តើអ្នកកំពុងតែឆ្ងល់ថាខ្លួនឯងកំពុងតែឈានទៅរកការរ៉ាំងរដូវឬអត់មែនទេ? និយាយដល់រឿងនេះ សម្រាប់អាយុនៃការរាំងរដូវជាមធ្យមគឺ ៥១ឆ្នាំ។ ប៉ុន្តែស្រ្តីខ្លះអាចនឹងឈានដល់ការរ៉ាំងរដូវលឿនជាងនេះ និងយូរជាងនេះក៏មានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ការឡើងចុះរបស់អ័រម៉ូនដែលទាក់ទងនឹងការរ៉ាំងរដូវអាចនឹងចាប់ផ្តើមកើតមាននៅអាយុ ៣៥ឆ្នាំ ដូច្នេះស្រ្តេសជាច្រើនអាចនឹងមានអាការៈរបស់វាមុនពេលកើតមាន ក្នុងពេល និងក្រោយពេលរ៉ាំងរដូវដែរ។
ដូច្នេះតើអ្វីទៅជាអាការៈនៃការប្រែប្រួលអ័រម៉ូនក្នុងពេលរ៉ាំងរដូវទៅ?
Hot Flashes
នេះគឺជាអាការៈនៃការរាំងរដូវញឹកញាប់ជាងគេបំផុត។ វាគឺជាអារម្មណ៍នៃការក្តៅក្នុងខ្លួនខ្លាំងភ្លាមៗតែម្តង។ វាអាចមានរយៈពេលយូរបំផុតពីរបីវិនាទីរហូតដល់ពីរបីម៉ោង ដែលគ្រប់គ្រាន់នឹងធ្វើឲ្យស្រ្តីពិបាកនឹងទ្រាំទ្រខ្លាំងណាស់។
បែកញើសពេលយប់
ការបែបញើសពេលយប់មានលក្ខណៈដូចគ្នានឹង Hot Flushes ដែរ គឺពិបាកទ្រាំណាស់។ រឿងនេះច្រើនតែកើតមានជាញឹកញាប់ក្នុងពេលស្រ្តីរាំងរដូវ។ ការបែកញើសនេះដែរក៏គ្រប់គ្រាន់នឹងធ្វើឲ្យពួកគាត់មានភាពអៀនខ្មាស់លើភាពធំក្លិនខ្លួនទៀតផង។
រដូវមិនទៀង
ក្រពេញអូវ៉ែជាអ្នកផលិតអ័រម៉ូនអេស្ត្រូជែន និងប្រូជេស្តេរ៉ូន ដែលអាចមានភាពឡើងចុះៗច្រើន។ ដូច្នេះរាល់វដ្តរដូវមួយចំនួនអាចនឹងផលិតមេជីវិតញីដើម្បីជ្រុះអូវ៉ុល តែខ្លះទៀតប្រហែលជាមិនអាចផលិតមេជីវិតញីបាន ហើយក៏មិនអាចធ្វើឲ្យជ្រុះអូវ៉ុលបានដែរ។ ករណីបែបនេះហើយទើបធ្វើឲ្យរដូវមកមិនទៀត និងខ្លះអាចមានរយៈពេលយូរៗ និងមករដូវច្រើនៗ ព្រមទាំងខ្លះទៀតមករដូវតិចៗក៏មានដែរ។
អារម្មណ៍មិនល្អ
ការបាក់ទឹកចិត្ត ថប់អារម្មណ៍ និងភាពរីករាយមិនអាចទាយទុកមុនបានឡើយក្នុងពេលរ៉ាំងរដូវ។ រឿងនេះអាចធ្វើឲ្យស្រ្តីខ្លះឆេវឆាវ និងអារម្មណ៍មិនល្អ។ ស្រ្តីជាច្រើនតែងតែត្អូញត្អែរថា ពួកគេមិនមានអារម្មណ៍ថាចូលចិត្តខ្លួនឯងឡើយ ព្រមទាំងមានអារម្មណ៍ថាអស់សង្ឃឹមក្នុងជីវិតជាញឹកញាប់។
ខ្សោយចំណង់ផ្លូវភេទ
ស្រ្តីរ៉ាំងរដូវភាគច្រើនតែងរអ៊ូអំពីការខ្សោយចំណង់ផ្លូវភេទតែម្តង។ ការរួមភេទក៏ប្រហែលជាមានការឈឺចាប់ខ្លាំងដែរដោយសារតែបម្រែបម្រួលអ័រម៉ូនដែលនាំឲ្យទ្វារមាសស្ងួត។
មានអាការៈនៅផ្លូវទឹកម៉ូត្រ
ករណីបែបនេះអាចនឹងធ្វើឲ្យស្រ្តីនោមញឹក និងចេះតែចង់នោមភ្លាមៗ។
គេងមិនលក់
ស្រ្តីក្នុងពេលរាំងរដូវតែងមានបញ្ហាគេងមិនលក់ ឬពិបាកក្នុងការគេង ជាពិសេសពេលយប់តែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនស្រ្តីគ្រប់គ្នាក្នុងពេលរ៉ាំងរដូវសុទ្ធតែមានអាការៈគេងមិនលក់ទាំងអស់នោះទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សរុបសេចក្តីមក បើសិនជាអ្នកកំពុងតែមានអាការៈនៃការរ៉ាំងរដូវដែលរំខានដល់ជីវិតរស់នៅខ្លាំង យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីវាយតម្លៃ និងពិភាក្សាទៅលើជម្រើសនៃការព្យាបាលផងទៅ។ នៅពេលអ្នករ៉ាំងរដូវ មិនមែនមានន័យថា អ្នកមិនអាចផលិតអ័រម៉ូនភេទទៀតនោះទេ គ្រាន់តែផលិតតិចប៉ុណ្ណោះ ប៉ុន្តែនេះគឺជាច្បាប់ធម្មជាតិ៕