ល្ហុងជាផ្លែឈើហូបផ្លែមួយប្រភេទដែលអាចទទួលទានបានទាំងនៅពេលខ្ចីនិងទុំ ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើទោះជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះសុខភាពជួយទប់ស្កាត់ជំងឺឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីមូលហេតុដែលអ្នកគួរទទួលទាន ឬរួមបញ្ចូលផ្លែល្ហុងក្នុងរបបអាហារ ៖
១. កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល
នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមនិងសារធាតុ
flavonoids ដែលជួយទប់ស្កាត់កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់និងជំងឺដាច់សសៃឈាមក្នុងខួរក្បាលបានយ៉ាងប្រសើរ។
២. សុខភាពស្បែក
ជាប្រភពនៃវីតាមីន A និងអង់ស៊ីម papain ដែលជួយបំបែកប្រូតេអ៊ីនអសកម្ម ព្រមទាំងកម្ចាត់កោសិកាស្បែកងាប់ៗចេញ។
៣. ទប់ស្កាត់ជំងឺមហារីក
ល្ហុងក៏មានប្រសិទ្ធិភាពជួយទប់ស្កាត់ជំងឺមហារីកផងដែរ ជាពិសេសជំងឺមហារីកពោះវៀនធំ។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកបរិមាណដ៏ខ្ពស់នៃជាតិសសៃនិងសារធាតុ lycopene។ ជាតិសសៃរារាំងជាតិពុលដែលបង្កជំងឺមហារីកពីកោសិកាពោះវៀនធំដែលមានសុខភាពល្អ ដូច្នេះវាជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៤. សុខភាពបេះដូង
ផ្លែល្ហុង គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ដូចជា lycopene និង beta-carotene។ សារធាតុទាំងនេះធ្វើការរួមគ្នាដើម្បីការពារការស្រូបយកអុកស៊ីហ្សែននៃកូឡេស្តេរ៉ូលក្នុងប្រព័ន្ធសសៃឈាមបេះដូង។ ទឹកផ្លែល្ហុងស្រស់ត្រឹមមួយកែវ គឺមានផ្ទុកនូវកម្រិតនៃវីតាមីន B ខ្ពស់ ដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃ homocysteine ក្នុងលំហូរឈាម។ កម្រិតខ្ពស់នៃ homocysteine អាចបំផ្លាញសសៃឈាម និងបង្កើនហានិភ័យនៃជំងឺបេះដូង។ ទឹកផ្លែឈើនេះ ក៏ជាប្រភពដ៏ល្អនៃវីតាមីន C និងវីតាមីន E ដែលការពារសុខភាពរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង និងជួយរក្សាសុខភាពសសៃឈាមបេះដូងផងដែរ។
៥. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល
ផ្លែល្ហុងអាចជួយក្នុងការគ្រប់គ្រងមូលហេតុចម្បងបំផុតនៃជំងឺបេះដូងនោះ គឺកូឡេស្តេរ៉ូល។ ការទទួលទានផ្លែល្ហុង គឺអាចកាត់បន្ថយការប្រមូលផ្ដុំកូឡេស្តេរ៉ូលក្នុងរាងកាយ។ នេះគឺដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន C ពីផ្លែល្ហុង វាមិនអនុញ្ញាតអោយកូឡេស្តេរ៉ូលប្រមូលផ្ដុំក្នុងរាងកាយ។
៦. ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ
នោះក៏ព្រោះតែផ្លែល្ហុងមានផ្ទុកសារធាតុ chymopapain និង papain ដែលជួយបំបែករំលាយប្រូតេអ៊ីនកាត់បន្ថយការរលាកផ្សេងៗក្នុងរាងកាយ។
៧. ពង្រឹងប្រព័ន្ធភាពស៊ាំ
ល្ហុងក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។
៨. សុខភាពប្រព័ន្ធរំលាយអាហារ
នោះក៏ព្រោះតែល្ហុងមានផ្ទុកសម្បូរទៅដោយជាតិសសៃ វីតាមីន C សារធាតុ folate និង beta-carotene៕