិតមធ្យម។
៣. អាហារប្រៃ
ការទទួលទានអាហារប្រៃច្រើនមិនត្រឹមតែផ្ដល់ផលប៉ះពាល់ដល់សុខភាពបេះដូងនិងសម្ពាធឈាម
ប៉ុណ្ណោទេ ប៉ុន្តែក៏ជះឥទ្ធិពលលើសន្លាក់បង្កការឈឺចាប់ផងដែរ។ នោះក៏ព្រោះតែសូដ្យូមប្រមូលផ្ដុំសារធាតុរាវ ឬជាតិទឹកក្នុងសន្លាក់ដែលនាំឱ្យសន្លាក់ងាយនឹងហើម ហើយឈឺចាប់។
៤. ស៊ុត
ការទទួលទានស៊ុតច្រើនពេកក៏អាចបង្កបញ្ហាហើមនិងឈឺសន្លាក់ផងដែរ។ នោះក៏ព្រោះតែផ្នែកពណ៌
លឿងនៃស៊ុតមានផ្ទុកអាស៊ីត arachidonic។ ទោះជាយ៉ាងណាមិនមែនមានន័យថា អ្នកត្រូវដកស៊ុតចេញពីរបបអាហរប្រចាំថ្ងៃតែម្ដងឡើយ ប៉ុន្តែគួរទទួលទានក្នុងកម្រិតមធ្យម។
៥. អាហារនិងភេសជ្ជៈផ្អែម
ការទទួលទានអាហារនិងភេសជ្ជៈផ្អែមច្រើនពេកក៏អាចបង្កបញ្ហាឈឺសន្លាក់ផងដែរ។ នោះក៏ព្រោះតែជាតិស្ករអាចបណ្ដាលឱ្យការរលាកកើតមានឡើង។
៦. អាហារចៀនបំពងគ្រប់ប្រភេទ
អាហារប្រភេទនេះមានផ្ទុកជាតិខ្លាញ់ច្រើនដែលអាចបង្កការរលាកគួរឱ្យកត់សម្គាល់។ ការរលាកនេះហើយដែលនាំឱ្យសន្លាក់ប្រែជាឈឺចាប់។
៧. អាហារកែច្នៃ
អាហារកែច្នៃភាគច្រើនមានផ្ទុកសម្បូរទៅដោយសារធាតុគីមី ជាតិសូដ្យូម និងស្ករខ្ពស់ដែលអាចបង្កការរលាកក្នុងសន្លាក់នាំឱ្យឈឺចាប់បានយ៉ាងងាយ។
៨. គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងអាចបង្កបញ្ហាសុខភាពជាច្រើនក្នុងនោះរួមបញ្ចូលទាំងការឈឺចាប់សន្លាក់។
នោះក៏ព្រោះតែគ្រឿងស្រវឹងមានផ្ទុកជាតិពុលដែលអាចបង្កការរលាកក្នុងសន្លាក់និងធ្វើឱ្យសន្លាក់ស្ងួតផងដែរតាមរយៈលក្ខណៈសម្បត្តិបញ្ចុះទឹកនោម។ អ្នកដែលមានបញ្ហាសន្លាក់មិនគួរទទួលទានគ្រឿងស្រវឹងឡើយទោះក្នុងកម្រិតមធ្យមក៏ដោយ៕